Monday, March 11, 2013

សិស្សពេទ្យក្រមុំយំស្រណោះខ្លួនក្រ

នាងក្រមុំរស់ សាវ៉ឺន អាយុ២០ឆ្នាំ រស់នៅភូមិ វត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាកូនទោល មានឪពុកឈ្មោះវ៉ាន រស់ អាយុ៥៧ឆ្នាំ ម្តាយឈ្មោះរួម ដារី អាយុ៥២ឆ្នាំ ប៉ុន្តែ តាំងពីកើត មក នាងមិនដែលស្គាល់មុខឪពុកទេ ព្រោះគាត់បោះបង់ម្តាយនាង តាំងពីនាងនៅក្នុងពោះម្តាយ៨ខែ ម៉្លេះ។ នាងធំដឹងក្តីពេលណា ឮតែទំនួញម្តាយកម្សត់ និងជីដូន ដែលរស់ក្នុងភាពក្រីក្រ រកស៊ីដាំបន្លែលក់ ដើរស៊ីឈ្នួលគេ ដើម្បីរស់។ ទោះជាម្តាយក្រខ្សត់ យ៉ាងណា ក៏គាត់នៅតែជំរុញនាងឱ្យបានចូលសាលារៀន មិនទុកឱ្យកូនល្ងង់ខ្លៅនោះឡើយ។ ទន្ទឹមនោះ ពេលនាងមានអាយុ៧ឆ្នាំ ក្រៅពីពេលសិក្សា នាងតែងឆ្លៀតជួយរកស៊ីម្តាយ លើមុខរបរដាំបន្លែលក់។ នាងតែងក្រោកពីដំណេក ក្នុងខ្ទមរខេករខាក តាំងពីម៉ោង ៤ភ្លឺ រែកទឹកស្រោចស្ពៃ ត្រកួន ពី៣០ ទៅ៤០អំរែក បន្ទាប់មក ក៏ប្រញាប់ដាំបាយ វេចខ្ចប់យកទៅហូប នៅសាលា ដែលនៅឆ្ងាយពីផ្ទះ ហើយម្ហូបនោះមានតែអំបិលបុក ឬប្រហុក ជាប្រចាំ។ ពេលលក់ស្ពៃ ត្រកួន បាន នាងក៏យកទៅទិញប៊ិក សៀវភៅ និងសិក្ខូបករណ៍ផ្សេងៗទៀត ព្យាយាមរៀនសូត្រ រហូត ចប់ថ្នាក់ទី១២ (បាក់ឌុប) និងប្រលងជាប់អាហារូបករណ៍ ជាគិលានុបដ្ឋាយិកាកម្រិតបឋម។ ពេលនេះនាងគ្មានថវិការទិញសំលើកបំពាក់ពេទ្យដែលសាលាតម្រូវទេ រួមផ្សំនិងម្តាយនិង ជីដូនសុទ្ធតែជាមនុស្សឈឺធ្ងន់។