កវីនិពន្ធ វ៉ោយ ហូរ បង្ហាញមុខក្រោយពីលាក់អត្តសញ្ញាណប្រមាណ៣០ឆ្នាំ
ភ្នំពេញ : ដើម្បីកុំឲ្យគេគិតថាលោកគឺជាតាព្រលិតជួសជុលម៉ាញ៉េទៀតកវីដៅមុខមួយចំហៀងលោក វ៉ោយ ហូរ បានលើកឡើងថា៖«ពេលនេះខ្ញុំមានបទចម្រៀងសរសេរប៉ារ៉ូលថ្មីចំនួន១០០បទទុកជាចំណងដៃបញ្ជាក់ថា ខ្ញុំនេះពិតជាកវីប្រភពវោហា វ៉ោយ ហូរ ពិតមែននោះ»។
គេនៅចាំបានថា កវីនិពន្ធជំនាន់ចន្លោះទសវត្សរ៍ឆ្នាំ១៩៦០-១៩៧០រូបនេះសម្បូរទៅដោយមនោសញ្ចេតនាលន្លង់លន្លោចស្រមើស្រមៃទៅតាមធម្មជាតិ។កវីនិពន្ធជំនាន់នោះគេបានស្គាល់ដូចជាលោក គង់ ប៊ុនឈឿន ដែលមានរហ័សនាមថា កវីម្ចាស់ស្ទឹងសង្កែ លោកម៉ាឡាពី លោក ស្វាយ សំអឿ និងកវីប្រភពវោហា វ៉ោយ ហូរ ជាដើម។ ក្នុងចំណោមអ្នកនិពន្ធទាំងនោះអ្នកនិពន្ធដែលសម្បូរគំនិតបែបមនោសញ្ចេតនានិយមជាប់រណ្តំពាក្យពេចន៍ហូរដូចទឹកនោះមានតែលោក វ៉ោយ ហូរ ម្នាក់គត់ ដែលទទួលបានងារជាកវីប្រភពវោហាសាស្ត្រមិនចេះរីងស្ងួតនិងសរសេរបទចម្រៀងបានច្រើនជាងគេបង្អស់ហើយបទចម្រៀងរបស់គាត់ភាគច្រើនច្រៀងដោយអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុតនិងអ្នកស្រីរស់ សេរីសុទ្ធា។
ប៉ុន្តែជាអកុសល្យក្រោយសម័យប្រល័យពូជសាសន៍ប៉ុលពតលោក វ៉ោយ ហូរ ក៏ដូចជាអ្នកនិពន្ធនិងអ្នកចម្រៀងលោក ស៊ិន ស៊ីសាមុត អ្នកនាងរស់ សេរីសុទ្ធា សុទ្ធតែត្រូវបានគេអះអាងថាបានស្លាប់នៅក្នុងរបបប៉ុលពតអស់ហើយសូម្បីតែក្មួយរបស់លោក វ៉ោយ ហូរ ដែលរស់នៅសហរដ្ឋអាមេរិកក៏ធ្លាប់អះអាងថា លោក វ៉ោយ ហូរ បានស្លាប់បាត់ដែរ។
ស្រាប់តែនៅពាក់កណ្តាលឆ្នាំ២០១២នេះក៏បានផ្ទុះឡើងនូវវត្តមានបុរសវ័យចំណាស់ម្នាក់មានមុខដៅមួយចំហៀង ហើយបានអះអាងថាលោកជា កវី ប្រភពវោហា វ៉ោយ ហូរ ដែលលោកទើបតែប្រែជាដៅមុខមួយចំហៀងកាលពីឆ្នាំ១៩៩៧ខណៈដែលលោកងងឹតភ្នែកហើយឲ្យពេទ្យបកភ្នែកក៏ប្រែទៅជាយ៉ាងនេះតែម្តងគឺជាំមុខនិងវៀចមុខមួយចំហៀងដល់ថ្នាក់បាត់បង់ទម្រង់មុខដើមតែម្តង។ប៉ុន្តែការអះអាងថា ខ្លួនជាកំពូលកវីនិពន្ធនេះ មានមតិជាច្រើនបញ្ជាក់ថា នោះជាការបន្លំខ្លួនដើម្បីផលប្រយោជន៍ការពិតគាត់គ្រាន់តែជាជាងជួសជុលគ្រឿងម៉ាញ៉េឈ្មោះថា តាព្រលិត ខណៈដែលមុននេះគេជឿថា កវី វ៉ោយ ហូរ ពិតប្រាកដបានស្លាប់បាត់ទៅហើយក្នុងរបបប៉ុល ពតនោះ។
ដើម្បីបញ្ជាក់ពីភាពចម្រូងចម្រាសនេះ បុរសមុខជាំមួយចំហៀងដែលអះអាងថាលោកជាកវីវ៉ោយ ហូរ នោះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្នុងជំនួបផ្ទាល់នៅក្នុងគេហដ្ឋានរបស់លោកស្ថិតនៅក្នុងភូមិអូរតាគាំពីរ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងថា៖«ខ្ញុំចំណាស់នេះទៅហើយអាយុ៧៩ឆ្នាំហើយទៅនិយាយកុហកយកឈ្មោះគេ(វ៉ោយ ហូរ)ទៅប្រើតើបានប្រយោជន៍អី?»។ កវីរូបនេះបានបញ្ជាក់នៅចំពោះមុខកវីនិពន្ធមួយចំនួនថា៖«ការពិតខ្ញុំនេះលោក វ៉ោយ ហូរ ម្ចាស់ស្នាដៃបទចម្រៀងរាប់រយបទដែលតែងនិពន្ធឲ្យលោកស៊ីន ស៊ីសាមុត និងអ្នកនាងរស់ សេរីសុទ្ធាច្រៀងកាលពីសម័យមុននោះ»។
លោកបានបញ្ជាក់ថា៖«បើទោះជាដឹងថាបទចម្រៀងខ្ញុំនៅតែមានការគាំទ្រតែខ្ញុំនេះមិនដែលនឹកស្រមៃចង់ទៅអួតប្រាប់គេថាខ្ញុំនេះលោកវ៉ោយ ហូរ នៅរស់នោះទេ! តែអ្វីដែលខ្ញុំចេញមុខនេះក៏ព្រោះតែមានការជំរុញពីបងប្អូននិងមិត្តភក្តិមួយចំនួនដែលគេស្គាល់ថាខ្ញុំនេះគឺ វ៉ោយ ហូរ គេសួរថា ម៉េចក៏ខ្ញុំមិនចេញមុខឲ្យគេបានដឹងថាកវីប្រភពវោហា វ៉ោយ ហូរ នៅរស់?»។
ឆ្លើយតបនឹងការចោទសំណួររបស់មហាជនមួយចំនួនថា ហេតុអ្វីប្រមាណ៣០ឆ្នាំហើយលោកមិនចេញមុខនោះ លោក វ៉ោយ ហូរ បាននិយាយថា៖
«មានគេលើកឡើងថាខ្ញុំនេះម៉េចក៏៣០ឆ្នាំហើយមិនចេញមុខទើបតែពេលនេះបានចេញចង់រកលាភសក្ការៈ និងចង់បានកេរ្តិ៍ឈ្មោះខ្ញុំសូមប្រាប់ថាអ្នកគិតនោះផ្ទុយឆ្ងាយពីចិត្តខ្ញុំដូចមេឃនិងដីខ្ញុំសម្រេចចេញមុខនេះដូចខ្ញុំនិយាយខាងលើអ៊ីចឹងគឺមិនចង់ទេតែដោយមានការជំរុញ ហើយក៏មិននឹកថាខ្ញុំចេញមុខហើយមានគេនិយាយថាខ្ញុំនេះជាវ៉ោយ ហូរ ក្លែងក្លាយ។ ខ្ញុំក៏ដឹងដែរថាមានគេនិយាយថាខ្ញុំនេះមិនមែនជាលោក វ៉ោយ ហូរ ដែរ ព្រោះថាមុខមាត់ខ្ញុំពេលនេះមិនដូចកវីប្រភពវោហាវ៉ោយ ហូរ មុនទសវត្សរ៍ឆ្នាំ៧០ដែលបងប្អូនបានស្គាល់នោះទេ»។
កវីដែលល្បីថាមានប្រពន្ធមិនក្រោម១០នាក់ហើយពេលនេះកំពុងរួមរស់ជាមួយប្រពន្ធវ័យទើបជាង៥០ឆ្នាំរូបនេះក៏បានអះអាងឲ្យដឹងថា៖«ពេលនេះខ្ញុំវ៉ោយ ហូរ អ្នកនិពន្ធជើងចាស់ដែលនិពន្ធបទចម្រៀងបានច្រើនជាងគេក្នុងចំណោមអ្នកនិពន្ធសម័យមុនពេលនេះខ្ញុំបានសរសេរបទចម្រៀងក៏មិនក្រោម១០០បទដែរហើយក៏កំពុងបណ្តុះបណ្តាលអ្នកជំនាន់ថ្មីបន្តដែរ»។
លោកក៏បញ្ជាក់ថាលោកនិពន្ធនិងបណ្តុះបណ្តាលដល់អ្នកជំនាន់បន្តនេះលោកមិនបានទាមទារប្រាក់កម្រៃទេ តែការខិតខំពេលនេះគឺទី១បន្តអភិរក្សនិងអភិវឌ្ឍន៍សិល្បៈស្នាដៃសម័យមុនហើយម្យ៉ាងដើម្បីជំនះថាលោកពិតជាកវីវ៉ោយ ហូរ ប្រាកដមែន៕