ពៅ បញ្ញាពេជ្រ ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់
ពៅបញ្ញាពេជ្រ |
ភ្នំពេញៈ តារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលខ្មាន់កាំភ្លើងបាញ់ឲ្យធ្លាក់ខ្លួនពិការអស់រយៈពេល៧ឆ្នាំនោះ បានវិលមកដល់ប្រទេសកម្ពុជាវិញកាលពីខែកញ្ញា ឆ្នាំ២០១២ ខណៈដែលនាង និងគ្រួសារអស់លទ្ធភាពបន្តការព្យាបាលនៅប្រទេសថៃ។ ក្រោយវិលត្រឡប់ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែនៅផ្ទះរបស់នាងម្តុំផ្សារសុវណ្ណាក្នុងភាពស្ងប់ស្ងាត់នោះ នៅពេលនេះជំងឺ ពៅ បញ្ញាពេជ្រ បានរើឡើងវិញ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីចុងសប្តាហ៍មុន។
តារាចម្រៀង ពៅ បញ្ញាពេជ្រ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ មុននាងត្រូវបានសង្គ្រោះបន្ទាន់ជាថ្មីម្តងទៀតថា៖«ការមកស្រុកខ្មែរព្រោះយើងអស់លុយព្យាបាលយើងខ្វះខាត យើងឈឺពេក គ្មានធនធានលុយកាក់ចូលពេទ្យញឹកទេ។ ឈឺហើយ បើយើងមិនទៅពេទ្យមានតែស្លាប់ ទៅពេទ្យអ៊ីចឹងយើងត្រូវចំណាយលុយ ជាបញ្ហាបច្ចុប្បន្ននិងខាងមុខរបស់យើង។ នៅស្រុកគេយើងចំណាយច្រើន ហើយមកផ្ទះយើងយើងចំណាយតិចជាងព្រោះយើងមានផ្ទះស្រាប់ យើងចង់ធ្វើអីយើងមានសព្វគ្រប់មិនសូវចំណាយច្រើនទេ។ បើយើងនៅខ្មែរនេះយើងចំណាយតែសម្រាប់ទី១ ពេទ្យ ទី២ ការធ្វើលំហាត់ប្រាណរាងកាយបែបវេជ្ជសាស្ត្រប៉ុណ្ណោះ ហើយយើងអត់ស្រួលយើងអាចទៅពេទ្យបាន»។
បញ្ញាពេជ្របន្តថា៖«ពេទ្យដែលខ្ញុំសម្រាកព្យាបាលនៅថៃហ្នឹងមានឈ្មោះថា មន្ទីរសម្រាកព្យាបាល ខេមា ហើយដុកទ័រដែលគាត់មើលខ្ញុំហ្នឹង គាត់ដុកទ័រមកពីបារាំងគាត់ឈ្មោះ សោម លក្ខិណា គាត់ខ្មែរតែមកពីបារាំង ជំងឺខ្ញុំគាត់មើលគាត់ដឹងទាំងអស់ហើយពេទ្យនោះមានពេទ្យបរទេសច្រើនហើយបើយើងមានបញ្ហាអាចទាក់ទងគាត់បាន។ បើយើងឈឺគឺត្រូវទៅពេទ្យ ហើយថ្នាំនោះគឺថ្លៃអាធម្មតាប្រើលែងកើតហើយ វាដូចជាស៊ាំ ថ្នាំហ្នឹងថ្លៃខ្លាំងណាស់ហើយបើយើងមិនចាក់វាអត់បាត់ឈឺវារលាក»។
ក្រោយសម្រាកនៅស្រុកខ្មែរបានជិតមួយឆ្នាំនៅពេលនេះ ជំងឺរបស់តារាចម្រៀងរូបនេះបានរើឡើងវិញកាន់តែខ្លាំង ហើយគ្រួសាររបស់នាងបានដឹកបញ្ជូននាងទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេមា ដែលទើបបង្កើតសាខាថ្មីនៅប្រទេសកម្ពុជានោះ។
ស្ថិតក្នុងសម្លៀកបំពាក់អ្នកជំងឺនៅមន្ទីរពេទ្យខេមាក្រោយពេលការពិនិត្យរបស់គ្រូពេទ្យតារាចម្រៀងដែលបាត់អាជីព និងស្ទើរបាត់បង់ជីវិតដោយសារគ្រាប់កាំភ្លើងគ្មានមេត្តានោះ បានឲ្យដឹងថា នៅពេលនេះ ជំងឺរបស់នាងធ្វើទុក្ខកាន់តែខ្លាំង ដែលទាមទារឲ្យនាងត្រូវធ្វើការព្យាបាលជាចាំបាច់បើមិនដូច្នេះទេមានតែដេកស្លាប់ទាំងវេទនាតែប៉ុណ្ណោះ។
តារាចម្រៀងរូបនេះបាននិយាយថា៖«នៅពេលនេះនាងខ្ញុំសូមជម្រាបផងដែរថា ឥឡូវនេះអាការជំងឺនាងខ្ញុំធ្វើទុក្ខខ្លាំងណាស់ ដោយមិនអាចទ្រាំបានបើមិនព្យាបាលប្រាកដជាស្លាប់តែដោយសារខ្វះខាតថវិកាខ្លាំងទើបនាងខ្ញុំខំប្រឹងថតជា video clib ដោយផ្ទាល់ពីមន្ទីរសម្រាកព្យាបាល ខេមា សូមមេត្តាទស្សនា និងមេត្តាជួយដោយក្តីអនុគ្រោះ ពីនាងខ្ញុំ ពៅ បញ្ញាពេជ្រ»។
គួរបញ្ជាក់ថា ខណៈពេលដែលកំពុងតែទទួលបានភាពល្បីល្បាញជាច្រើនឆ្នាំជាប់ៗគ្នាលើវិថីតារា និងកំពុងលេចចេញនូវសម្រស់កាន់តែក្មេងខ្ចីតារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារមកលើរូបនាងយ៉ាងសាហាវកាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០០៧ នៅវេលាម៉ោង៦ និង២០នាទីព្រឹកនៅមុខសាលាភាសាបរទេសមួយ ក្បែររបងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បណ្តាលឲ្យតារារូបនេះទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ចុងក្រោយបន្តទៅប្រទេសថៃហើយនៅពេលនេះនាងបានវិលមកកម្ពុជាវិញ៕
_______________ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍