Saturday, June 2, 2012
Friday, June 1, 2012
បទវិភាគ : តម្លៃនៃសេចក្តីស្លាប់
៣០ មេសា ២០១២ ដោយ : ឆាំ ឆានី វិទ្យុសម្លេងខ្មែរប្រចាំទ្វីបអាមេរិកខាងជើង
ចាប់តាំងពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០១២ មកដល់ពេលនេះ ប្រជាពលរដ្ឋខែ្មរទាំងក្នុងនិងក្រៅប្រទេស រួមទាំងសហគមន៍អន្តរជាតិផង បាននាំគ្នាសម្តែងនូវការតក់ស្លុត និងសោកស្តាយយ៉ាងខ្លំាង ចំពោះមរណភាពរបស់លោក ឈុត វុទ្ឋី សកម្មជនការពារព្រៃឈើ ដែលអ្នកខ្លះហៅថា វីរជនព្រៃឈើ ដោយការបាញ់សម្លាប់យ៉ាងឃោរឃៅពីសំណាក់ប៉េអឹម ឈ្មោះ អ៊ិត រតនា ដែលស៊ីប្រាក់ខែប្រជាពលរដ្ឋ តែបំរើឲ្យក្រុមហ៊ុនទុច្ចរិត ។
តាមរយះការអះអាងរបៀបពង្វាងការពិតរបស់មន្ត្រីក្នុងរដ្ឋាភិបាល ហ៊ុន សែន ថា ការស្លាប់របស់លោក ឈុត វុទ្ឋី និង អ៊ិត រតនា គឺកើតដោយសារជម្លោះធម្មតា ហើយ ឈ្មោះអ៊ិត រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ឋី រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។មានប្រពភព័ត៌មាន ៣ បានអះអាងខុសៗគ្នាថា ទី១. លោក ឈុត វុទ្ឋី បានបាញ់សម្លាប់ឈ្មោះ អ៊ិត រតនា, ទី២. ឈ្មោះ អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ខី ហើយគ្រាប់កាំភ្លើងផ្លាតមកត្រូវខ្លួនវិញ និងទី៣. អ៊ិត រតនា បាញ់សម្លាប់ខ្លួនឯង បន្ទាប់សម្លាប់លោក ឈុត វុទ្ធី។
បើតាមអ្នកជំនាញផ្នែកកងទ័ព បានមានប្រសាស៍ថា ការអះអាងរបស់មន្ត្រីរដ្ឋាភិបាល គឺជាការកាឡៃព័ត៌មាន ព្រោះថា គ្មានបុគ្គលណាអាចប្រើអាវុធអាការបាញ់ ចំដើមទ្រូងរបស់ខ្លួនបានដល់ទៅពីរគ្រាប់នោះទេ ហើយក៏គ្មានប្រភពណាមួយបានឃើញ និងបញ្ចាក់ថា លោក ឈុត វុទ្ឋី មានអាវុធជាប់ខ្លួនដែរ។ ជាងនេះទៀតការដែលមន្ត្រីរដ្ឋាភិបាលនិយាយថា ឈ្មោះ អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ខី តែត្រូវគ្រាប់កាំភ្លើងផ្លាតមកត្រូវខ្លួនវិញនោះក៏មិនអាចដែរ។
ប្រភពីអ្នកជំនាញផ្នែកកងទ័ពដដែល ដែលបានទៅពិនិត្យសាកសព របស់លោក ឈុត វុទ្ឋី និង អ៊ិត រតនា បានអះអាងថា ការស្លាប់របស់លោក ឈុត វុទ្ឋី គឺពិតជាត្រូវឈ្មោះ អ៊ិត រតនា បាញ់សម្លាប់មែន តែការស្លាប់របស់ អ៊ិត រតនា មិនមែនឈ្មោះ អ៊ិត រតនា បាញ់សម្លាប់ខ្លួនឯងនោះទេ គឺប្រាកដណាស់ថា មានជនទីបីជាអ្នកបាញ់សម្លាប់ឈ្មោះ អ៊ិត រតនា ព្រោះថាអាវុធដែលបានបាញ់សម្លាប់ អ៊ិត រតនានោះមិនមែនជាអាវុធធម្មតាទេ គឺជាប្រភេទអាវុធដែលក្រុមឃាតករៀបចំសំរាប់តែធ្វើឃាតតែប៉ុណ្ណោះ។
យើងក្រឡេកមើលការរំលែកទុក្ខនិង ចូលរួមបុណ្យសព អ៊ិត រតនា វិញ ថ្វីត្បិតតែ អ៊ិត រតនា និងលោក ឈុត វុទ្ឋី ស្លាប់ក្នុងពេលជាមួយគ្នាក៏ពិតមែន តែការចូលរំលែកទុក្ខដល់គ្រួសារសព និងការសោកស្តាយពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ ព្រមទាំងសហគមន៍ជាតិ អន្តរជាតិ គឺពិតជាខុសគ្នាគ្មានអ្វីប្រដូចបាន ។ ដោយហេតុថា ការស្លាប់របស់លោក ឈុត វុទ្ឋី គឺលោកស្លាប់ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ជាកេរ្តិដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលដូនតាខ្មែរជាច្រើនជំនន់ បានបន្សល់ទុកឲ្យកូនខ្មែរជំនន់ក្រោយការពារ និងអាស្រ័យផលប្រយោជន៍ពីធនធានធម្មជាតិនោះ។
ចំណែក អ៊ិត រតនា គឺគ្មានបានទទួលអ្វីក្រៅពីបណ្តាសាពីប្រជាពលរដ្ឋឡើយ សូម្បីតែក្រុមហ៊ុនដែលខ្លួនបានទៅស៊ីឈ្នួលសម្លាប់លោក ឈុត វុទ្ឋី នោះ ក៏មិនបានមកអើតមើលខ្មោចរបស់ខ្លួនផង។ ទាំងនេះ គឺជាសារមួយប្រាប់ទៅបុគ្គលទាំងឡាយ ដែលកំពុងតែលក់ក្បាលធ្វើជាឃាតក ការពារផលឲ្យក្រុមហ៊ុនទុច្ចរិតទាំងនោះ ឲ្យបានដឹងនិងត្រូវចាំថា ខ្លួនមានតម្លៃត្រឹមតែពេលដែលខ្លួនអាចបំរើគេបានតែប៉ុណ្ណោះ តែពេលដែលស្លាប់ហើយគឺតម្លៃមិនស្មើ និងសត្វធាតផងទេ ។ ដូច្នេះបើចង់ធ្វើខ្លួនឲ្យទៅជាអ្នកមានតម្លៃមិនអាចកាត់ថ្លៃបាន ដូចលោក ឈុត វុទ្ឋី វីរជនព្រៃឈើ នោះ គឺខ្លួនត្រូវតែខំកសាងខ្លួនឲ្យទៅអ្នកការពារផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋជាធំ មិនត្រូវធ្វើខ្លួនឲ្យទៅជាអ្នកបំរើក្រុមហ៊ុនទុច្ចរិតនោះឡើយ បើមិនដូច្នោះទេ ថ្ងៃណាមួយលទ្ឋផលនិងហុចឲ្យខ្លួនគឺដូចជាខ្មោច អ៊ិត រតនា មិនខាន៕
Thursday, May 31, 2012
កូនរបស់អតីតប្រជាពលរដ្ឋបឹងកក់ សុំឲ្យមានការដោះលែង
ប្រជាពលរដ្ឋមកពីសហគមន៍រងគ្រោះរឿងដីធ្លី ប្រមាណជិត ១០០នាក់ ដែលភាគច្រើនជាកុមារ បានប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធីនៅមុខក្រសួងយុត្តិធម៌ ជិតព្រះបរមរាជវាំង ដោយអំពាវ និងដាក់ញត្តិឲ្យក្រសួងមួយនេះអន្តរាគមន៍ដោះលែងតំណាង និងម្តាយឪពុកពួកគេ ១៥នាក់ចេញពីពន្ធនាគារព្រៃស។
ប្រជាពលរដ្ឋទាំងនោះ មានអតីតអ្នកបុរីកីឡា ដីក្រហម បឹងកក់ សហគមន៍ស្ទឹងមានជ័យ និងសហគមន៍មួយចំនួនទៀត ដែលភាគច្រើនជាកុមារ អាយុក្រោម ១២ឆ្នាំ បានប្រមូលផ្តុំគ្នា នៅថ្ងៃទី៣១ ខែឧសភានេះ ច្រៀងចម្រៀង ក្នុងន័យជំរុញឲ្យតុលាការផ្តល់នូវយុត្តិធម៌សង្គម និងអំពាវនាវឲ្យដោះលែងម្តាយ និងឪពុកពួកគេទំាង ១៥នាក់ ពីពន្ធនាគារព្រៃស ដែលតុលាការកាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំ ៦ខែ ក្នុងរឿងទំនាស់ដីធ្លី តំបន់បឹងកក់នោះ។
កុមារីអាយុត្រឹម ១២ឆ្នាំ ម្នាក់ក្នុងចំណោមនោះ រៀបរាប់ដោយក្តីឈឺចាប់ថា ការចាប់ម្តាយពួកគេដាក់ពន្ធនាគារ គឺជារឿងអយុត្តិធម៌ និងអំពាវឲ្យមានការដោះលែងវិញ ព្រោះម្តាយពួកគេគ្រាន់តែការពារដីផ្ទះរបស់ខ្លួន ដែលត្រូវក្រុមហ៊ុនបូមខ្សាច់ពន្លិចប៉ុណ្ណោះ ៖”ម៉ែខ្ញុំត្រូវគេចាប់ដាក់គុកបាត់ហើយ។ខ្ញុំពិបាកណាស់ពេលអត់មានម្ដាយខ្ញុំទៅ អត់មានអ្នកណាមើលប្អូនខ្ញុំ ប្អូនខ្ញុំឈឺនៅផ្ទះ គ្មានអ្នកណាគេមើលទៅ ហើយខ្ញុំទៅរៀន ខ្ញុំរៀនមិនដែលចូលទេ ឲ្យតែគ្រូរំលឹកពីម្ដាយតើម្ដាយអ្នកជួយថែរក្សាអ្នកដូចម្ដេច? ខ្ញុំពិបាកខ្លាំងណាស់ ខ្ញុំពិបាកនឹងឆ្លើយសំនួរនេះ ព្រោះម្ដាយខ្ញុំនៅ ក្នុងគុកឯណោះ។ ខ្ញុំមិនជាឆ្លើយសំនួរនេះយ៉ាងម៉េចនោះទេ ហើយខោអាវរបស់ខ្ញុំស្អីរបស់ខ្ញុំក៏ដោយ ក៏គ្មានអ្នកណារៀបចំឲ្យដែរព្រោះគ្មានម្ដាយ។ ខ្ញុំត្រូវការម្ដាយ។ អយុត្តិធម៌ណាស់។ ម្ដាយខ្ញុំមិនបានទៅ ឆក់ប្លន់អីទេ ម៉េចក៏ចាប់គាត់ដាក់គុកធ្វើអីទៀត។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំចង់ឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយម្ដាយខ្ញុំ ជួយឲ្យម្ដាយខ្ញុំចេញពីគុក ហើយក៏ជួយដល់អ្នកភូមិខ្ញុំដែរ។ ខ្ញុំត្រូវការម្ដាយខ្ញុំ ខ្ញុំត្រូវការអ្នកភូមិខ្ញុំ”។
ចំណែកស្រ្តីចំណាស់ម្នាក់ ក្នុងចំណោមស្រ្តីជាច្រើននៅកន្លែងតវ៉ា បង្ហាញពីការឈឺចាប់ ពីការមិនយកចិត្តទុកដាក់ពីការលំបាករបស់ពួកគេ ពីសំណាក់អាជ្ញាធរមូលដ្ឋាន។
អំឡុងពេលក្មេងៗស្រែកយំនៅមុខក្រសួងរកយុត្តិធម៌នោះ តំណាងអ្នកភូមិ ៥នាក់ ត្រូវបានអនុញត្តិឲ្យចូលដាក់ញត្តិ។ មន្ត្រីទទួលពាក្យបណ្តឹងនៅក្រសួងយុត្តិធម៌ លោក ប៊ុន យ៉ៃណារិន មានប្រសាសន៍ថា ក្រសួងនឹងប្រឹងប្រែងជួយអ្នកភូមិករណីនេះ ឲ្យអស់ពីលទ្ធភាព ហើយសន្យាថា នឹងផ្តល់ចម្លើយ មកវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
សម្រាប់មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ មានប្រសាសន៍ថា ការចាប់អ្នកភូមិបឹងកក់ទាំង ១៥នាក់ ដាក់ពន្ធនាគារនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២កន្លងទៅ គឺជាការគំរាមកំហែងដល់សកម្មជនដីធ្លី ហើយលោកស្នើឲ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពវិញ ដើម្បីកុំឲ្យភាពឈឺចាប់ដក់ជាប់ក្នុងអារម្មណ៍ក្មេងៗ ដែលកំពុងតវ៉ានេះ។
ទាក់ទងនឹងការឃុំខ្លួនអ្នកភូមិបឹងកក់នេះ អង្គការសង្គស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នាបន្តបន្ទាប់ ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរនេះ ដោយចាត់ទុកថាបានរំលោភលើច្បាប់ជាតិ និងអន្តរជាតិ ពិសេសកត្តិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយទាមទារដោះលែងវិញជាបន្ទាន់។ ប៉ុន្តែមិនទាន់មានប្រតិកម្មពីរដ្ឋាភិបាលនៅឡើយ៕
Tuesday, May 29, 2012
តើអ្នកនិពន្ធចម្រៀងខ្មែរអស់ក្បាច់ឬនៅ?
១- ដំបូង ខ្ញុំសុំទោសដល់បណ្តាអ្នកនិពន្ធ អ្នកគាំទ្រអ្នកនិពន្ធ អ្នកចម្រៀង អ្នកគាំទ្រអ្នកចម្រៀង និងអ្នកពាក់ព័ន្ធទាំងអស់ផងដែលខ្ញុំដាក់ចំណងជើងអត្ថបទនេះរាងចាស់ដៃបន្តិច។ ខ្ញុំគ្មានចេតនានឹងមើលងាយមើលថោកអ្នកទាំងឡាយខាងលើនោះទេ “ព្រោះយើងជាខ្មែរដូចគ្នា” ហើយខ្ញុំដឹងថាអ្នកទាំងអស់ដែលចង់មានមតិ នឹងប្រើពាក្យនេះ។ ចំពោះចំណងជើងអត្ថបទអាក្រក់ស្តាប់បែបនះ គ្រាន់តែជាក្បួនទីផ្សារ (Marketing) របស់ខ្ញុំ ដើម្បីទាក់ទាញឲ្យអស់លោកមកអានប្រកាសនេះប៉ុណ្នោះ ព្រោះសូម្បីតែខ្ញុំផ្ទាល់ក៏ឃើញចំណងជើងអត្ថបទនេះហើយ ភ្ញាក់ផ្អើល និងឈឺចិត្ត ឈឺខួរខ្លះដែរ។
២- ម្តាយខ្ញុំបង្រៀនថា បើគេស្តីឲ្យកូន បន្ទោសកូន ក្នុងន័យស្ថាបនា ក្នុងន័យឲ្យកូនកែកំហុស ក្នុងន័យឲ្យកូនចម្រើន ទោះជាពាក្យប្រមាថដៀលច្រាស់ឆ្អេះកូន យ៉ាងណាក៏ដោយ កូនមិនត្រូវប្រើសេចក្តីក្រោធតបដោយកាយវិការ (វាយ) ឬតបដោយវាចារ(ជេរ) ដែលនឹងធ្វើឲ្យខាតប្រយោជន៍ទៅគេវិញជាដាច់ខាត។ បើកូនពិតជាខឹងគេមែន កូនត្រូវខឹងដោយសេចក្តីពិចារណា ពិចារណាថាម៉េច បើគេជេរថា “អាថោក” កូនត្រូវសួរខ្លួនឯងថា “តើអាត្មាអញថោកមែនឬ ហើយថោកត្រង់ណា? បើគេជេរថា “អាមនុស្សគ្មានគំនិត” កូនត្រូវសួរខ្លួនឯងថា “តើអត្មាអញគ្មានគំនិតមែនឬ ឬអន់ត្រង់ណា?” ។ល។ កូនត្រូវចេះរៀនសួរខ្លួនឯង រៀនឆ្លើយខ្លួនឯង ហើយតបទៅគេវិញដោយការកែប្រែខ្លួនឯង នោះកូននឹងចម្រើន ចៀសវាងគេជេរ គេស្តីឲ្យច្រំដែលៗ។
៣-ប្រធានបទដែលខ្ញុំនឹងលើកយកមកបរិយាយថ្ងៃនេះគឺ “ចម្រៀងខ្មែរសម័យបច្ចុប្បន្ន”។ នេះទើបជាចំណងជើងអត្ថបទពិតដែលខ្ញុំចង់សរសេរ។
ខ្ញុំគិតថាប្រធានបទនេះ ប្រហែលជាមិនថ្មីទេ ហើយជឿថា មុខជាមានការបកស្រាយ ការឆ្លើយតបគ្នាទៅវិញទៅមក ឬអាចបង្កើតជាជម្លោះច្រើនមកហើយដែរ រវាងភាគីខាងគាំទ្រ និងភាគីខាងប្រឆាំង ដែលតែងតែត្រូវបានគេហៅថា “ពួកអភិរក្សនិយម” នោះ។ ដូច្នេះ សម្រាប់ប្រធានបទនេះ ខ្ញុំនឹងមិនលើកពី “ការចម្លងភ្លេងបរទេស” មកនិយាយទេ ព្រោះនាំវែងឆ្ងាយអន្លាយដូចស្ទឹង។
ខ្ញុំជឿថា បើយើងចោទពីការចម្លងភ្លេងបរទេស មកធ្វើជារបស់ខ្លួននោះ វាពិតជាថោកមែនហើយ តែអ្នកនិពន្ធបច្ចុប្បន្ននេះមួយ ផលិតកម្មនេះពីរ តែងតែការពារកំហុសរបស់ខ្លួន ដោយលើកកំហុសទៅកាន់ក្រសួង ទៅកាន់អ្នកកុបពីថាសក្លែងក្លាយ ឬទៅកាន់អ្នកស្តាប់ដែលមិនជួយទិញថាសដើមពីផលិតកម្មរបស់ខ្លួន ថាខ្លួនរត់ថ្លៃចំណាយថតបទថ្មីមិនរួច ថាខ្លួនគ្មានដើមធំផលិតបទភ្លេងខ្លួនឯង ថាខ្លួនក៏ចង់សរសេរទំនុកបទថ្មីដោយខ្លួនឯងដែរ តែបកប្រែគេវាស្រួលជាង ឬក៏ខ្លួនក៏ចង់សរសេរទំនុកថ្មីឲ្យភ្លេងថ្មីដែរ តែអត់ចេះសរសេរភ្លេងក៏យកបទភ្លេងគេមក ឬក៏ខ្លួនសុំតែមួយរស់ៗ សរសេរយកតែលុយ ផលិតយកតែមាន អីជាដើម។ល។
រួចចុះទៅលើអត្ថន័យនៃបទចម្រៀង តើអស់លោកអស់ក្បាច់ហើយឬ ដែលសរសេរតែស្នេហ៏ហឺត ស្នេហ៏ហៃ ស្នេហ៏ដូរអាច៍គ្នាស៊ី ដូរនោមគ្នាផឹក តែដដែលជាដដែលនោះ? តើក្នុងខួរក្បាលអស់លោកពិតជាអស់គំនិតត្រឹមហ្នឹងហើយឬ? ខ្ញុំជឿថាអស់លោកជាអ្នកនិពន្ធពិតជាលើកថា “បម្រើអារម្មណ៍អ្នកស្តាប់” ជាមិនខាន។ ខ្ញុំទាយចិត្តអស់លោកត្រូវណាស់មែនទេ?
គួរឲ្យអស់សំណើចដែលជំនាន់នេះមានមនុស្សធន់ដូចជាអស់លោក ដែលជាមនុស្សអត្មានិយមគិតតែលើកកំហុសទៅកាន់អ្នកដ៏ទៃ គ្មានទំនួលខុសត្រូវបែបនេះ។ បើអស់លោកមិនសរសេរអត្ថន័យឲ្យតួប្រុសតួស្រីងាប់ ឬព្រាត់ប្រាស់និរាសគ្នានោះ តើពិតជាអស់អ្នកស្តាប់មែនឬ? តើក្រុមអ្នកស្តាប់ពិតជាចូលចិត្តសាច់រឿង ឬអត្ថន័យចម្រៀងកំសត់គ្រប់ពេល គ្រប់គ្នាអញ្ចឹងមែនឬ? វាមិនខុសពី “អ្នកកាប់ជ្រូក បន្ទោសអ្នកស៊ី អ្នកស៊ីថាមកពីគេកាប់ ទើបគេចេះតែស៊ីនោះទេ” ដល់ពេលចុងក្រោយតើបាបខ្លាំងជាអ្នកសម្លាប់ជីវិតគេ ឬអ្នកស៊ី? ហើយបើអង្គុយចាំអ្នកស៊ីសាច់នាំគ្នាស៊ីបួសអស់ក៏ប្រហែលចាំដល់ផែនដីរលាយដែរ។
អ្នកនិពន្ធដែលជោគជ័យមិនមែនជាការនិពន្ធទៅតាមទំនោរអារម្មណ៍អ្នកអាន ឬអ្នកស្តាប់នោះទេ តែអ្នកនិពន្ធដែលជោគជ័យគឺជាការចេះវិជ្ជាសណ្តំអារម្មណ៍ ឬទាញអារម្មណ៍អ្នកអានឬអ្នកស្តាប់ ឲ្យស្លុងអារម្មណ៍ជាមួយបទនិពន្ធរបស់ខ្លួនបាន នោះទើបជាអ្នកនិពន្ធពិតប្រាកដ។ ហើយនេះគឺជាជោគជ័យដ៏ធំធេងរបស់អ្នកនិពន្ធជំនាន់ដើម ដែលមានគ្រប់រសជាតិ គ្រប់បែប គ្រប់សណ្ឋាន ប្រកបដោយអត្ថរស និងអត្ថន័យជ្រាលជ្រៅ បន្កប់ខ្លឹមសារអប់រំ ចិត្ត គំនិត និងអភិវឌ្ឍន៍ ទោះអស់លោកស្លាប់ទៅបាត់ តែស្នាដៃអស់លោកនៅតែបន្សល់ទុកគួរឲ្យស្ងប់ស្ងែង។
បើអស់លោកនៅតែសរសេរបទចម្រៀងឲ្យតួរប្រុសតួរស្រីស្រឡាញ់គ្នាដល់ស៊ីអាច៍ផឹកនោមគ្នា ឬក៏ដណ្តើមស្រីដណ្តើមប្រុសគ្នា ព្រាត់ប្រាសគ្នា គឺដដែលនឹងនៅតែជាដដែល។ ហើយស្នាដៃរបស់អស់លោក៏នឹងងាប់ទៅមុនអស់លោកជានិច្ច។ អស់លោកគឺជាអ្នកនិពន្ធដ៏បរាជ័យម្នាក់។
មួយវិញទៀតខ្ញុំស្នើរដល់ផលិតកម្មទាំងអស់ផងថា បើជ្រុលជាធ្វើខ្លួនថោក យកបទពីដើមមកថតសារថ្មីហើយ (ពិសេស ហង្សមាស) សូមអាណិតស្រាវជ្រាវចំណងជើង ទំនុកច្រៀង ឈ្មោះម្ចាស់សម្លេង ឬបើអាច ឈ្មោះអ្នកសរសេរភ្លេង ដាក់បញ្ចូលឲ្យត្រឹមត្រូវផង តាមពិតនោះមានគេស្រាវជ្រាវឃើញច្រើនហើយ តែអស់លោកគ្មានលុយបួនដប់ដុល្លា ទិញពីបណ្ណាគារមកមើលក៏មិនដឹង ទើបចេះតែដាក់ចំណងជើងឲ្យខុសនោះ នេះគេហៅថា ថោកជាន់ថោក។
បើអស់លោកមានកំហឹងនឹងអត្ថបទនេះ សូមមើលកថាខណ្ឌទី២។
ចំណងជើងបទថ្មីៗមួយចំនួន៖
- ខ្លាចការពិតត្បិតមិនចង់បែក
- ចាំអូនភ្លេចគេ ចាំបងប្រាប់ថាស្រឡាញ់
- មិនហ៊ានប្រាប់ឲ្យបងស្អប់គេ
- មិនចង់ឲ្យមានថ្ងៃស្អែកមកដល់
- ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ
- សុខៗគេសុំសង្សាវិញ
- បើគ្មាននារីម្នាក់នោះបងស្នេហ៍អូនទេ
- បើគ្មានគេបងនឹងស្រឡាញ់អូន
- សុំមិនស្គាល់បងល្អជាង
- បើបងស្នេហ៏អ្នកផ្សេងអូនធ្វើមិនបាន
- ស្រឡាញ់មនុស្សម្នាក់ខុសដែរឬ?
- ហួសពេលដែលត្រូវបងអើពើ
- ដកចិត្តទុកសិទ្ធឲ្យគេថែអូន
- ឈប់ទុកបងជាសង្សាអូន
- ស្រឡាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដ៏ទៃ
- មិនហ៊ានស្រឡាញ់ព្រោះខ្លាចអូនឈឺចាប់
- គ្មានបង អូនមានគេទៀតទេ
- ព្រោះតែអូន បងក្បត់គេ
។ល។ គ្រប់ចំណងជើង សុទ្ធតែដូរអាច៍គ្នា។
បន្ថែម
- បើកលុយ បើកលុយ
- មកធើអី បើមកមិនផឹក
អានេះ រឹតតែចោលម្សៀតទៀត!
បានពីបង គូថខ្ចង
Subscribe to:
Posts (Atom)



