មន្រ្ដីប្រដាប់អាវុធកម្ពុជាទៅទទួលអាំងប៉ាវពីសេដ្ឋីខ្មែរ
តាមការចុះផ្សាយនៅក្នុងកាសែត The Cambodia Daily ចេញផ្សាយនៅថ្ងៃចន្ទ ទី១១ ខែកុម្ភៈ នៅក្នុងព្រឹត្ដិការណ៍នោះមានទាហាន, ប៉ូលិស និងមន្រ្ដីកងរាជអាវុធហត្ថសរុបប្រមាណ១០០០នាក់បានទៅទទួលអាំងប៉ាវពីក្រុមគ្រួសាររបស់យាយភូ។
ទង្វើមនុស្សធម៌ដែលគេចាត់ទុកថាជារឿងល្អគួរធ្វើនោះ ក៏បានទទួលការរិះគន់យ៉ាងច្រើនផងដែរពីអ្នកសង្កេតការណ៍តាមដានបញ្ហាសង្គម ព្រោះថា ជាសកម្មភាពមួយដែលគេយល់ថា ជាការផ្ដល់អំណោយក្នុងលក្ខណៈសូកប៉ាន់ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងបង្អាប់កិត្ដិយសរបស់មន្រ្ដីកម្ពុជាដែលមានប្រាក់ខែតិចក្នុងឯកសណ្ឋានតាមអង្គភាពរៀងៗខ្លួន ដែលបានទៅតម្រង់ជួរចាំទទួលអាំងប៉ាវ។
លោក ព្រាប កុល នាយកប្រតិបត្ដិនៃអង្គការតម្លាភាពអន្ដរជាតិប្រចាំប្រទេសកម្ពុជាបានឲ្យដឹងជុំវិញរឿងនេះ។
(សំឡេងលោក ព្រាប កុល)
ការចែកអាំងប៉ាវគឺជាវប្បធម៌របស់ចិន និងវៀតណាម ហើយតាមប្រពៃណីចិននៅក្នុងឱកាសបុណ្យចូលឆ្នាំការឲ្យអាំងប៉ាវនេះគឺសម្រាប់តែកូនចៅបងប្អូនញាតិជិតស្និទ្ធរបស់ម្ចាស់អំណោយតែប៉ុណ្ណោះ។ តាមការអះអាងរបស់អ្នកកាសែតចិនបម្រើការងារនៅក្នុងវិទ្យុអូស្រ្ដាលីបានឲ្យដឹងថា សូម្បីតែនៅប្រទេសចិនដែលជាម្ចាស់កំណើតនៃវប្បធម៌ឲ្យអាំងប៉ាវប៉ែបនេះ ក៏គេមិនដែលផ្ដល់អាំងប៉ាវក្នុងលក្ខណៈបើកចំហរទ្រង់ទ្រាយធំ ឬក៏ជូនដល់មន្រ្ដីយោធា ឬប៉ូលិសក្នុងឯកសណ្ឋានបែបនេះដែរ ពីព្រោះថា នៅប្រទេសចិន ប្រសិនបើមានទង្វើបែបនេះ គឺគេចាត់ទុកថាជាការប្រព្រឹត្ដសកម្មភាពស៊ីសំណូកសូកប៉ាន់ពិតប្រាកដណាស់ នេះបើតាមអ្នកកាសែតចិនបានប្រាប់វិទ្យុអូស្រ្ដាលី។
វិទ្យុអូស្រ្ដាលីបានព្យាយាមសុំការបំភ្លឺពីអង្គភាពប្រឆាំងអំពើពុករលួយជុំវិញរឿងនេះថាតើជាទង្វើខុសច្បាប់ ឬយ៉ាងណា ប៉ុន្ដែលោក ឱម យិនទៀង បានឆ្លើយប្រាប់វិទ្យុអូស្រ្ដាលីនេះ រឿងនេះមិនមានទាក់ទងអ្វីនឹងអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកម៉ែន និមិត្ដ និស្សិតច្បាប់ថ្នាក់បណ្ឌិតម្នាក់ដែលកំពុងបញ្ចប់ការសិក្សានៅក្រុងមែលប៊ិនបានបកស្រាយពន្យល់អំពីសកម្មភាពនៃការឲ្យអាំងប៉ាវដល់មន្រ្ដីកងកម្លាំងប្រដាប់អាវុធថា ជាសកម្មភាពមួយដែលមានសក្ដានុពលធ្វើឲ្យមានបញ្ហាប៉ះពាល់ផលប្រយោជន៍សាធារណៈ ហើយលោកពន្យល់អំពីគោលបំណងនៃច្បាប់ប្រឆាំងអំពើពុករលួយដូចតទៅ។
(សំឡេងលោក មែន និមិត្ដ)
យ៉ាងណាក៏ដោយ នៅក្នុងប្រទេសថៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ មាននគរបាលជាតិថៃ៣រូបមានការពាក់ព័ន្ធធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់កងនគរបាល ដោយបានទទួលអាំងប៉ាវពីពាណិជ្ជករ ដែលតាមច្បាប់ថៃ គេការហាមប្រាមដាច់ខាតមិនឲ្យមន្រ្ដីថៃទទួលអាំងប៉ាវពីនរណាឡើយ។ តាមការចុះផ្សាយព័ត៌មានមន្រ្ដីថ្នាក់វរៈសេនីយ៍ទោថៃត្រូវជាប់ទោសតាមបទបញ្ជាផ្ទៃក្នុង ហើយ២រូបទៀតត្រូវគេដកហូតដំណែង។ លោកជ័យមង្គលប្រធានសមាគមខ្មែរនៅខេត្ដសុរិន្ទប្រទេសថៃបានមានប្រសាសន៍ប្រាប់វិទ្យុអូស្រ្ដាលីជុំវិញរឿងនេះ។
(សំឡេងលោកជ័យមង្គល)
វិទ្យុអូស្រ្ដាលីបានដាក់សំណួរនេះទៅខាងកងរាជអាវុធហត្ថកម្ពុជាថា តើការទៅឈរទទួលអាំងប៉ាវក្នុងឯកសណ្ឋានជាមន្រ្ដីរដ្ឋាភិបាលបែបនេះ ខុសនឹងក្រមសីលធម៌ ឬបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ឬយ៉ាងណា? លោកវរៈសេនីយ៍ឯក ហេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានផ្ដល់ការពន្យល់យ៉ាងនេះ។
(សំឡេងលោក ហេង ទីតូ)
វិទ្យុអូស្រ្ដាលីក៏បានព្យាយាមសុំការបំភ្លឺអំពីបទបញ្ជាផ្ទៃក្នុងរបស់កងនគរបាលជាតិកម្ពុជាផងដែរ ដោយបានទាក់ទងទៅលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្ដែព្រឹកមិញនេះ លោកថាជាប់រវល់ប្រជុំ។
សូមជម្រាបថា លោក ឡៅ ម៉េងឃិន ដែលជាស្វាមីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ គឺជាព្រឹទ្ធសមាជិកកម្ពុជា ក៏ជាម្ចាស់ក្រុមហ៊ុនស៊ូកាគូដែលធ្វើការអភិវឌ្ឍតំបន់បឹងកក់ផងដែរ។ កាសែត The Cambodia Daily រាយការណ៍ថាកន្លងទៅនេះមានការប្រើប្រាស់កងកម្លាំងសន្ដិសុខប្រដាប់អាវុធប្រឆាំងនឹងពលរដ្ឋអ្នកភូមិបឹងកក់។
កាសែតជាភាសាអង់គ្លេសនេះ ក៏បានចុះផ្សាយផងដែរថា ក្រុមហ៊ុនភាពីម៉ិចរបស់យាយភូ បានទទួលដីសម្បទានសេដ្ឋកិច្ចយ៉ាងច្រើនទូទាំងប្រទេសកម្ពុជា ហើយដីដែលគេកត់សម្គាល់ឃើញខ្លាំងជាងគេគឺដីសម្បទានសេដ្ឋកិច្ចទំហំ៣សែន ១ម៉ឺន ៦ពាន់ហិចតារនៅខេត្ដពោធិសាត់ ដោយធ្វើឲ្យមានជម្លោះដីធី្លយ៉ាងច្រើនធ្វើឲ្យពលរដ្ឋកើតទុក្ខមិនសុខចិត្ដ។ ក្រៅពីនេះក៏មានរបាយការណ៍ជាច្រើនដែរថា កងកម្លាំងប្រដាប់អាវុធក៏ត្រូវគេដាក់ពង្រាយដើម្បីការពារដីធ្លីរបស់យាយភូផងដែរ។ ប៉ុន្ដែបើបែរទៅពិនិត្យមើលដីធ្លីរបស់កសិករវិញ ស្ថិតិបង្ហាញថា កសិករខ្មែរប្រមាណ៤៧% មានដីធ្លីតិចជាង១ហិចតារសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត។
តាមការស្រង់សម្ដីរបស់កាសែតនេះឲ្យដឹងថា មន្រ្ដីសន្ដិសុខដែលបានទៅទទួលអាំងប៉ាវពីក្រុមគ្រួសារយាយភូបាននិយាយថា “មានទៅមានមក” គឺចង់មានន័យថា ពេលពួកមន្រ្ដីប្រដាប់អាវុធទៅទទួលអំណោយបែបនេះ ក៏មានការសងគុណជូនដល់អ្នកផ្ដល់អំណោយវិញដែរ៕
Radio Australia
Radio Australia