លទ្ធផលដំបូងគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៨ រីឯគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ជាបណ្ដោះអាសន្ន
រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានពីមន្រ្ដីជាន់ខ្ពស់ផ្សេងៗក្រៅផ្លូវការបានឱ្យដឹងថា សរុបលទ្ធផលនៃការរាប់សន្លឹកឆ្នោតទូទាំងប្រទេសជាបណ្ដោះអាសន្ន មកដល់វេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ កក្កដា ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៦៨ រីឯគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ ... អាសនៈនេះអាចនឹងប្រែប្រួលនៅពេលដែលរាប់សន្លឹកឆ្នោតបញ្ចប់។
មានន័យថា គណបក្សប្រជាជនកម្ពុជាកាន់អំណាចដដែល គឺសម្ដេចតេជោហ៊ុន សែន ត្រូវកាន់តំណែងជានាយករដ្ឋមន្រ្ដីក្នុងអាណត្តិទី៥ថ្មីបន្តទៀត។
សូមបញ្ជាក់ថា មុននេះបន្តិច លោកអុឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ក្នុងសន្និសីទកាសែតមួយនៅទីស្នាក់ការ គ.ជ.ប ស្ថិតក្នុងក្រសួងមហាផ្ទៃ បានឱ្យដឹងថា លទ្ធផលនៃការរាប់សន្លឹកឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ ជាបណ្តោះអាសន្ន នឹងប្រកាសនៅវេលាម៉ោង៨ និង៣០យប់ ថ្ងៃទី២៨ កក្កដា ២០១៣ នេះ ។ ក្នុងសន្និសីទកាសែតនេះ គេសង្កេតឃើញមានអង្គការជាតិ និងអន្តរជាតិចូលរួមជាច្រើននាក់ផងដែរ។
គួរបញ្ជាក់ថា អាសនៈសភាទូទាំងប្រទេសមាន១២៣អាសនៈ៕