Thursday, June 13, 2013

សិស្សជាង ៣ពាន់នាក់ ត្រូវបានផ្អាក ការសិក្សា ដោយសារ សាលារៀន ត្រូវទឹកលិច

បន្ទាយមានជ័យ ៖ សិស្សជាង ៣០០០នាក់ បានផ្អាកការសិក្សា សាលា០៤កន្លែង នៅជាយដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបិតទ្វារ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ក្រោយពីមានភ្លៀង ធ្លាក់ខ្លាំងជាប់គ្នា ប៉ុន្មានថ្ងៃកន្លងទៅ។
លោក ហេង ថន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ក្រុងប៉ោយប៉ែត បានថ្លែង តាមទូរស័ព្ទ ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា សិស្សជាង៣០០០នាក់ បានផ្អាកការសិក្សាដោយសារ សាលា ០៤កន្លែង ត្រូវបិទទ្វារ ជាបណ្តោះអាសន្ន សិនរង់ចាំ ទឹកភ្លៀង ស្រកទើបអនុញាតិឲ្យ ចូលរៀន ជាធម្មតាវិញ ។
លោកបានបន្តថា សាលាទាំង០៤កន្លែង ដែលប្រឈមនឹង ការជន់លិច ជាងគេរួមមាន សាលា បឋមសិក្សា ព្រហ្មនិមិត្ត សាលាបឋមសិក្សា អូរជ្រៅ អនុវិទ្យាល័យ បាលិលេយ្យ២ និងវិទ្យាល័យ អូរជ្រៅ ។ មកដល់ពេលនេះ លោកបានរាយការណ៍ ជូនទៅអាជ្ញាធរ មូលដ្ឋាន ឲ្យជួយរកវិធីកាយ បង្ហូររំដោះទឹកចេញ ពីសាលាហើយ ដើម្បីសម្រួលដល់ការ សិក្សាររបស់សិស្សផងដែរ។
លោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត បានថ្លែងថា ក្រោយពីទទួល ព័ត៌មាននេះ លោកបានដឹកនាំ ក្រុមការងារ សាលាក្រុងចុះទៅ ត្រួតពិនិត្យ និងបានចាត់ឲ្យ កម្មករកាយឡូស្ទះ លូចាស់ បើកមុខទឹកដើម្បី បង្ហូទឹកទៅ តំបន់ផ្សេងហើយ ។ ភូមិដែលប្រឈមខ្លាំង ជាងគេពេលនេះគឺ ភូមិក្បាលស្ពាន១ ភូមិបាលិលេយ្យ១ ភូមិបាលិលេ្យ២ ភូមិប្រជាធម្ម និងភូមិផ្សារកណ្តាល ផ្លូវគ្រួសក្រហម មួយចំនួន ត្រូវជន់លិច យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរបាន។
លោកបានបន្តថា ដើមចមដែលបណ្តាលឲ្យ មានការស្ទះ លូហូរទឹកមិនទាន់ បណ្តាលឲ្យមានការជន់លិចនេះ គឺបណ្តាលមកពីកត្តា ច្រើនយ៉ាង ទី១/គឺបណ្តាលមកពី ប្រពន្ធ័លូមួយចំនួន ជាលូសល់ពីម័យមុន ទី២/ គឺបណ្តាលមកពី រថយន្តតូចធំ ម៉ូតូ និងរ៉ឺម៉កមួយចំនួន ធំដឹកទំនិញ ដឹកដី មានដីជាប់តាមកង់ ឡើងពីតាម ភូមិមកធ្វើឲ្យមានដីជ្រុះរាយ លើផ្លូវពេលភ្លៀងធ្លាក់ ហូរចូលលូទី ៣/ក្រុមហ៊ុន និងហាង លក់គ្រឿងសំណង់ ឥដ្ឋ ខ្សាច់ ថ្ម ចាក់គទុកក្បែរ ចិញ្ចើមផ្លូវ ពេលខ្លះ ហ៊ាលើផ្លូវក៏មាន និង ទី៤/គឺការចោល កាកសំណល់ និងសំរាម ដោយគ្មាន ការវិចខ្ចប់ ត្រឹមត្រូវ ក៏ជាប្រភព នៃមូលហេតុដែរ ព្រោះពេលមានភ្លៀងធ្លាក់ ខ្លាំងវត្ថុទាំងនោះនឹង ត្រូវហូរចូលលូ បង្កឲ្យមានការ កកស្ទះមិនអាចហូរ ទាន់ទើបមានការ ជន់លិចបែបនេះ។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ទឹកជន់លិចខ្លាំង ជារៀងរាល់ឆ្នាំគឺចំណុចចំណត រថយន្តធំរបស់ លោក ផាន់ សុមន្តថា ស្ថិតនៅចំណុច បេនចាន ភូមិបាលិលេយ្យ ម្ចាស់ពុំមានការរៀបចំចាក់បេតុង រៀបចំប្រពន្ធ័លូទឹក ឲ្យបានត្រឹមត្រូវទេ ពេលទឹកលិច រថយន្តមិនអាចចូលចតដឹក ទំនិញបាន ហើយរថយន្ត ទាំងនោះ បានមកចតលើ ចិញ្ចើមផ្លូវ ធ្វើឲ្យដីជាប់តាមកង់ ជ្រុះពេលផ្លូវ បើនិយាយឲ្យចំ ទៅម្ចាស់ទីតាំងនេះ មិនចូលរួមជាមួយ អាជ្ញាធរទេ ធ្វើបេនចាំតែយកលុយ ពីឡាន តែប៉ុណ្ណោះ៕














ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល