Monday, March 25, 2013

រងគ្រោះដោយចេតនាស្លាប់៣នាក់ ទទួលសំណង ៣០០០ដុល្លា

កំពង់ចាម: ក្រុមគ្រួសារ​សព​ជនរងគ្រោះ ដែល​ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ស្លាប់​ទាំងបី​នាក់ កាលពី​ម៉ោងជាង ៩ យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣​នោះ បានទទួល​សំណង​ពី​ខាង​ភាគី​រថយន្ត​បង្ក ដោយ​ក្នុង​សព​ម្នាក់ៗ ទទួលបាន​មួយ​ពាន់​ដុល្លារ និង​អង្ករ ២០០ គីឡូក្រាម​។​


​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា គេ​បាន​នាំយក​សំណង ដោយមាន​ទាំង​សមត្ថកិច្ច​មកជា​មួយ ចំនួន ១.០០០ ដុល្លារ និង​អង្ករ ២០០ គីឡូក្រាម និង​ម៉ូតូ​មួយគ្រឿង ទៅ​ឲ្យ​ម្ចាស់​ម៉ូតូ គ្រួសារ​សព​ឈ្មោះ អួន គឹម​ស្រ៊ា​ន​។ ក្រុមគ្រួសារ​ជនរងគ្រោះ​បន្តថា "​បើ​ខ្ញុំ​មិន​ព្រម​ទទួលយក ខ្លាចក្រែង​មិនបាន ហើយ​ម្យ៉ាងទៀត ខ្ញុំ​គ្មាន​លុយ​សម្រាប់​សង​ថ្លៃ​ធ្វើបុណ្យ ដូច្នេះ​ត្រូវតែ​ទទួលយក​ទាំង​បង្ខំចិត្ត​"​។​

​មតិ​មួយចំនួន​បាន​សម្តែង​ថា មនុស្ស​ស្លាប់​មួយ​ទាំងមូល តែ​បែរជា​អ្នកបង្ក​យក​សំណង​ត្រឹមតែ ១.០០០ ដុល្លារ និង​អង្ករ ២០០ គីឡូក្រាម តែ​ទោះបីជា​យ៉ាងណាក៏ដោយ សំណង​នេះ​វា​គ្រាន់តែ​ជាការ​ផ្តល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​ដោះស្រាយ​ធ្វើបុណ្យ​ប៉ុណ្ណោះ អ្នកបង្ក​ត្រូវតែ​ទទួលទោស​តាមច្បាប់ ព្រោះនេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ គឺ​បានសម្លាប់​មនុស្ស​រហូត​ដល់​បីនាក់​ឯណោះ​។ 

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ម៉ោងជាង ៩ យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ មាន​ករណី​រថយន្ត​បាន​បុក​ម៉ូតូ​ជិះ​ឌុប​គ្នា​បីនាក់ បណ្តាល​ឲ្យ​ស្លាប់​បីនាក់ នៅលើ​ស្ពាន​គី​ហ្សូ​ណា ខេត្តកំពង់ចាម​។​
    
​ប៉ូលិស​ចរាចរណ៍​ជើងគោក​ក្រុង​កំពង់ចាម បាន​ប្រាប់ថា ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន ១. បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ ឈ្មោះ អួន គឹម​ស្រ៊ា​ន អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​រោទ៍​កណ្តាល ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ​, ២. ឈ្មោះ កែ ផល​ឃ្លី ភេទ​ស្រី អាយុ ៣២​ឆ្នាំ និង ៣. ឈ្មោះ លី ញ៉ ភេទ​ស្រី អាយុ ២៧​ឆ្នាំ​។ ស្ត្រី​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ​។​
        
​ចំណែក​រថយន្ត​បង្កហេតុ ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 2P-5571 អ្នកបើក​បាន​រត់គេច​ខ្លួន​បាត់​។ ប៉ូលិស​បា​នស​និ្ន​ដ្ឋា​ន​ថា អ្នកបើកបរ ដែលជា​ម្ចាស់​រថយន្ត ទំនងជា​បុរស​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​មួយច្បាប់ នៅក្នុង​រថយន្ត ឈ្មោះ ប៉ក សុខា ឋានៈ​អនុសេនីយ៍ឯក ក្នុង​អង្គភាព​យោធា​ខាង​បញ្ជូន​សារ មាន​លេខ​អាយ​ឌី ២២៧៣ ប ស ម​៕