Wednesday, July 11, 2012

តុលាការ​ខេត្ត​កោះកុង​ដោះ​លែង​ជំនួយ​ការ​លោក ហ៊ុន សែន

អង្គការ​សិទ្ធិ​មនុស្ស និង​សាធារណៈ​ជន​ជា​ច្រើន បាន​រិះគន់​ចំពោះ​តុលាការ​ខេត្ត​កោះកុង ថា មិន​មាន​ភាព​ឯករាជ្យ និង​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​លុប​​បំបាត់​នូវ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​រួច​ទោស​នៅ​កម្ពុជា​ឡើយ។

សកម្មភាព​លោក ប៊ុន សុខា ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បក្ស​ពួក កំពុង​វាយ​ដំ​លើ​ជន​រងគ្រោះ នៅ​សណ្ឋាគារ​កោះកុង ស៊ីធី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១២។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ដោះលែង​យ៉ាង​តក់​ក្រហល់​ ទៅ​លើ​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ប៊ុន សុខា និង​បក្ស​ពួក​ចំនួន ២​នាក់​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា។
សាធារណជន និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សាលា​ដំបូង​ខេត្ត​កោះកុង ដែល​បាន​លាក់​បាំង​ព័ត៌មាន និង​សម្រង់​សាលក្រម​សម្រេច​ទោស​របស់​ឧត្ដម​សេនីយ៍​ផ្កាយ​ពីរ​ឈ្មោះ ប៊ុន សុខា និង​បក្ស​ពួក​២​នាក់​ឲ្យ​រួច​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២។
ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​បក្ស​ពួក ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១២ ហើយ​តុលាការ​ខេត្ត​កោះកុង បាន​ដាក់​បទ​ចោទ​ប្រើ​អាវុធ​គំរាម និង​អំពើ​ហិង្សា​ទាំង​កម្រោល​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សេង ថៃរ័ត្ន និង​សន្តិសុខ​សណ្ឋាគារ​កោះកុង​ស៊ី​ធី ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់។
មន្ត្រី​សម្រប​សម្រួល នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា លោក​បាន​ព្យាយាម​ជជីក​សួរ​ព័ត៌មាន​ជុំវិញ​ការ​ដោះលែង​ជន​ជាប់​ចោទ​ទាំង​បី​ នាក់ ទៅ​ក្រឡា​បញ្ជី​ដែល​កាន់​សំណុំ​រឿង​នេះ​ផ្ទាល់ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ឆ្លើយ​តប​អ្វី​ឡើយ។
លោក​បន្ត​ថា ចៅក្រម​ជម្រះ​ក្ដី​ហាក់​មាន​អាថ៌កំបាំង​អ្វី​មួយ ព្រោះ​ការ​ប្រកាស​ធ្វើ​ឡើង​តាំង​ពី​ព្រឹក​ព្រលឹម ហើយ​មាន​តែ​ជន​ជាប់​ចោទ​ក្នុង​ពេល​ប្រកាស​សាល​ក្រម​នោះ​ប៉ុណ្ណោះ៖ «ការ​ ដោះលែង​នេះ គឺ​សង្គម​ស៊ីវិល​មាន​ការ​សោក​ស្ដាយ នៅ​ពេល​ដែល​គាត់​ដោះលែង​នេះ បាន​ន័យ​ថា គាត់​បង្ហាញ​នូវ​ភាព​ខ្សោយ ធ្វើ​ឲ្យ​សាធារណជន​នឹង​អស់​ជំនឿ​ទុក​ចិត្ត ប្រព័ន្ធ​តុលាការ​គ្រាន់​តែ​ជា​ឧបករណ៍​អ្នក​មាន​អំណាច មិន​បាន​ជួយ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទេ»
ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​នេះ លោក នាង បូរ៉ាទីណូ មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង។ លោក​មាន​ប្រសាសន៍​ថា តាម​ច្បាប់ ការ​ប្រកាស​សាល​ក្រម​ទៅ​លើ​ករណី​អ្វី​មួយ គឺ​មិន​ត្រូវ​បាន​លាក់​បាំង និង​ប្រកាស​យ៉ាង​តក់ក្រហល់​ដូច្នេះ​ឡើយ៖ «ការ ​ដោះលែង​ដោយ​ភាព​តក់ក្រហល់​ហ្នឹង អាច​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​រឿង ដោយ​សារ​តែ​តាំង​ពី​ដំណាក់​កាល​ជម្រះ​រហូត​មក​ដល់​ដំណាក់​កាល​នៃ​ការ​ដោះលែង ​ហ្នឹង គឺ​ស្ថាប័ន​តុលាការ​ព្យាយាម​លាក់​ព័ត៌មាន​មិន​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​បាន​ដឹង​លឺ​ទេ»
លោក​បញ្ជាក់​ថា ការ​ប្រកាស​សាល​ក្រម​យ៉ាង​តក់​ក្រហល់​របស់​តុលាការ​ខេត្ត​កោះកុង នា​ពេល​នេះ អាច​រង​នូវ​សម្ពាធ​ពី​អ្នក​មាន​អំណាច ព្រោះ​ប្រធាន​ជំនុំជម្រះ​ក្ដី សម្រេច​លើក​ពេល​ប្រកាស​សាល​ក្រម ដោយ​មិន​កំណត់​ពេល​ច្បាស់​លាស់​ឡើយ។
ចៅក្រម​ជម្រះ​ក្ដី នៃ​សាលា​ដំបូង​ខេត្ត​កោះកុង លោក ហួន ម៉ានី មាន​ប្រសាសន៍​ថា តាម​អំណាច​នៃ​សាល​ក្រម គឺ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លោក ប៊ុន សុខា រយៈពេល​៣​ឆ្នាំ និង​កូន​ចៅ​២​នាក់ ក្នុង​ម្នាក់​កាត់​ឲ្យ​ជាប់​ទោស​២​ឆ្នាំ​កន្លះ ប៉ុន្តែ​អនុវត្ត​នៅ​ក្នុង​ពន្ធនាគារ​តែ​រយៈពេល ២​ខែ ១៥​ថ្ងៃ ប៉ុណ្ណោះ ហើយ​អ្នក​ទាំង​បី​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១២។
លោក ហួន ម៉ានី៖ «យើង​យក​ស្ថាន​សម្រាល​ទោស​របស់​គាត់​តាម​មាត្រា​៩៣ ដោយ​ហេតុ​ថា ជន​រង​គ្រោះ​សុំ​ដក​ពាក្យ​បណ្ដឹង​វិញ​ទាំង​អស់​សុំ​ឲ្យ​តុលាការ​បន្ធូរបន្ថយ ​ទោស​ហ្នឹង។ ទាក់​ទង​នឹង​ការ​អនុវត្ត​ក្នុង​សាល​ក្រម​របស់​គាត់ គឺ​ជា​សាលក្រម​នៅ​មាន​អនុភាព​ដដែល ពេល​ណា​ដែល​គាត់​ប្រព្រឹត្ត​បទល្មើស​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ហ្នឹង គឺ​បទ​ល្មើស​ត្រូវ​ផ្ដន្ទាទោស​ត្រូវ​បូក​អា​បី​ឆ្នាំ​នៅ​ក្នុង​សាល​ក្រម​ ហ្នឹង ជា​មួយ​ផង ព្រោះ​អា​ហ្នឹង​ច្បាប់​សាកល្បង​៥​ឆ្នាំ»
ក្រុម​អ្នក​ច្បាប់​ជា​ច្រើន​បាន​ពន្យល់​ថា ព្រះរាជអាជ្ញា​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍ បើ​ទោះបី​ជា​ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នៅ​ក្នុង​សំណុំ​រឿង​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ព្រះរាជអាជ្ញា​សម្រេច​មិន​ប្ដឹង​ឧទ្ធរណ៍ ដោយ​ចាត់​ទុក​សាល​ក្រម​របស់​ចៅក្រម​ជំនុំជម្រះ​ជា​បាន​ការ។
មេធាវី​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក លី កុសល មាន​ប្រសាសន៍​ថា តាម​ផ្លូវ​ច្បាប់ ការ​ប្រកាស​សាល​ក្រម​ត្រូវ​កំណត់​ពេល​វេលា​ច្បាស់​លាស់ និង​ប្រកាស​ជា​សាធារណៈ ដើម្បី​ងាយ​ស្រួល​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​អ្នក​ដែល​ពាក់ព័ន្ធ​បាន​ចូល​ស្ដាប់​សេចក្ដី​សម្រេច​របស់​ចៅក្រម៖ «ព្រះរាជអាជ្ញា ​គឺ​ជា​បណ្ដឹង​អាជ្ញា អីចឹង​គាត់​ព្រះរាជអាជ្ញា​ជា​អ្នក​ត្រួត​ពិនិត្យ​នៅ​លើ​រាល់​បណ្ដឹង​ ព្រហ្មទណ្ឌ​ដែល​កើត​ឡើង​ទាំង​អស់​ហ្នឹង។ គាត់​នៅ​តែ​មាន​សិទ្ធិ​ប្ដឹង ទោះបី​ជា​ជន​រង​គ្រោះ​ហ្នឹង​ដក​ពាក្យ​ប្ដឹង ក៏​ប៉ុន្តែ​តំណាង​អយ្យការ​នៅ​តែ​ដំណើរ​ការ​រឿង​ក្ដី»
មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​សង្កេត​ឃើញ​ថា បញ្ហា​និទ្ទណ្ឌភាព ឬ​ភាព​រួច​ទោស​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់ ដូច​ជា ករណី​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​កម្មការិនី​ឲ្យ​រង​របួស នៅ​ខេត្ត​ស្វាយ​រៀង និង​ករណី​អាជ្ញាធរ​ប្រើ​អាវុធ​បង្ក្រាប​ក្នុង​ព្រឹត្តិការ​បង្ក្រាប​ក្រុម​ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​ចោទ​ថា ចង់​បង្កើត​តំបន់​អបគមន៍ បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ជា​ដើម។
ទោះជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា តុលាការ​កម្ពុជា គឺ​ជា​ប្រព័ន្ធ​យុត្តិធម៌ ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​អំណាច​គណបក្ស​នយោបាយ ឬ​អ្នក​មាន​អំណាច​ណា​ឡើយ៕
ប្រភព៖ អាស៊ីសេរី
រឿងចាស់