Thursday, January 3, 2013

ប៉ូលិសចរាចរណ៍ខ្មែរ ប្រើអំពើហិង្សារងការរិះគន់ យ៉ាងចាស់ដៃ


សូម post ម្តង់ទៀត ព្រោះល្ងាចមិញឈរថតពួកវាទាំងខឹងនឹងអាណិតជនរងគ្រោះ ហើយសូមជួយ share ផង...ពួកវាវាយជនរងគ្រោះតែញុំមថតអត់ទាន់.


ហេតុការណ៍​នេះ អ្នក​វិភាគ​សង្គម​បាន​អះអាង​ថា គឺ​បណ្ដាល​មក​ពី​ការ​អប់រំ​នៅ​មាន​កម្រិត រវាង​អ្នក​គោរព​ច្បាប់ និង​អ្នក​អនុវត្តន៍​ច្បាប់។ ម៉្យាង​វិញ​​ទៀត អ្នក​អនុវត្តន៍​ច្បាប់​មួយ​ចំនួន អាច​យក​ច្បាប់​ចរាចរណ៍​ធ្វើ​ជា​មុខ​របរ​សម្រាប់​ផល​ប្រយោជន៍​បុគ្គល។
ការ​ផាក​ពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ អាច​ក្លាយ​ជា​មុខ​របរ​មួយ​សម្រាប់​ប៉ូលិស​ចរាចរ​មួយ​ចំនួន ហើយ​ការ​ផាក​ពិន័យ​នោះ​អាច​កើត​ឡើង​ដោយ​សារ​អ្នក​ធ្វើ​ដំណើរ​អត់​មួក អត់​កញ្ចក់ ឬ​បើក​ភ្លើង​ពេល​ថ្ងៃ ហើយ​ដំណើរ​ការ​នៃ​ការ​ផាក​ពិន័យ​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​វិក្កយបត្រ។ ម៉្យាង​វិញ​ទៀត យន្តការ​ផាក​ពិន័យ​ដោយ​គ្មាន​វិក្កយបត្រ ក៏​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ដែរ រវាង​មន្ត្រី​ប៉ូលិស​ចរាចរ និង​អ្នក​ធ្វើ​ដំណើរ ដែល​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត។
អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ដើម្បី​កែប្រែ​អាកប្បកិរិយា​ទាំង​នោះ មាន​កត្តា​ជាច្រើន​ដែល​ត្រូវ​តែ​ដោះ​ស្រាយ ដូច​ជា​ការ​ធ្វើ​ជា​គំរូ​ល្អ​នៃ​អ្នក​ដែល​អនុវត្តន៍​ច្បាប់ ឬ​អ្នក​មាន​អំណាច ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍ និង​ប្រសិទ្ធភាព​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រជារាស្ត្រ​សាមញ្ញ និង​មន្ត្រី​មាន​ឋានៈ​ខ្ពស់​ជាដើម។
លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា កត្តា​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ​មាន​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ជៀសវាង​អំពើ​ហិង្សា​នានា​ដែល​កើត​ឡើង​រវាង​មន្ត្រី​ប៉ូលិស​ចរាចរ និង​ប្រជាពលរដ្ឋ គឺ​ត្រូវ​លើក​កម្ពស់​ការ​អប់រំ។
ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក លោក អ៊ា ចរិយា ការ​ផ្ទុះ​អំពើ​ហិង្សា​ទៅ​លើ​ការ​ធ្វើ​ចរាចរណ៍ បណ្ដាល​មក​ពី​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​អំពី​ការ​ផាក​ពិន័យ។ ម៉្យាង​វិញ​ទៀត គឺ​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​យល់​ថា ការ​ផាក​ពិន័យ​មិន​បាន​ចូល​ទៅ​ថវិកា​ជាតិ។
លោក អ៊ា ចរិយា មាន​ប្រសាសន៍​បន្ថែម​អំពី​យន្តការ​ដោះស្រាយ​បញ្ហា​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​អ្នក​វិភាគ​សង្គម​ដែរ គឺ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ការ​ផាក​ពិន័យ គឺ​ជា​ការ​ចាំបាច់ ដើម្បី​ឈាន​ដល់​ការ​ធ្វើ​ដំណើរ​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស។
ទោះ​ជា​យ៉ាង​ណា ការ​យល់​ដឹង​តិច​តួច​នេះ បាន​ជំរុញ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មួយ​ចំនួន បាន​បង្ក​ហិង្សា​រវាង​ប៉ូលិស​ចរាចរ ដែល​គាត់​មិន​យល់​ព្រម​ទៅ​តាម​ការ​ផាក​ពិន័យ​ស្រប​ទៅ​តាម​ច្បាប់។
ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក រាជធានី​ភ្នំពេញ លោក ហេង ចាន់ធារី មាន​ប្រសាសន៍​ថា តាម​ច្បាប់ ករណី​ដែល​យក​ម៉ូតូ​ទៅ​ប៉ុស្តិ៍ គឺ​យានយន្ត​នោះ​គ្មាន​ស្លាក​លេខ ឬ​ស្លាក​លេខ​ក្លែង​ក្លាយ ហើយ​ក្នុង​ករណី​ម៉ូតូ​ដែល​គ្មាន​កញ្ចក់ ឬ​គ្មាន​ពាក់​មួក​សុវត្ថិភាព ឬ​បើក​ភ្លើង​ពេល​ថ្ងៃ គឺ​មិន​ទាម​ទារ​យក​ម៉ូតូ​នោះ​ទៅ​ប៉ុស្តិ៍​ឡើយ ហើយ​ការ​ផាក​ពិន័យ គឺ​ធ្វើ​នៅ​នឹង​កន្លែង។ លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ប៉ូលិស​ចរាចរ​ធ្វើ​ការ​ផាក​ពិន័យ​ដោយ​មិន​ត្រឹម​ត្រូវ ប្រជាពលរដ្ឋ​អាច​ប្ដឹង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក។
លោក ហេង ចាន់ធារី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ជៀស​វាង​ការ​ផាក​ពិន័យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បើកបរ ជា​ពិសេស​ម៉ូតូ ថា​ច្បាប់​តម្រូវ​ឲ្យ​មាន​អ្វី​ខ្លះ ដូច​ជា​ពាក់​មួក​សុវត្ថិភាព កញ្ចក់ ជាដើម ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។
ទោះ​ជា​ណា​ក៏​ដោយ ការ​ផាក​ពិន័យ​លើ​ការ​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​សាធារណៈ ជាពិសេស​អ្នក​បើកបរ​ម៉ូតូ​ដែល​បើក​ភ្លើង​ពេល​ថ្ងៃ គ្មាន​កញ្ចក់ គ្មាន​ពាក់​មួក​សុវត្ថិភាព​ជាដើម ក៏​បាន​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា។ អំពើ​ហិង្សា​នេះ អាច​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​ទៅ​លើ​មន្ត្រី​ចរាចរ ដែល​ចាប់​ផាក​ពិន័យ​ខ្លួន ឬ​មន្ត្រី​ចរាចរ​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។
ហេតុការណ៍​មួយ​ដែល​បាន​ដក​ស្រង់​ចេញ​ពី​បណ្ដាញ​សង្គម​នោះ ដោយ​មាន​ស្ត្រី​ម្នាក់​បាន​រង​គ្រោះ​ជាំ​មុខ និង​ដៃ​ជើង​ជាច្រើន​កន្លែង ដោយ​សារ​តែ​ប៉ូលិស​ល្បាត​វាយ ដោយ​សារ​តែ​ជិះ​ម៉ូតូ​អត់​ពាក់​​មួក ម៉ូតូ​អត់​កញ្ចក់។ ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​សាធារណជន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្ត​នោះ។
ទោះ​ជា​យ៉ាង​ណា ហេតុការណ៍​ដោយ​ឡែក​មួយ​ទៀត ក៏​បាន​ផ្សព្វផ្សាយ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​ប៉ូលិស​ចរាចរ​បាន​ចាប់​អូស​ម្ចាស់​ម៉ូតូ​ម្នាក់​ផ្ដួល​បោក​ទៅ​នឹង​ដី នៅ​ពេល​ដែល​គាត់​បាន​ព្យាយាម​រារាំង​មិន​អនុញ្ញាត​ឲ្យ​ប៉ូលិស​យក​ម៉ូតូ​របស់​គាត់។
បញ្ហា​នេះ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក លោក ហេង ចាន់ធារី មាន​ប្រសាសន៍​ថា បាន​ចាត់​វិធានការ​រួច​រាល់​ហើយ ដោយ​លោក​បញ្ជាក់​ថា ការ​អនុវត្ត​គឺ​ទាម​ទារ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម មិន​មែន​ប្រើ​ហិង្សា​ទេ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​សង្គម​មួយ​ចំនួន​បាន​អះអាង​ថា អ្នក​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​ប៉ូលិស​ចរាចរ ដែល​បង្ក​ហិង្សា ប៉ុន្តែ​ពេល​ខ្លះ​មិន​ឈាន​ដល់​ការ​ប្ដឹង​ទេ ដោយ​សារ​តែ​អ្នក​បើកបរ​ខ្លួន​ឯង​ជា​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​ចរាចរណ៍។ អ្នក​វិភាគ​សង្គម​បាន​បញ្ជាក់​ថា អ្នក​ដំណើរ​ធ្វើ​ខុស​ច្បាប់​ចរាចរណ៍ គឺ​អាច​ខុស​ត្រង់​ច្បាប់​រដ្ឋប្បវេណី មាន​ន័យ​ថា ត្រឹម​តែ​ផាក​ពិន័យ​ជា​លុយ​កាក់​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​បង្ក​ហិង្សា​វិញ ជា​អ្នក​ធ្វើ​ខុស​ច្បាប់​ព្រហ្មទណ្ឌ ដែល​ប្រឈម​នឹង​ការ​ផាក​ពិន័យ រួម​ទាំង​ការ​ដាក់​ពន្ធនាគារ៕