តើអ្នកនិពន្ធចម្រៀងខ្មែរអស់ក្បាច់ឬនៅ?
១- ដំបូង ខ្ញុំសុំទោសដល់បណ្តាអ្នកនិពន្ធ អ្នកគាំទ្រអ្នកនិពន្ធ អ្នកចម្រៀង អ្នកគាំទ្រអ្នកចម្រៀង និងអ្នកពាក់ព័ន្ធទាំងអស់ផងដែលខ្ញុំដាក់ចំណងជើងអត្ថបទនេះរាងចាស់ដៃបន្តិច។ ខ្ញុំគ្មានចេតនានឹងមើលងាយមើលថោកអ្នកទាំងឡាយខាងលើនោះទេ “ព្រោះយើងជាខ្មែរដូចគ្នា” ហើយខ្ញុំដឹងថាអ្នកទាំងអស់ដែលចង់មានមតិ នឹងប្រើពាក្យនេះ។ ចំពោះចំណងជើងអត្ថបទអាក្រក់ស្តាប់បែបនះ គ្រាន់តែជាក្បួនទីផ្សារ (Marketing) របស់ខ្ញុំ ដើម្បីទាក់ទាញឲ្យអស់លោកមកអានប្រកាសនេះប៉ុណ្នោះ ព្រោះសូម្បីតែខ្ញុំផ្ទាល់ក៏ឃើញចំណងជើងអត្ថបទនេះហើយ ភ្ញាក់ផ្អើល និងឈឺចិត្ត ឈឺខួរខ្លះដែរ។
២- ម្តាយខ្ញុំបង្រៀនថា បើគេស្តីឲ្យកូន បន្ទោសកូន ក្នុងន័យស្ថាបនា ក្នុងន័យឲ្យកូនកែកំហុស ក្នុងន័យឲ្យកូនចម្រើន ទោះជាពាក្យប្រមាថដៀលច្រាស់ឆ្អេះកូន យ៉ាងណាក៏ដោយ កូនមិនត្រូវប្រើសេចក្តីក្រោធតបដោយកាយវិការ (វាយ) ឬតបដោយវាចារ(ជេរ) ដែលនឹងធ្វើឲ្យខាតប្រយោជន៍ទៅគេវិញជាដាច់ខាត។ បើកូនពិតជាខឹងគេមែន កូនត្រូវខឹងដោយសេចក្តីពិចារណា ពិចារណាថាម៉េច បើគេជេរថា “អាថោក” កូនត្រូវសួរខ្លួនឯងថា “តើអាត្មាអញថោកមែនឬ ហើយថោកត្រង់ណា? បើគេជេរថា “អាមនុស្សគ្មានគំនិត” កូនត្រូវសួរខ្លួនឯងថា “តើអត្មាអញគ្មានគំនិតមែនឬ ឬអន់ត្រង់ណា?” ។ល។ កូនត្រូវចេះរៀនសួរខ្លួនឯង រៀនឆ្លើយខ្លួនឯង ហើយតបទៅគេវិញដោយការកែប្រែខ្លួនឯង នោះកូននឹងចម្រើន ចៀសវាងគេជេរ គេស្តីឲ្យច្រំដែលៗ។
៣-ប្រធានបទដែលខ្ញុំនឹងលើកយកមកបរិយាយថ្ងៃនេះគឺ “ចម្រៀងខ្មែរសម័យបច្ចុប្បន្ន”។ នេះទើបជាចំណងជើងអត្ថបទពិតដែលខ្ញុំចង់សរសេរ។
ខ្ញុំគិតថាប្រធានបទនេះ ប្រហែលជាមិនថ្មីទេ ហើយជឿថា មុខជាមានការបកស្រាយ ការឆ្លើយតបគ្នាទៅវិញទៅមក ឬអាចបង្កើតជាជម្លោះច្រើនមកហើយដែរ រវាងភាគីខាងគាំទ្រ និងភាគីខាងប្រឆាំង ដែលតែងតែត្រូវបានគេហៅថា “ពួកអភិរក្សនិយម” នោះ។ ដូច្នេះ សម្រាប់ប្រធានបទនេះ ខ្ញុំនឹងមិនលើកពី “ការចម្លងភ្លេងបរទេស” មកនិយាយទេ ព្រោះនាំវែងឆ្ងាយអន្លាយដូចស្ទឹង។
ខ្ញុំជឿថា បើយើងចោទពីការចម្លងភ្លេងបរទេស មកធ្វើជារបស់ខ្លួននោះ វាពិតជាថោកមែនហើយ តែអ្នកនិពន្ធបច្ចុប្បន្ននេះមួយ ផលិតកម្មនេះពីរ តែងតែការពារកំហុសរបស់ខ្លួន ដោយលើកកំហុសទៅកាន់ក្រសួង ទៅកាន់អ្នកកុបពីថាសក្លែងក្លាយ ឬទៅកាន់អ្នកស្តាប់ដែលមិនជួយទិញថាសដើមពីផលិតកម្មរបស់ខ្លួន ថាខ្លួនរត់ថ្លៃចំណាយថតបទថ្មីមិនរួច ថាខ្លួនគ្មានដើមធំផលិតបទភ្លេងខ្លួនឯង ថាខ្លួនក៏ចង់សរសេរទំនុកបទថ្មីដោយខ្លួនឯងដែរ តែបកប្រែគេវាស្រួលជាង ឬក៏ខ្លួនក៏ចង់សរសេរទំនុកថ្មីឲ្យភ្លេងថ្មីដែរ តែអត់ចេះសរសេរភ្លេងក៏យកបទភ្លេងគេមក ឬក៏ខ្លួនសុំតែមួយរស់ៗ សរសេរយកតែលុយ ផលិតយកតែមាន អីជាដើម។ល។
រួចចុះទៅលើអត្ថន័យនៃបទចម្រៀង តើអស់លោកអស់ក្បាច់ហើយឬ ដែលសរសេរតែស្នេហ៏ហឺត ស្នេហ៏ហៃ ស្នេហ៏ដូរអាច៍គ្នាស៊ី ដូរនោមគ្នាផឹក តែដដែលជាដដែលនោះ? តើក្នុងខួរក្បាលអស់លោកពិតជាអស់គំនិតត្រឹមហ្នឹងហើយឬ? ខ្ញុំជឿថាអស់លោកជាអ្នកនិពន្ធពិតជាលើកថា “បម្រើអារម្មណ៍អ្នកស្តាប់” ជាមិនខាន។ ខ្ញុំទាយចិត្តអស់លោកត្រូវណាស់មែនទេ?
គួរឲ្យអស់សំណើចដែលជំនាន់នេះមានមនុស្សធន់ដូចជាអស់លោក ដែលជាមនុស្សអត្មានិយមគិតតែលើកកំហុសទៅកាន់អ្នកដ៏ទៃ គ្មានទំនួលខុសត្រូវបែបនេះ។ បើអស់លោកមិនសរសេរអត្ថន័យឲ្យតួប្រុសតួស្រីងាប់ ឬព្រាត់ប្រាស់និរាសគ្នានោះ តើពិតជាអស់អ្នកស្តាប់មែនឬ? តើក្រុមអ្នកស្តាប់ពិតជាចូលចិត្តសាច់រឿង ឬអត្ថន័យចម្រៀងកំសត់គ្រប់ពេល គ្រប់គ្នាអញ្ចឹងមែនឬ? វាមិនខុសពី “អ្នកកាប់ជ្រូក បន្ទោសអ្នកស៊ី អ្នកស៊ីថាមកពីគេកាប់ ទើបគេចេះតែស៊ីនោះទេ” ដល់ពេលចុងក្រោយតើបាបខ្លាំងជាអ្នកសម្លាប់ជីវិតគេ ឬអ្នកស៊ី? ហើយបើអង្គុយចាំអ្នកស៊ីសាច់នាំគ្នាស៊ីបួសអស់ក៏ប្រហែលចាំដល់ផែនដីរលាយដែរ។
អ្នកនិពន្ធដែលជោគជ័យមិនមែនជាការនិពន្ធទៅតាមទំនោរអារម្មណ៍អ្នកអាន ឬអ្នកស្តាប់នោះទេ តែអ្នកនិពន្ធដែលជោគជ័យគឺជាការចេះវិជ្ជាសណ្តំអារម្មណ៍ ឬទាញអារម្មណ៍អ្នកអានឬអ្នកស្តាប់ ឲ្យស្លុងអារម្មណ៍ជាមួយបទនិពន្ធរបស់ខ្លួនបាន នោះទើបជាអ្នកនិពន្ធពិតប្រាកដ។ ហើយនេះគឺជាជោគជ័យដ៏ធំធេងរបស់អ្នកនិពន្ធជំនាន់ដើម ដែលមានគ្រប់រសជាតិ គ្រប់បែប គ្រប់សណ្ឋាន ប្រកបដោយអត្ថរស និងអត្ថន័យជ្រាលជ្រៅ បន្កប់ខ្លឹមសារអប់រំ ចិត្ត គំនិត និងអភិវឌ្ឍន៍ ទោះអស់លោកស្លាប់ទៅបាត់ តែស្នាដៃអស់លោកនៅតែបន្សល់ទុកគួរឲ្យស្ងប់ស្ងែង។
បើអស់លោកនៅតែសរសេរបទចម្រៀងឲ្យតួរប្រុសតួរស្រីស្រឡាញ់គ្នាដល់ស៊ីអាច៍ផឹកនោមគ្នា ឬក៏ដណ្តើមស្រីដណ្តើមប្រុសគ្នា ព្រាត់ប្រាសគ្នា គឺដដែលនឹងនៅតែជាដដែល។ ហើយស្នាដៃរបស់អស់លោក៏នឹងងាប់ទៅមុនអស់លោកជានិច្ច។ អស់លោកគឺជាអ្នកនិពន្ធដ៏បរាជ័យម្នាក់។
មួយវិញទៀតខ្ញុំស្នើរដល់ផលិតកម្មទាំងអស់ផងថា បើជ្រុលជាធ្វើខ្លួនថោក យកបទពីដើមមកថតសារថ្មីហើយ (ពិសេស ហង្សមាស) សូមអាណិតស្រាវជ្រាវចំណងជើង ទំនុកច្រៀង ឈ្មោះម្ចាស់សម្លេង ឬបើអាច ឈ្មោះអ្នកសរសេរភ្លេង ដាក់បញ្ចូលឲ្យត្រឹមត្រូវផង តាមពិតនោះមានគេស្រាវជ្រាវឃើញច្រើនហើយ តែអស់លោកគ្មានលុយបួនដប់ដុល្លា ទិញពីបណ្ណាគារមកមើលក៏មិនដឹង ទើបចេះតែដាក់ចំណងជើងឲ្យខុសនោះ នេះគេហៅថា ថោកជាន់ថោក។
បើអស់លោកមានកំហឹងនឹងអត្ថបទនេះ សូមមើលកថាខណ្ឌទី២។
ចំណងជើងបទថ្មីៗមួយចំនួន៖
- ខ្លាចការពិតត្បិតមិនចង់បែក
- ចាំអូនភ្លេចគេ ចាំបងប្រាប់ថាស្រឡាញ់
- មិនហ៊ានប្រាប់ឲ្យបងស្អប់គេ
- មិនចង់ឲ្យមានថ្ងៃស្អែកមកដល់
- ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ
- សុខៗគេសុំសង្សាវិញ
- បើគ្មាននារីម្នាក់នោះបងស្នេហ៍អូនទេ
- បើគ្មានគេបងនឹងស្រឡាញ់អូន
- សុំមិនស្គាល់បងល្អជាង
- បើបងស្នេហ៏អ្នកផ្សេងអូនធ្វើមិនបាន
- ស្រឡាញ់មនុស្សម្នាក់ខុសដែរឬ?
- ហួសពេលដែលត្រូវបងអើពើ
- ដកចិត្តទុកសិទ្ធឲ្យគេថែអូន
- ឈប់ទុកបងជាសង្សាអូន
- ស្រឡាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដ៏ទៃ
- មិនហ៊ានស្រឡាញ់ព្រោះខ្លាចអូនឈឺចាប់
- គ្មានបង អូនមានគេទៀតទេ
- ព្រោះតែអូន បងក្បត់គេ
។ល។ គ្រប់ចំណងជើង សុទ្ធតែដូរអាច៍គ្នា។
បន្ថែម
- បើកលុយ បើកលុយ
- មកធើអី បើមកមិនផឹក
អានេះ រឹតតែចោលម្សៀតទៀត!
បានពីបង គូថខ្ចង