Thursday, May 31, 2012

កូនរបស់អតីតប្រជាពលរដ្ឋបឹងកក់ សុំឲ្យមានការដោះលែង



beng-kork-child03-khornកូនរបស់អតីតប្រជាពលរដ្ឋបឹងកក់ នាំគ្នាច្រៀងចំរៀង ក្នុងន័យស្នើរសុំឲ្យមានការដោះលែងឳពុកម្តាយរបស់ពួកគេ

ប្រជាពលរដ្ឋមកពីសហគមន៍រងគ្រោះរឿងដីធ្លី ប្រមាណជិត ១០០នាក់ ដែលភាគច្រើនជាកុមារ បានប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធីនៅមុខក្រសួងយុត្តិធម៌ ជិតព្រះបរមរាជវាំង ដោយអំពាវ និងដាក់ញត្តិឲ្យក្រសួងមួយនេះអន្តរាគមន៍ដោះលែងតំណាង និងម្តាយឪពុកពួកគេ ១៥នាក់ចេញពីពន្ធនាគារព្រៃស។
ប្រជាពលរដ្ឋទាំងនោះ មានអតីតអ្នកបុរីកីឡា ដីក្រហម បឹងកក់ សហគមន៍ស្ទឹងមានជ័យ និងសហគមន៍មួយចំនួនទៀត ដែលភាគច្រើនជាកុមារ អាយុក្រោម ១២ឆ្នាំ បានប្រមូលផ្តុំគ្នា នៅថ្ងៃទី៣១ ខែឧសភានេះ ច្រៀងចម្រៀង ក្នុងន័យជំរុញឲ្យតុលាការផ្តល់នូវយុត្តិធម៌សង្គម និងអំពាវនាវឲ្យដោះលែងម្តាយ និងឪពុកពួកគេទំាង ១៥នាក់ ពីពន្ធនាគារព្រៃស ដែលតុលាការកាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំ ៦ខែ ក្នុងរឿងទំនាស់ដីធ្លី តំបន់បឹងកក់នោះ។
កុមារីអាយុត្រឹម ១២ឆ្នាំ ម្នាក់ក្នុងចំណោមនោះ រៀបរាប់ដោយក្តីឈឺចាប់ថា ការចាប់ម្តាយពួកគេដាក់ពន្ធនាគារ គឺជារឿងអយុត្តិធម៌ និងអំពាវឲ្យមានការដោះលែងវិញ ព្រោះម្តាយពួកគេគ្រាន់តែការពារដីផ្ទះរបស់ខ្លួន ដែលត្រូវក្រុមហ៊ុនបូមខ្សាច់ពន្លិចប៉ុណ្ណោះ ៖”ម៉ែខ្ញុំត្រូវគេចាប់ដាក់គុកបាត់ហើយ។ខ្ញុំពិបាកណាស់ពេលអត់មានម្ដាយខ្ញុំទៅ អត់មានអ្នកណាមើលប្អូនខ្ញុំ ប្អូនខ្ញុំឈឺនៅផ្ទះ គ្មានអ្នកណាគេមើលទៅ ហើយខ្ញុំទៅរៀន ខ្ញុំរៀនមិនដែលចូលទេ ឲ្យតែគ្រូរំលឹកពីម្ដាយតើម្ដាយអ្នកជួយថែរក្សាអ្នកដូចម្ដេច? ខ្ញុំពិបាកខ្លាំងណាស់ ខ្ញុំពិបាកនឹងឆ្លើយសំនួរនេះ ព្រោះម្ដាយខ្ញុំនៅ ក្នុងគុកឯណោះ។ ខ្ញុំមិនជាឆ្លើយសំនួរនេះយ៉ាងម៉េចនោះទេ ហើយខោអាវរបស់ខ្ញុំស្អីរបស់ខ្ញុំក៏ដោយ ក៏គ្មានអ្នកណារៀបចំឲ្យដែរព្រោះគ្មានម្ដាយ។ ខ្ញុំត្រូវការម្ដាយ។ អយុត្តិធម៌ណាស់។ ម្ដាយខ្ញុំមិនបានទៅ ឆក់ប្លន់អីទេ ម៉េចក៏ចាប់គាត់ដាក់គុកធ្វើអីទៀត។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំចង់ឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយម្ដាយខ្ញុំ ជួយឲ្យម្ដាយខ្ញុំចេញពីគុក ហើយក៏ជួយដល់អ្នកភូមិខ្ញុំដែរ។ ខ្ញុំត្រូវការម្ដាយខ្ញុំ ខ្ញុំត្រូវការអ្នកភូមិខ្ញុំ”។
ចំណែកស្រ្តីចំណាស់ម្នាក់ ក្នុងចំណោមស្រ្តីជាច្រើននៅកន្លែងតវ៉ា បង្ហាញពីការឈឺចាប់ ពីការមិនយកចិត្តទុកដាក់ពីការលំបាករបស់ពួកគេ ពីសំណាក់អាជ្ញាធរមូលដ្ឋាន។
អំឡុងពេលក្មេងៗស្រែកយំនៅមុខក្រសួងរកយុត្តិធម៌នោះ តំណាងអ្នកភូមិ ៥នាក់ ត្រូវបានអនុញត្តិឲ្យចូលដាក់ញត្តិ។ មន្ត្រីទទួលពាក្យបណ្តឹងនៅក្រសួងយុត្តិធម៌ លោក ប៊ុន យ៉ៃណារិន មានប្រសាសន៍ថា ក្រសួងនឹងប្រឹងប្រែងជួយអ្នកភូមិករណីនេះ ឲ្យអស់ពីលទ្ធភាព ហើយសន្យាថា នឹងផ្តល់ចម្លើយ មកវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
សម្រាប់មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ មានប្រសាសន៍ថា ការចាប់អ្នកភូមិបឹងកក់ទាំង ១៥នាក់ ដាក់ពន្ធនាគារនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២កន្លងទៅ គឺជាការគំរាមកំហែងដល់សកម្មជនដីធ្លី ហើយលោកស្នើឲ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពវិញ ដើម្បីកុំឲ្យភាពឈឺចាប់ដក់ជាប់ក្នុងអារម្មណ៍ក្មេងៗ ដែលកំពុងតវ៉ានេះ។
ទាក់ទងនឹងការឃុំខ្លួនអ្នកភូមិបឹងកក់នេះ អង្គការសង្គស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នាបន្តបន្ទាប់ ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរនេះ ដោយចាត់ទុកថាបានរំលោភលើច្បាប់ជាតិ និងអន្តរជាតិ ពិសេសកត្តិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយទាមទារដោះលែងវិញជាបន្ទាន់។ ប៉ុន្តែមិនទាន់មានប្រតិកម្មពីរដ្ឋាភិបាលនៅឡើយ៕