Wednesday, May 8, 2013

កំពូល​ស្ត្រី​បង្កើត​បាន​កូន​២១​នាក់​ក្នុង​ពេល​២៥​ឆ្នាំ

130507_20a
អ្នក​មីង ផាន់ ទៀន និង​កូន​ប្រុស​ស្រី​តូច​ធំ​មួយ​ចំនួននៅ​មុខ​ផ្ទះ ឯ​កូន​មួយ​ចំនួន​ទៀត​បាន​ចេញ​ទៅ​រក​ស៊ី​នៅ​ថៃ​អស់​ហើយ​។ រូបថត ស៊ូ វុទ្ធី
ពោធិ៍សាត់ៈ នៅ​ស្រុក​ខ្មែរ មុន​នេះ​គ្រួសារ​ជាប់​ឯតទគ្គកម្ម​ខាង​បង្កើត​កូន​បាន​ច្រើន​ជាង​គេ មាន​តែ​គ្រួសារ​ស្តេច​ល្ខោន​បាសាក់ លោក សាំង សូស័ក្ក ខណៈ​ដែល​គាត់​មាន​ប្រពន្ធ​ដល់​៩ រស់​ក្រោម​ដំបូល​តែ​មួយ​និង​មាន​កូន​ដល់​ទៅ​ជាង​៣០​នាក់​។ ប៉ុន្តែ​ដោយ​ឡែក​គ្រួសារ​ក្រី​ក្រ​មួយ​ដែល​ពួក​គាត់​ប្រតិបត្តិ​សង្វាស​សម្ព័ន្ធភាព​តាម​គន្លង​ច្បាប់​ឯកព័ន្ធភាព​មួយ​រយ​ភាគរយ ប្តី​មួយ​ប្រពន្ធ​មួយ​រយៈ​ពេល​តែ​ជាង​២០​ឆ្នាំ​សោះ​ពួកគេ​បង្កើត​កូន​បាន​ដល់​ទៅ​២១​នាក់​។គ្រួសារ​ដែល​ដណ្តើម​ឯតទគ្គកម្ម​ខាង​បង្កើត​កូន​បាន​ច្រើន​ជាង​គេ ដោយ​ប្រើ​មេ​តែ​មួយ​នោះ រស់​នៅ​ភូមិ​ថ្នល់​លេខ​៣ ឃុំ​កំពង់​ស្ទោង ស្រុក​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់។ អ្នក​មីង​ជា​ប្រពន្ធ​ឈ្មោះ ផាន់ ទៀន អាយុ​៥០ឆ្នាំ ប្តី​ឈ្មោះ ខាន់ ខួយ បាន​ស្លាប់​រយៈ​៣ឆ្នាំ​មក​ហើយ ដោយ​បន្សល់​ទុក​នូវ​កូន​ឲ្យ​រញង់​រស់​នៅ​ជាមួយ​ម្តាយ​មេម៉ាយ។
ក្នុង​ជំនួប​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍​នៅ​គេហដ្ឋាន ស្រ្តី​ដែល​បង្កើត​កូន​បាន​២១​នាក់​រូប​នោះ​បាន​និយាយ​ជា​មួយ​ស្នាម​ញញឹម​ប្រិមប្រិយ​ថា៖​«និយាយ​ពី​ការ​ផលិត​កូន មិន​ថា​តែ​ក្នុង​ភូមិ​នេះ​ទេ ពេញ​មួយ​ប្រទេស​ខ្មែរ គ្មាន​នរណា​ផលិត​កូន​ទាន់​ខ្ញុំ​ទេ ដាក់​មានៗ​តែ​ម្តង។ តែ​បើ​និយាយ​ពី​ទ្រព្យ​ធន​នោះ ខ្ញុំ​មិន​ហ៊ាន​ប្រជែង​ទេ អា​នោះ​ចាញ់​គេ​ដាច់​ហើយ​»។ ស្ត្រី​រូប​នេះ​បន្ត​ថា៖​«គិត​ទៅ​មើល​មាន​នរណា​ធ្វើ​បាន​ដូច​ខ្ញុំ​ទៅ? រៀបការ​ឆ្នាំ​១៩៨០ ក្រោយ​បែក ប៉ុល ពត បង្កើត​បាន​កូន​ដល់​ទៅ​២១​នាក់ មាន​នរណា​គេ​បង្កើត​បាន​ដូច​ខ្ញុំ​? ហើយ​ចិញ្ចឹម​រស់​ទាំង​អស់​គ្មាន​តក់​គ្មាន​នាឡិ​មួយ​ទេ បើ​ទោះ​ជា​ជីវភាព​ក្រ​លំបាក​យ៉ាង​ណា​ក៏​ដោយ គ្មាន​ឲ្យ​កូនៗ​ទៅ​ផ្ញើ​គេ​ឲ្យ​រស់​ក្រោម​ការ​បី​បាច់​អ្នក​ណា​ម្នាក់​ឡើយ​»។
បន្ថែម​លើ​ការ​អះអាង​នេះ អ្នក​មីង ផាន់ ទៀន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «កូន​ទាំង​២១​នាក់​នោះ មាន​ស្រី​១១ ប្រុស​១០​នាក់​។ ក្នុង​នោះ​កូន​ច្បង​អាយុ​៣១​ឆ្នាំ ចំណែក​កូន​ពៅ​អាយុ​៧ឆ្នាំ​»។
តែ​យ៉ាង​ណា ស្រ្តី​ដែល​បង្កើត​កូន​បាន​ច្រើន​ជាង​ជ្រូក​វ័យ​៥០​រូប​នេះ​ក៏​បាន​ត្អូញ​ត្អែរ​ពី​ការ​លំបាក​នឹង​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​ផង​ដែរ។ អ្នក​ស្រី​និយាយ​ថា៖​«ជីវភាព​ខ្ញុំ​ក្រីក្រ​តាំង​ពី​ដូន​តា ហើយ​មក​ខ្ញុំ​ក៏​កូន​ច្រើន វា​មាន​ភាព​លំបាក​ណាស់​សម្រាប់​ខ្ញុំ​និង​ប្តី​ខ្ញុំ​។ កាល​ពី​គាត់​នៅ​រស់​មួយ​ថ្ងៃ​ជើង​គាត់​មិន​សូវ​ជា​នៅ​ជាប់​ដី​ទេ ថ្ងៃ​ណា​ក៏​នៅ​លើ​ចុង​ត្នោត​ដែរ ឡើង​ត្រង និង​ដាក់​ទឹក​ត្នោត​ជួន​យក​មក​លក់​ដូរ​អង្ករ​ដាំ​បាយ​ចិញ្ចឹម​កូនៗ»។
អ្នក មីង ទៀន បញ្ជាក់​ថា៖ «ពេល​គាត់​នៅ​រស់​ចំណូល​ចូល​គ្រួសារ​យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ថ្ងៃ​២​ទៅ​៣​ម៉ឺន​រៀល​ដែរ តែ​ចំណូល​នេះ​នៅ​មិន​ទប់​នឹង​ការ​ចំណាយ​ទេ។ មួយ​ថ្ងៃ​បើ​សន្សំ​សំចៃ​ណាស់​ក៏​អស់​៣៥០០០​ដែរ ព្រោះ​អាហារ​ក្នុង​ផ្ទះ​គឺ​ចាំ​បាច់​ត្រូវ​ទិញ​គេ​ទាំង​អស់​។ ចំណែក​ឯ​អង្ករ​ដាំ​បាយ​ចំនួន​កន្លះ​តៅ​(២៥​កំប៉ុង​)​ទើប​គ្រាន់​ក្នុង​មួយ​ថ្ងៃ»។
អ្នក​ស្រី ទៀន បន្ថែម​ថា៖ «ក្រោយ​ពី​បាត់​បង់​កម្លាំង​ស្នូល​ប្តី​ស្លាប់​ទៅ​គ្មាន​អ្នក​ឡើង​ត្នោត​នោះ ពួក​ខ្ញុំ​កូនៗ​ដើរ​ស៊ី​ឈ្នួល​គេ​ខួប​ប្រាំង​ខួប​វស្សា​មួយ​ថ្ងៃ​បាន​២-៣​ម៉ឺន ដែរ តែ​ពេល​នេះ​ការ​ចំណាយ​ក្នុង​គ្រួសារ​មិន​ដូច​ពី​មុន​ទេ របស់​របរ​ឡើង​ថ្លៃ​ណាស់»។
បើ​តាម​ការ​សង្កេត​មើល​ពី​សភាព​សាច់​ឈាម និង​រូប​រាងកាយ ដ្បិត​ថា មីង ផាន់ ទៀន បាន​ចែក​រំលែក​តំណក់​ឈាម​ឲ្យ​ទៅ​កូនៗ​ដល់​ទៅ​២១​នាក់ យ៉ាង​ណា​ក៏​ដោយ តែ​ស្រ្តី​កូន​២១​នាក់​រូប​នេះ ហាក់​នៅ​មាន​សាច់​ឈាម​ទ្រលុក​ទ្រលន់​មិន​ចាញ់​ស្រ្តី​ស្របាល​គ្នា​ដែល​មាន​កូន​តិច​នោះ​ឡើយ​។ ផាន់ ទៀន បាន​ឲ្យ​ដឹង​ថា៖​«បើ​និយាយ​ពី​ការ​បង្កើត​កូន​សម្រាប់​ខ្ញុំ​គឺ​ងាយ​ណាស់​។ ខ្ញុំ​រៀប​ការ​ប្តី​នៅ​ឆ្នាំ​១៩៨០ រៀបការ​តែ​ប្តី​ម្នាក់​ទេ​រៀបការ​ហើយ​គឺ​ផ្តើម​មាន​កូន​ដំបូង​តែ​ម្តង​តាំង​ពី​កូន​ដំបូង​រហូត​កូន​ទី​២១ ខ្ញុំ​មិន​ដែល​ពិបាក​ក្នុង​ការ​បង្កើត​ម្តង​ណា​ទេ ដូច​គេ​ឈឺ​ពោះ​បត់​ជើង​ហើយ​សុខភាព​ទៀត​ក៏​ល្អ​ដែរ កំណើត​កូន​ណា​ក៏​ដូច​កូន​ណា​មិន​ដែល​ចេះ​ចាញ់​ឬ ទាស់​អី​ម្តង​ណា​ទេ ធ្វើ​អ្វី​ក៏​បាន»។
ស្រ្តី​កូន​ច្រើន​បញ្ជាក់​ថា៖​«ដូច​ដឹង​ស្រាប់​ហើយ​យើង​អ្នក​ក្រកូន​ច្រើន​ទៀត​តើ​មាន​ពេល​ឯណា​សម្រាក​បាន​ពេញ​ភ្នែក​ឬ​អង្គុយ​ធ្វើ​ដូច​ជំទាវ​នោះ​ទេ? មាន​កំណើត​កូន​ខ្លះ​បាន​១០​ថ្ងៃ​យូរ​ពេក​ចេញ​ធ្វើ​ការងារ​ផ្ទះ​សម្បែង​កាប់​អុស យួរ​ទឹក និយាយ​រួម​ធ្វើ​សឹង​តែ​មួយ​ចប់​ដូច​អ្នក​មិន​មាន​សរសៃ​ខ្ចី​ដែរ​ហ្នឹង​»។ អ្នក​មីង បន្ថែម​ថា៖«កូន​ខ្ញុំ​ដើម​ឆ្នាំ​ចុង​ឆ្នាំ ឲ្យ​តែ​ដាក់​មានៗ...​តែ​សុខភាព​ខ្ញុំ​នៅ​ធម្មតា ដូច​កាលពី​មិន​ទាន់​កូន​យ៉ាង​ម៉េច ពេល​មាន​កូន​ក៏​អ៊ីចឹង»។
ពេល​សួរ​ថា តើ​អ្នក​មីង​គិត​ឃើញ​យ៉ាង​ណា​បាន​ជា​ទុក​ឲ្យ​កូន​កើត​ច្រើន​ដល់​ជិត​២ឡូត៍​បែប​នេះ? មីង ផាន់ ទៀន បាន​តប​ថា៖ «ហ៊ឺ បើ​និយាយ​ពី​ការ​ពិបាក​ចិញ្ចឹម​នោះ វា​ពិបាក​តាំង​ពី​កូន​ទី​២-៣​ម៉្លេះ មិន​មែន​ទើប​តែ​ពិបាក​ដល់​ពេល​កូន​ច្រើន​ហ្នឹង​ទេ​ព្រោះ​ថា ជីវភាព​យើង​ខ្វះ​ខាត​ដែរ​ហើយ​ហ្នឹង តែ​កាល​ពី​ប្តី​ខ្ញុំ​នៅ​រស់ គាត់​ប្រាប់​ហើយ​ប្រាប់​ទៀត​ថា កុំ​ទៅ​ពន្យារ ឬ​រម្លូត​កូន​ចេញ​ឲ្យ​សោះ បើ​វា​មក​ចាប់​កំណើត​ជាមួយ​ហើយ​ទុក​វា​ទៅ ចង់​ប៉ុន្មាន​កើត​ទៅ​»។ អ្នក​មីង​បន្ត​ថា៖ «ប្តី​ខ្ញុំ​គាត់​មិន​មាន​ជីវភាព​អ្វី​ក្រៅ​ពី​ឡើង​ត្នោត​ធ្វើ​ទឹក​ត្នោត​យួរ លក់​ទេ តែ​កាល​គាត់​នៅ​រស់​គាត់​ស្រឡាញ់​កូនៗ​ណាស់​មិន​ថា​កូន​ធំ​ឬ​កូន​តូច​ទេ​ចង់​អា​ណា​ធ្វើ​អ្វី​ធ្វើ​ទៅ​គាត់​មិន​ប្រើ ហើយ​គាត់​មិន​ដែល​ចេះ​វាយ​កូន​ណា​បាន​មួយ​ដៃ​ឬ​មួយ​រំពាត់​ឡើយ»។
ផាន់ ទៀន បាន​បញ្ជាក់​ថា៖ «​កូន​ទី​២១​ហើយ​ហ្នឹង​កាល​ពី​គាត់​នៅ​រស់​និង​មិន​ទាន់​ឈឺ គាត់​ក៏​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​ថា ពេល​ហ្នឹង​វ័យ​ប៉ុណ្ណឹង​បើ​មាន​កូន​ទៀត​ទុក​ទៀត​មិន​ឲ្យ​ម៉ែ​វា​ឯង​យក​ចេញ​ទេ ចង់​យក​ឲ្យ​បាន​គ្រប់​ពីរ​ឡូត៍ ទៀត​នោះ​»។
ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​កូន យាយ ទួម ដែល​ជា​ម្តាយ​និង​ជា​ឆ្មប​បង្កើត​ចៅ​ទាំង​២១​នោះ ឲ្យ​ដឹង​ថា៖​«ខ្ញុំ​ជា​មនុស្ស​ចាស់ ឲ្យ​តែ​កូន​គេ​មាន​ចៅ​នោះ​ខ្ញុំ​ទទួល​ស្គាល់ ខ្ញុំ​មិន​ដែល​ថា​អ្វី​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​ទេ ចង់​គេ​មាន​កូន​ប៉ុន្មាន​មាន​ទៅ ស្រេច​តែ​គេ ហើយ​ម្យ៉ាង​កូន​វា​ងាយ​កើត​ដូច​គេ​ឈឺ​ពោះ​បត់​ជើង​ហ្នឹង» ។ យាយ ទួម បន្ត​ថា៖​«កូន​វា​ទាំង​២១​ហ្នឹង មិន​ដែល​ទៅ​រក​ឆ្មប​មក​ពី​ណា​ទេ តែ​ខ្ញុំ​បង្កើត​ហ្នឹង មាន​កំណើត​កូន​ខ្លះ​កើត​មិន​មាន​ឆ្មប​ផង​។ សុខភាព​ទៀត​ក៏​ល្អ តាំង​ពី​កំណើត​កូន​ទី១​រហូត​កូន​ទី២១​នេះ ដូច​មិន​ដែល​ឃើញ​វា​ឈឺ​រ៉ាំរ៉ៃ​យ៉ាង​ណា​ទេ សុខភាព​ល្អ​រហូត​ទាំង​មិន​ដែល​ចាក់​ថ្នាំ​វិទ្យាសាស្រ្ត​ណា​ម្តង​ឡើយ​មាន​តែ​ថ្នាំ​ខ្មែរ​ឫស​ឈើ​ព្រៃ​ដាំ​ផឹក»។
ជាមួយ​ការ​លើក​ឡើង​នេះ ជីដូន និង​ជា​ឆ្មប​ក្រៅ​សាលា រូប​នេះ​ក៏​បាន​បញ្ជាក់​ថា៖​«បើ​តាម​ខ្ញុំ​ដឹង​ពី​ដូន​តា​មក​ពូជ​ពង្ស​ខ្ញុំ​ដូច​ជា​មិន​មាន​អ្នក​ណា​ម្នាក់​មាន​កូន​ច្រើន​ដូច មី ទៀន នេះ​ទេ មាន​អស់​ហើយ​១០នាក់​មាន​តែ​មី ទៀន​នេះ​មួយ​គត់។ ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា តែ​ពោះ​កូន ទៀន មួយ​បង្កើត​ចៅ​ឲ្យ​ខ្ញុំ​បាន​ដល់​ទៅ​២១​នាក់​យ៉ាង​ដូច្នេះ​សោះ​»។
មេ​ភូមិ​ដែល​គ្រប់​គ្រង​ប្រជាជន​នៅ​ក្នុង​ភូមិ​ថ្នល់​លេខ​៣ លោក ស៊ូ ប៊ុនធឿន បាន​ឲ្យ​ដឹង​ថា៖​«ប្អូន ផាន់ ទៀន និង​ប្តី ខាន់ ខួយ នេះ​ពួកគេ​រៀបការ​ការ​នៅ​ឆ្នាំ​១៩៨០ ពេល​នោះ​ប្អូន ខាន់ ខួយ គេ​នៅ​ជា​ទាហាន គេ​មិន​មាន​បង​ប្អូន​ណា​ទីពឹង​ពុំ​នាក់​ខ្ញុំ​ក៏​ស្តី​ដណ្តឹង​នាង ផាន់ ទៀន កូន យាយ ទួម ឲ្យ​រៀបការ​តាម​ប្រពៃណី»។ លោក​បន្ត​ថា៖«ការ​មិន​បាន​ប៉ុន្មាន​គេ​ក៏​មាន​កូន​កូន​ទីមួយ​កូន​ទី២ កូន​ទី៣​នោះ​ខ្ញុំ​នៅ​មិន​ទាន់​ថា​អី​ទេ លុះ​ដល់​ឃើញ​គេ​កូន​ច្រើន​ឡើងៗ​ហើយ​ជីវភាព​ខ្វះ​ខាត​នោះ​ខ្ញុំ​ក៏​ធ្លាប់​បាន​ណែនាំ​ដែរ​ថា កុំ​ឲ្យ​មាន​កូន​ច្រើន​ពេក​ល្មមៗ​ពន្យារ​កំណើត​ខ្លះ​ទៅ​តែ​ប្តី​គេ​មិន​ស្តាប់​ទេ»។
លោក​បាន​បញ្ជាក់​ថា៖ «ប្តី ប្អូន ខាន់ ខួយ នេះ​គេ​បាន​ប្រាប់​ប្រពន្ធ​គេ​មិន​ឲ្យ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ឡើយ មិន​ថា​មធ្យោបាយ​ណា​មួយ​នោះ​ទេ គឺ​អត់ ហើយ​គេ​បាន​ប្រាប់​ប្រពន្ធ​គេ​ថា ឲ្យ​តែ​មាន​ទុក​វា​ទាំង​អស់​ចង់​កើត​ប៉ុន្មាន​កើត​ទៅ​បាន​ជា​កើត​ដល់​២១​នាក់​ហ្នឹង​»។ បន្ថែម​លើ​នេះ មេ​ភូមិ និង​ជា​មេបា រៀបការ​ឲ្យ បាន​និយាយ​បែប​លេង​សើច​ថា៖ «នេះ​អាយុ​ប្អូន ទៀន នៅ​មាន​សាច់​ឈាម​ទ្រលុក​ទ្រលន់​នៅ​ឡើយ​បើ​កុំ​តែ ខួយ ស្លាប់​ទៅ​ថា​មិន​បាន​ស្រួល​មិន​ស្រួល​គេ​អាច​ស្ទួយ​បាន​កូន​ច្រឡក់​មួយ​ទៀត​ឬ​ក៏​លើស​ហ្នឹង​បើ​ដី​វា​មាន​ជីជាតិ​ល្អ​ដាក់​បានៗ​អ៊ីចឹង​»៕