លទ្ធផលឆ្នោតឈ្នះ ចាញ់ដឹងហើយ គឺគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះ តែឈ្នះមិនដាច់ទាំងស្រុងលើគណបក្សប្រឆាំង
ទោះបីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥“២០១៣-២០១៨” មិនទាន់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសជាផ្លូវការ និងជាស្ថាពរក៏ដោយ ក៏ការគណនាប៉ាន់ស្មានអំពីលទ្ធផលឆ្នោតសម្រាប់គណបក្សនយោបាយធំៗប្រកួតប្រជែងទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានដឹងរួចរាល់អស់ទៅហើយ ដោយគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះឆ្នោត ប៉ុន្ដែឈ្នះមិនដាច់ទាំងស្រុងទៅលើ គណបក្សសង្គ្រោះជាតិឡើយ "គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន២.៥៥៥.០២៩សំឡេង និងគណបក្សសង្គ្រោះជាតិទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន២.២៩៥.០២២សំឡេង" ។
លទ្ធផលឆ្នោតបឋមដែលបង្ហាញប្រាប់ដោយមន្ដ្រីថ្នាក់ធំស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា គឺឯកឧត្ដម ខៀវ កាញារីទ្ធ ដែលជាបេក្ខជនតំណាងរាស្ដ្រពេញសិទ្ធិលំដាប់លេខរៀងទី៤របស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្ដកំពង់ចាម បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបានចំនួន៥៥អាសនៈនៅក្នុងអាសនៈរដ្ឋសភាសរុបចំនួន១២៣ ។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃម្សិលមិញ ក៏បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនរួចហើយថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះរហូតបានអាសនៈភាគច្រើនដាច់ខាតក្នុងរដ្ឋសភានីតិកាលថ្មីដែលមាន បរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មីនេះ “នីតិកាលទី៥” ។
ដោយឡែក តាមការគណនាបែងចែកអាសនៈរបស់អង្គការខុមហ្វ្រែលបានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៧អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៥៦អាសនៈ នៅក្នុងអាសនៈសរុបរបស់រដ្ឋសភាចំនួន១២៣ ។
សម្រាប់គណបក្សសង្គ្រោះជាតិ ឯណោះវិញ កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ម្សិលមិញ បន្ទាប់ពីបិទការិយាល័យបោះឆ្នោត និងធ្វើការរាប់សន្លឹកឆ្នោត គណបក្សនយោបាយប្រឆាំងមួយនេះក៏បានចេញសេចក្ដីថ្លែងការណ៍ប្រកាសថា គណបក្សសង្គ្រោះជាតិបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៥ឆ្នាំ២០១៣ ។ ប៉ុន្ដែមិនដល់១ម៉ោងក្រោយមក ស្រាប់តែឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថ្មីមួយទៀត ដោយកែសម្រួលសេចក្ដីថ្លែងការណ៍មុនពីអះអាងថា បានឈ្នះឆ្នោតមកជាអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៥ឆ្នាំ២០១៣ទៅវិញ។
អនុលោមតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ថ្មីរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញឱ្យឃើញថា គណបក្សនយោបាយ ប្រឆាំងដ៏ធំនៅកម្ពុជាមួយនេះ ប្រាកដជាបានយល់ដឹងរួចហើយអំពីលទ្ធផលនៃការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែ និងមានទ្រព្យសម្បត្ដិមហាសាលជាគណបក្សឈ្នះឆ្នោត ៕