Thursday, December 13, 2012

កវី​និពន្ធ វ៉ោយ ហូរ បង្ហាញ​មុខ​ក្រោយ​ពី​លាក់​អត្ត​សញ្ញាណ​ប្រមាណ​៣០ឆ្នាំ​


121227_20a
លោក វ៉ោយ ហូរ ដែល​ដៅ​មុខ​វៀច​មួយ​ចំហៀង អង្គុយ​ជា​មួយ​ភរិយា និង​កូន​ប្រុស​នៅ​ក្នុង​ផ្ទះ​នៅ​បាត់​ដំបង​។ រូបថត ស៊ូ វុទ្ធី
ភ្នំពេញ : ដើម្បី​កុំ​ឲ្យ​គេ​គិត​ថា​លោក​គឺជា​តា​ព្រលិត​ជួស​ជុល​ម៉ាញ៉េ​ទៀត​កវី​ដៅ​មុខ​មួយ​ចំហៀង​លោក វ៉ោយ ហូរ បាន​លើក​ឡើង​ថា​៖​«ពេល​នេះ​ខ្ញុំ​មាន​បទ​ចម្រៀង​សរសេរ​ប៉ារ៉ូល​ថ្មី​ចំនួន​១០០​បទ​ទុក​ជា​ចំណង​ដៃ​បញ្ជាក់​ថា ខ្ញុំ​នេះ​ពិត​ជា​កវី​ប្រភព​វោហា វ៉ោយ ហូរ ពិត​មែន​នោះ​»។
គេ​នៅ​ចាំ​បាន​ថា កវី​និពន្ធ​ជំនាន់​ចន្លោះ​ទសវត្សរ៍​ឆ្នាំ១៩៦០-១៩៧០​រូប​នេះ​សម្បូរ​ទៅ​ដោយ​មនោស​ញ្ចេតនា​លន្លង់​លន្លោច​ស្រមើ​ស្រមៃ​ទៅ​តាម​ធម្មជាតិ​។​កវី​និពន្ធ​ជំនាន់​នោះ​គេ​បាន​ស្គាល់​ដូច​ជា​លោក គង់ ប៊ុនឈឿន ដែល​មាន​រហ័ស​នាម​ថា កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​ម៉ាឡាពី លោក ស្វាយ សំអឿ និង​កវី​ប្រភព​វោហា វ៉ោយ ហូរ ជាដើម​។ ក្នុង​ចំណោម​អ្នក​និពន្ធ​ទាំង​នោះ​អ្នក​និពន្ធ​ដែល​សម្បូរ​គំនិត​បែប​មនោស​ញ្ចេតនា​និយម​ជាប់​រណ្តំ​ពាក្យ​ពេចន៍​ហូរ​ដូច​ទឹក​នោះ​មាន​តែ​លោក វ៉ោយ ហូរ ម្នាក់​គត់ ដែល​ទទួល​បាន​ងារ​ជា​កវី​ប្រភព​វោហាសាស្ត្រ​មិន​ចេះ​រីង​ស្ងួត​និង​សរសេរ​បទ​ចម្រៀង​បាន​ច្រើន​ជាង​គេ​បង្អស់​ហើយ​បទ​ចម្រៀង​របស់​គាត់​ភាគ​ច្រើន​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ីសាមុត​និង​អ្នកស្រី​រស់ សេរីសុទ្ធា​។
ប៉ុន្តែ​ជា​អកុសល្យ​ក្រោយ​សម័យ​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​លោក វ៉ោយ ហូរ ក៏ដូច​ជា​អ្នក​និពន្ធ​និង​អ្នក​ចម្រៀង​លោក ស៊ិន ស៊ីសាមុត អ្នក​នាង​រស់ សេរីសុទ្ធា សុទ្ធ​តែ​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ស្លាប់​នៅ​ក្នុង​របប​ប៉ុល​ពត​អស់​ហើយ​សូម្បី​តែ​ក្មួយ​របស់​លោក វ៉ោយ ហូរ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ក៏​ធ្លាប់​អះ​អាង​ថា លោក វ៉ោយ ហូរ បាន​ស្លាប់​បាត់​ដែរ។
ស្រាប់​តែ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១២​នេះ​ក៏​បាន​ផ្ទុះ​ឡើង​នូវ​វត្តមាន​បុរស​វ័យ​ចំណាស់​ម្នាក់​មាន​មុខ​ដៅ​មួយ​ចំហៀង ហើយ​បាន​អះអាង​ថា​លោក​ជា កវី ប្រភព​វោហា វ៉ោយ ហូរ ដែល​លោក​ទើប​តែ​ប្រែ​ជា​ដៅ​មុខ​មួយ​ចំហៀង​កាល​ពី​ឆ្នាំ​១៩៩៧​ខណៈ​ដែល​លោក​ងងឹត​ភ្នែក​ហើយ​ឲ្យ​ពេទ្យ​បក​ភ្នែក​ក៏​ប្រែ​ទៅ​ជា​យ៉ាង​នេះ​តែ​ម្តង​គឺ​ជាំ​មុខ​និង​វៀច​មុខ​មួយ​ចំហៀង​ដល់​ថ្នាក់​បាត់​បង់​ទម្រង់​មុខ​ដើម​តែ​ម្តង។​ប៉ុន្តែ​ការ​អះ​អាង​ថា ខ្លួន​ជា​កំពូល​កវី​និពន្ធ​នេះ មាន​មតិ​ជា​ច្រើន​បញ្ជាក់​ថា នោះ​ជា​ការ​បន្លំ​ខ្លួន​ដើម្បី​ផល​ប្រយោជន៍​ការ​ពិត​គាត់​គ្រាន់​តែ​ជា​ជាង​ជួស​ជុល​គ្រឿង​ម៉ាញ៉េ​ឈ្មោះ​ថា តា​ព្រលិត ខណៈ​ដែល​មុន​នេះ​គេ​ជឿ​ថា កវី វ៉ោយ ហូរ ពិត​ប្រាកដ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ក្នុង​របប​ប៉ុល ពត​នោះ​។
ដើម្បី​បញ្ជាក់​ពី​ភាព​ចម្រូង​ចម្រាស​នេះ បុរស​មុខ​ជាំ​មួយ​ចំហៀង​ដែល​អះអាង​ថា​លោក​ជា​កវី​វ៉ោយ ហូរ នោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្នុង​ជំនួប​ផ្ទាល់​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ក្នុង​ភូមិ​អូរតាគាំពីរ សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង​ថា៖​«ខ្ញុំ​ចំណាស់​នេះ​ទៅ​ហើយ​អាយុ​៧៩ឆ្នាំ​ហើយ​ទៅ​និយាយ​កុហក​យក​ឈ្មោះ​គេ​(​វ៉ោយ ហូរ)​ទៅ​ប្រើ​តើ​បាន​ប្រយោជន៍​អី?»។ កវី​រូប​នេះ​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​កវី​និពន្ធ​មួយ​ចំនួន​ថា៖​«ការ​ពិត​ខ្ញុំ​នេះ​លោក វ៉ោយ ហូរ ម្ចាស់​ស្នាដៃ​បទ​ចម្រៀង​រាប់​រយ​បទ​ដែល​តែង​និពន្ធ​ឲ្យ​លោក​ស៊ីន ស៊ីសាមុត និង​អ្នក​នាង​រស់ សេរីសុទ្ធា​ច្រៀង​កាល​ពី​សម័យ​មុន​នោះ»។
លោក​បាន​បញ្ជាក់​ថា៖​«​បើ​ទោះ​ជា​ដឹង​ថា​បទ​ចម្រៀង​ខ្ញុំ​នៅ​តែ​មាន​ការ​គាំទ្រ​តែ​ខ្ញុំ​នេះ​មិន​ដែល​នឹក​ស្រមៃ​ចង់​ទៅ​អួត​ប្រាប់​គេ​ថា​ខ្ញុំ​នេះ​លោក​វ៉ោយ ហូរ នៅ​រស់​នោះ​ទេ! តែ​អ្វី​ដែល​ខ្ញុំ​ចេញ​មុខ​នេះ​ក៏​ព្រោះ​តែ​មាន​ការ​ជំរុញ​ពីបង​ប្អូន​និង​មិត្ត​ភក្តិ​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា​ខ្ញុំ​នេះ​គឺ វ៉ោយ ហូរ គេ​សួរ​ថា ម៉េច​ក៏​ខ្ញុំ​មិន​ចេញ​មុខ​ឲ្យ​គេ​បាន​ដឹង​ថា​កវី​ប្រភព​វោហា វ៉ោយ ហូរ នៅ​រស់​?»។
ឆ្លើយ​តប​នឹង​ការ​ចោទ​សំណួរ​របស់​មហា​ជន​មួយ​ចំនួន​ថា ហេតុ​អ្វី​ប្រមាណ​៣០​ឆ្នាំ​ហើយ​លោក​មិន​ចេញ​មុខ​នោះ លោក វ៉ោយ ហូរ បាន​និយាយ​ថា៖
«​មាន​គេ​លើក​ឡើង​ថា​ខ្ញុំ​នេះ​ម៉េច​ក៏​៣០​ឆ្នាំ​ហើយ​មិន​ចេញ​មុខ​ទើប​តែ​ពេល​នេះ​បាន​ចេញ​ចង់​រក​លាភ​សក្ការៈ និង​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​សូម​ប្រាប់​ថា​អ្នក​គិត​នោះ​ផ្ទុយ​ឆ្ងាយ​ពី​ចិត្ត​ខ្ញុំ​ដូច​មេឃ​និង​ដី​ខ្ញុំ​សម្រេច​ចេញ​មុខ​នេះ​ដូច​ខ្ញុំ​និយាយ​ខាង​លើ​អ៊ីចឹង​គឺ​មិន​ចង់​ទេ​តែ​ដោយ​មាន​ការ​ជំរុញ ហើយ​ក៏​មិន​នឹក​ថា​ខ្ញុំ​ចេញ​មុខ​ហើយ​មាន​គេ​និយាយ​ថា​ខ្ញុំ​នេះ​ជា​វ៉ោយ ហូរ ក្លែង​ក្លាយ​។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា​មាន​គេ​និយាយ​ថា​ខ្ញុំ​នេះ​មិន​មែន​ជា​លោក វ៉ោយ ហូរ ដែរ ព្រោះ​ថា​មុខ​មាត់​ខ្ញុំ​ពេល​នេះ​មិន​ដូច​កវី​ប្រភព​វោហា​វ៉ោយ ហូរ មុន​ទសវត្សរ៍​ឆ្នាំ​៧០​ដែល​បង​ប្អូន​បាន​ស្គាល់​នោះ​ទេ»​។
កវី​ដែល​ល្បី​ថា​មាន​ប្រពន្ធ​មិន​ក្រោម​១០​នាក់​ហើយ​ពេល​នេះ​កំពុង​រួម​រស់​ជា​មួយ​ប្រពន្ធ​វ័យ​ទើប​ជាង​៥០​ឆ្នាំ​រូប​នេះ​ក៏​បាន​អះអាង​ឲ្យ​ដឹង​ថា៖​«​ពេល​នេះ​ខ្ញុំ​វ៉ោយ ហូរ អ្នក​និពន្ធ​ជើង​ចាស់​ដែល​និពន្ធ​បទ​ចម្រៀង​បាន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អ្នក​និពន្ធ​សម័យ​មុន​ពេល​នេះ​ខ្ញុំ​បាន​សរសេរ​បទ​ចម្រៀង​ក៏​មិន​ក្រោម​១០០​បទ​ដែរ​ហើយ​ក៏​កំពុង​បណ្តុះ​បណ្តាល​អ្នក​ជំនាន់​ថ្មី​បន្ត​ដែរ​»។
លោក​ក៏​បញ្ជាក់​ថា​លោក​និពន្ធ​និង​បណ្តុះ​បណ្តាល​ដល់​អ្នក​ជំនាន់​បន្ត​នេះ​លោក​មិន​បាន​ទាម​ទារ​ប្រាក់​កម្រៃ​ទេ តែ​ការ​ខិត​ខំ​ពេល​នេះ​គឺទី១​បន្ត​អភិរក្ស​និង​អភិវឌ្ឍន៍​សិល្បៈ​ស្នាដៃ​សម័យ​មុន​ហើយ​ម្យ៉ាង​ដើម្បី​ជំនះ​ថា​លោក​ពិត​ជា​កវី​វ៉ោយ ហូរ ប្រាកដ​មែន​៕