អនិច្ចាសីលធម៌សង្គមខ្មែរ
សាសន៍ខ្មែរ ធ្លាប់តែមានឈ្មោះល្បីល្បាញថា ជាជាតិសាសន៍ ឬជាពូជពង្សមួយពោរពេញទៅដោយភាពទន់ភ្លន់ មានសុជីវធម៌ សីលធម៌ ជាមួយនឹងវប្បធម៌ដ៏សែនល្អផូរផង់ក្រៃលែង ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសន្តានចិត្តពូជអម្បូរខ្មែរ ចាប់តាំងពីសម័យមហានគរនិងរកប្រទេសឯណាមកប្រៀបធៀបពុំស្មើឡើយ។ ប៉ុន្តែជាតិខ្មែរសែនអភ័ព្វពន់ពេក និងជាការអាម៉ាស់មួយយ៉ាងធំចំពោះមុខប្រទេសជិតខាងនាពេលបច្ចុប្បន្ន ដែលសីលធម៌នៃសង្គមរបស់ខ្លួន ក្នុងនាមជាប្រទេសកាន់ព្រះពុទ្ធសាសនាត្រូវធ្លាក់ក្នុងស្ថានភាពថមថយបន្តិចម្តងៗដ៏គួរឲ្យបារម្ភ ជាពិសេសសីលធម៌នៃសង្គមគ្រួសារខ្មែរដែលកំពុងរស់នៅតាមទីជនបទនានានៃប្រទេសកម្ពុជា។
ការព្រួយបារម្ភទាំងនោះរួមមានៈ អំពើហិង្សាក្នុងគ្រួសារវាយកាប់ចាក់សម្លាប់គ្នា សកម្មភាពវាយទាត់ធាក់របស់ក្មេងទំនើងក្នុងភូមិ អំពើរំលោភផ្លូវភេទរបស់ជីតាទៅលើចៅស្រី ឬឪពុកទៅលើកុមារជាកូនឬកូនចុង ការរំលោភផ្លូវភេទលើអនីតិជន ការជេរប្រទេចផ្តាសាប្រពន្ធ ប្តី ម៉ែ ឪក្មេក និងបងប្អូនកូនចៅក៏ដូចជាការរំលោភបំពានលើសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងសង្គមគ្រួសារខ្មែរ ដែលមូលហេតុចម្បងនៃសកម្មភាពល្មើសទាំងនេះ បណ្តាលមកពីការសេពសុរា គ្រឿងញៀន ល្បែងស៊ីសង ការមើលភាពយន្តអាសអាភាស និងអវិជ្ជារួបរឹតងងឹតសូន្យឈឹង។
បើនិយាយពីវិស័យចរាចរណ៍នៅស្រុកខ្មែរវិញ កំពុងក្លាយជាបិសាចមួយដ៏សាហាវយង់ឃ្នងជាទីបំផុត ដែលបានឆក់យកអាយុជីវិតជនកម្ពុជា ជារៀងរាល់ថ្ងៃ យ៉ាងហោច៥នាក់ក្នុងមួយថ្ងៃ និងរងរបួសជាច្រើននាក់។ ក្នុងពេលប៉ះទង្គិចគ្នា ដោយសារការបើកបរតាមដងផ្លូវ មានការបង្កហិង្សាជាហូរហែ ហើយបើមិនបានប្រើហិង្សាទេ ក៏ប្រើពាក្យសម្តីអសុរោះតតាំងគ្នាទាមទារយកឈ្នះរៀងៗខ្លួន ដោយអ្នកបើកបរទាំងនោះ លែងមានការយោគយល់ និងអធ្យាស្រ័យគ្នាទៀតហើយ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្មែរ គឺអ្នកបើកបរ តែងតែព្យាយាមបើកគេចបាត់តែម្តង ដោយមិនបាននៅទទួលខុសត្រូវចំពោះ កំហុសឆ្គងនៃការប៉ះទង្គិចនោះឡើយ។
ចំណែកជនបង្កហិង្សាចរាចរណ៍ភាគច្រើនជាជនមានអំណាចអាងប្រាក់ និងមានបុណ្យស័ក្តិធំ (អ្នកធំ) ពិសេស គឺស្ថិតក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដែលជាទូទៅ រហ័សទាំងដៃ រហ័សទាំងជើងហើយលទ្ធផលនៃហិង្សាទាំងនោះ គឺត្រូវបានបញ្ចប់គ្នាក្រៅប្រព័ន្ធច្បាប់តាមរយៈការសុំទោស និងចេញថ្លៃព្យាបាល ព្រមទាំងការសងជំងឺចិត្ដខ្លះៗដល់ជនរងគ្រោះ។
ចំណែកស្រាវិញ ខ្ញុំសង្កេតឃើញថា ប្រជាពលរដ្ឋនៅតាមគេហដ្ឋានទូទាំងប្រទេសកម្ពុជា ជាពិសេសក្រុមយុវវ័យ បាននិងកំពុងសេពគ្រឿងស្រវឹងយ៉ាងច្រើនសន្ធឹកសន្ធាប់បំផុត ស្ទើរតែរាល់ថ្ងៃ បើយ៉ាងហោច ក៏មួយដងទៅពីរដងដែរ ក្នុងមួយសប្តាហ៍។
ស្ទើរគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា មានការជួបជុំគ្នា ជាក្រុម និងផឹកស្រាសប្បាយក្អាកក្អាយ ដោយមិនមានខ្វល់ខ្វាយពីការខាតបង់ថវិកានោះឡើយ។ ស្រាបៀររាប់លានកេសត្រូវបានលក់ដាច់ក្នុងមួយខែៗ ដែលជាការចំណេញដ៏សម្បើម សម្រាប់ក្រុមហ៊ុនស្រាបៀរ នៅស្រុកខ្មែរ ស្របពេលដែលមានការប្រកួតប្រជែងនៅទូទាំងប្រទេសខាងពាណិជ្ជកម្ម អាជីវកម្ម ស្រា ដែលមានការផ្សព្វផ្សាយជាច្រើនអំពីវិសាលភាព នៃផលិតផលស្រារបស់ក្រុមហ៊ុននានា ដែលមានតម្លៃថោកនៅតាមកញ្ចក់ទូរទស្សន៍ វិទ្យុ ប៉ាណូពាណិជ្ជកម្មធំៗ ជាដើម។
ជាការគួរឲ្យអាម៉ាស់បំផុត ការផ្សព្វផ្សាយស្រាទាំងអស់នេះហាក់មានលក្ខណៈហួសពីការពិត ដែលយើងអាចនិយាយបានថា ជាការបោកប្រាស់ដោយប្រយោល និងជាការបំភ័ន្តភ្នែកអតិថិជនខ្មែរដែលជាអ្នកផឹក។ ក្រុមហ៊ុនស្រាទាំងនោះ បាននិងកំពុងព្យាយាមយកប្រព័ន្ធឃោសនា និងផ្សព្វផ្សាយជាតិក្នុងការប្រើយុទ្ធសាស្រ្តប្រកួតប្រជែងផ្នែកជំនួញប្រមឹក តាមរយៈការអូសទាញអតិថិជនឲ្យផឹកស្រាផ្សងសំណាង ដើម្បីឈ្នះរង្វាន់បន្តិចបន្តួចជាមាស ជាប្រាក់ និងជាសម្ភារប្រើប្រាស់។ល។
ការប្រកួតប្រជែងបែបនេះ ភាគច្រើន មិនបានធ្វើឡើងតាមរយៈការបង្កើនគុណភាពសុខភាពនោះទេ ប៉ុន្តែមានលក្ខណៈបំផុសបំផុលឲ្យពលរដ្ឋខ្មែរមួយនគរងប់នឹងស្រាទៅវិញដែលហាក់បង្ហាញថា ផឹកស្រាឲ្យបានច្រើនគ្រប់ៗគ្នា ទើបជាជ័យជម្នះ និងមោទនភាពសម្រាប់ជាតិ គឺមានន័យថា «ផឹកស្រាដើម្បីមោទនភាពជាតិខ្មែរ»។ ជំនួញប្រមឹកបែបបំភ័ន្តភ្នែកនេះ គឺជាសកម្មភាពជំនួញប្រាសចាកពីសីលធម៌សង្គម និងច្បាប់សង្គម និងជាការប្រមាថមើលងាយដល់អតិថិជនខ្មែរថាសុទ្ធសឹងជាជនឆោតល្ងង់។
ដំណោះស្រាយល្អចំពោះបញ្ហាខាងលើនេះ មានតែមួយគត់ គឺរដ្ឋាភិបាល ដែលមានក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធដទៃទៀត និងសង្គមស៊ីវិលនានា ត្រូវផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្សព្វផ្សាយតាមមូលដ្ឋាន អំពីសីលធម៌សង្គម តាមរយៈមាគ៌ាព្រះពុទ្ធសាសនា ដោយការប្រើប្រាស់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយដែលមានទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី ឬយុទ្ធនាការ ចុះអប់រំជាក់ស្តែង ជាដើម ដើម្បីបានជ្រួតជ្រាបទូលំទូលាយ ដល់ពលរដ្ឋ ស្តីពីផលវិបាក និងទោសទណ្ឌនៃសកម្មភាពល្មើសសីលធម៌ និងល្មើសច្បាប់ទាំងនេះ។
ដើម្បីឈ្នះៗទាំងអស់គ្នា រដ្ឋាភិបាលមិនគួរយកចិត្តទុកដាក់តែទៅលើការផ្សព្វផ្សាយយុទ្ធសាស្រ្តឈ្នះៗមិនដែលចាញ់ ឬបង្ហាញតែពីមហាជោគជ័យរបស់ខ្លួនដែលមានជាធម្មតាសម្រាប់ការគ្រប់គ្រងប្រទេសនៅលើពិភពលោក លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ស្ពានថ្នល់ សាលារៀន ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ប្រឡាយទឹក ទីអារាម ឬបង្គន់អនាម័យ ជាដើមនោះទេ រដ្ឋាភិបាលគួរបង្វែរការចាប់អារម្មណ៍ទៅលើការអប់រំពលរដ្ឋរបស់ខ្លួនពីក្បួនខ្នាតរស់នៅប្រកបដោយជីវភាពថ្កុំថ្កើង តាមរយៈការបណ្តុះបណ្តាលលើវិស័យកសិកម្ម ឧស្សាហកម្ម និងក្បួនរស់នៅប្រកបដោយសីលធម៌ សុជីវធម៌ ជាជាងការលាតត្រដាងតែពីមហាជោគជ័យដដែលៗ របស់បក្សនៅគ្រប់ច្រកល្ហក ស្របពេលដែលរាស្រ្តនៅតាមជនបទ កំពុងរស់ត្រដាបត្រដួសស៊ីអត់ស៊ីឃ្លានកាប់សម្លាប់គ្នា មិនស្គាល់ប្តី ប្រពន្ធ កូន ចៅ បង ប្អូន ម៉ែ ឪ បែបនេះនោះ។
*** សំរាប់វិស័យអប់រំ ខ្ញុំបានលឺថា មាននិស្សិតខ្មែរប្រលងជាប់ លេខ ២ នៅប្រទេសអូស្រា្តលីបានទទួលប្រាក់រង្វាន់ ២៥០ ដុល្លាពីសម្តេច តម្លៃនេះវាសមស្របនឹង ការជំនួសមុខឲ្យប្រទេសកម្ពុជាមួយទាំងមូលទេ ដែលខ្មែរឥឡូវមានមុខនៅក្នុងពិភពលោក?***
ខាងក្រោមនេះ គឺជាចំណងជើងមានលើទំព័រសារព័ត៌មានសង្គម ដែលខ្ញុំបានដកស្រង់ក្នុងពីរសប្តាហ៍ នៃខែមីនានេះ៖
១.នាំគ្នាមកពីធ្វើបុណ្យស្រវឹងទាស់សម្ដីគ្នាវាយប្រពន្ធទាល់តែស្លាប់តាមផ្លូវ (ម្ដាយស្លាប់ឪពុកជាប់គុកកូននៅកំព្រា)។
២.ផឹកទឹកប្ដូរនិស្ស័យវាយម្ដាយក្មេកពេលប្រពន្ធចូលទៅឃាត់ចាក់មួយកាំបិតស្លាប់។
៣.ឪពុកចុងតាមរំលោភកូនស្រីអាយុ ១៣ ឆ្នាំលុះមរណាទោះម្ដាយនាងជម្លៀសទៅលាក់ផ្ទះលោកមេឃុំ។
៤.បុរសម្នាក់ស្រវឹងស្រាដុតផ្ទះបងថ្លៃឆេះម៉ដ្ឋ។
៥.ចាប់ផ្សឹកគ្រូសូត្រឆ្វេងវត្ដស្រែអម្ពិលព្រោះត្រូវអាបត្ដិសេពមេថុនជាមួយកម្មការិនីកាត់ដេរក្នុងកុដិ។
៦.តាចាស់អត់សីលធម៌ លួងនិងគំរាមក្មេងស្រីអាយុ៨ឆ្នាំរំលោភច្រើនដងចុងក្រោយជាប់ខ្នោះជាដើម។ល។
សូមជួយពិចារណា និងរួមចំណែកជាមួយគ្នា ក្នុងការអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋខ្មែរ ពីសីលធម៌សង្គមផង! ដោយ យស់ កាតង់