កំហឹងដល់កលែងខ្លាចនរណាដេញកាប់អតីតប្រពន្ធចុងឪពុកដល់ក្នុងប៉ុស្ដិ៍ ធ្វើឱ្យប៉ូលិសបះសក់
ខេត្ដព្រះសីហនុ ៖ ទីស្នាក់ការប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំជើងគោបានញ័រកក្រើកភ្លាមៗធ្វើឱ្យមន្ដ្រីប៉ូលិសព្រលឹងចុងសក់ដោយសារតែស្ដ្រីម្នាក់បានរត់គេចទាំងភ្នែកនៅកញ្ចឹងក ខណៈបុរសម្នាក់ដេញកាប់នឹងពូថៅ ហើយសូម្បីតែរត់ចូលដល់ក្នុងប៉ុស្ដិ៍ប៉ូលិសហើយក៏នៅតែដេញកាប់ទៀត។ ទោះបីជាបែបណាក្ដីជនកំរោលចូលដេញកាប់មនុស្សដោយកំហឹងដល់កនោះត្រូវបានចាប់ខ្លួន ។
ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃទី២៣ កុម្ភៈ វេលាម៉ោង២និង៤០នាទី រសៀលនៅក្នុងក្រុម២ ភូមិត្រញំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ។ លោកនាង ណេង អធិការស្រុកព្រៃនប់ឱ្យដឹងថា បុរសឈ្មោះ ញ៉ុក ស៊ុំ អាយុ៣០ឆ្នាំ បានប្រើពូថៅមានដងប្រវែងជាងកន្លះម៉ែត្រ ដេញកាប់ស្ដ្រី ឈ្មោះចាន់ ធី អាយុ៤១ឆ្នាំ រស់នៅភូមិជាមួយគ្នា និងជាអតីតម្ដាយចុងរបស់គេ។ ការដេញកាប់ពុំបង្កឱ្យការរងរបួសទេ ព្រោះស្ដ្រីរូបនោះបានរត់ទៅឱ្យប៉ូលិសជួយទាន់ ។
លោកកែវ អន នាយប៉ុស្ដិ៍រដ្ឋបាលឃុំជើងគោដែលជាអ្នកលស់ព្រលឹង ព្រោះតែការដេញកាប់មនុស្សដល់ក្នុងប៉ុស្ដិ៍នោះឱ្យដឹងថា ស្ដ្រីឈ្មោះចាន់ ធី ពីមុនជាម្ដាយចុងរបស់ជនជាប់ចោទតែបានឈប់ទាក់ទងគ្នារយៈពេល១ខែមកហើយ ។ ទោះជាយ៉ាងណាក្ដី មុនពេលកើតហេតុជនជាប់ចោទឃើញស្ដ្រីអតីតជាម្ដាយចុង ជួបជាមួយឪពុករបស់គេក៏ទាញពូថៅដេញកាប់តែម្ដង។ ស្ដ្រីអតីតម្ដាយចុងបានរត់សំដៅទៅប៉ុស្ដិ៍ប៉ូលិស ខណៈក្នុងប៉ុស្ដិ៍នោះមានតែរូបលោកដែលជានាយប៉ុស្ដិ៍ម្នាក់ប៉ុណ្ណោះកំពុងអង្គុយសរសេររបាយការណ៍ ។
លោកប្រធានប៉ុស្ដិ៍បន្ដថា ទោះបីស្ដ្រីនោះរត់ចូលដល់ក្នុងប៉ុស្ដិ៍ឱ្យលោកជួយដោយក្រាបពួននៅខាងក្រោយរូបលោកក្ដី ជនជាប់ចោទនៅតែលើកពូថៅកាប់ទៀត តែពុំត្រូវទេធ្វើឱ្យរូបលោកភ័យស្ទើរតែលស់ព្រលឹងផងដែរ។ ទោះយ៉ាងណា រូបលោកបានឃាត់ខ្លួនគេ។ ជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌខេត្ដដើម្បីបញ្ជូនបន្ដទៅកាត់ទោសតាមច្បាប់ពីបទប៉ុនប៉ងសំលាប់មនុស្សមិនបានសំរេច ៕