អ្នកបឹងកក់៖ ក្រសួងព័ត៌មានបំបិទសិទ្ធិនិងសំឡេងអ្នករងគ្រោះ
ប្រជាពលរដ្ឋបានហៅសេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន ដែលបានហាមមិនឲ្យវិទ្យុអែហ្វអឹម (FM) ក្នុងស្រុកផ្សាយបន្តកម្មវិធីព័ត៌មានជាភាសាខ្មែររបស់វិទ្យុបរទេស ថារឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការទទួលព័ត៌មានធ្ងន់ធ្ងរ ហើយទាមទារឲ្យមានការដោះស្រាយបញ្ហានេះជាបន្ទាន់។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ មានគម្រោងជួបជុំគ្នាហែញត្តិតវ៉ាទៅក្រសួងព័ត៌មាន ទាក់ទងជាមួយការហាមវិទ្យុអែហ្វអឹម ក្នុងស្រុកផ្សាយបន្តវិទ្យុបរទេសដែលផ្សាយជាខេមរភាសា ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត ៣១ថ្ងៃ និងក្នុងថ្ងៃបោះឆ្នោត។
សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា គ្រួសារអ្នកស្រី និងអ្នកភូមិបឹងកក់ ដែលរងផលប៉ះពាល់ពីការបណ្ដេញចេញដោយបង្ខំ នឹងត្រូវបាត់សំឡេងតវ៉ាពីការរំលោភ និងជិះជាន់ពីអ្នកមានលុយ និងមានអំណាច៖ «ជាពិសេស គឺវិទ្យុអាស៊ីសេរី ហ្នឹង គឺជាវិទ្យុឯករាជ និងផ្ដល់ព័ត៌មានដែលពិតៗ និងយុត្តិធម៌»។
អ្នកស្រីបន្តថា ក្រុមអ្នកភូមិ និងសហគមន៍ដែលរងផលប៉ះពាល់ពីការបណ្ដេញចេញ មានគម្រោងជួបប្រជុំគ្នា ដើម្បីធ្វើការតវ៉ា និងដង្ហែញត្តិទៅមុខក្រសួងព័ត៌មាន ដើម្បីសុំឲ្យក្រសួងបើកការផ្សាយបន្តវិទ្យុអន្តរជាតិ ដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ឡើងវិញ។
ស្រដៀងគ្នានេះដែរ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន មានប្រសាសន៍ថា ប្រសិនបើក្រសួងបិទការផ្សាយបន្ត គួរណាស់តែបិទវិទ្យុក្នុងស្រុកដែរ ព្រោះវិទ្យុក្នុងស្រុកភាគច្រើនមិនដែលបានផ្សាយពីទុក្ខលំបាក និងវិនាសខ្លោចផ្សារបស់ប្រជាពលរដ្ឋនោះទេ៖ «ដល់អីចឹង ប្រសិនបើអត់ពីពីរហ្នឹងទៀត ពួកខ្ញុំចប់ហើយ ដូចផ្ដាច់ជីវិតពួកខ្ញុំចោលហ្មង និយាយទៅណា៎អានេះចំពោះអ្នកដែលពួកខ្ញុំកំពុងតែរងគ្រោះកំពុងប្រឈមមុខណាបង»។
ក្រុមអាជីវករ អ្នករត់ម៉ូតូឌុប អ្នកលក់ដូង និងទឹកសុទ្ធនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ស្នើសុំក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល អនុញ្ញាតឲ្យវិទ្យុអែហ្វអឹម ក្នុងស្រុកទាំងអស់បានផ្សាយបន្តនូវកម្មវិធីវិទ្យុអន្តរជាតិឯករាជ្យឡើងវិញជាបន្ទាន់៖ «សំណូមពរឲ្យរដ្ឋាភិបាលហ្នឹង បើកវិទ្យុអាស៊ីសេរី វិទ្យុវីអូអេ (VOA) ហ្នឹង ឡើងវិញ កុំធ្វើបាបប្រជាជនអួតខ្លួនឯងថាខ្លួនប្រជាធិបតេយ្យ ហើយមកបិទសិទ្ធិប្រជាជនអីចឹង អត់ត្រឹមត្រូវទេ។ វាអាចមានផលប៉ះពាល់បានគេឲ្យផ្អាកផ្សាយបើអត់បញ្ហា គេមិនអាចឲ្យផ្អាកបានទេ យល់ឃើញថាអីចឹងណា៎។ យី! ចង់ឲ្យបើកស្អែកហ្នឹង ព្រោះមនុស្សត្រូវការស្ដាប់ព័ត៌មានដូចបាយទឹកយើងត្រូវហូបអីចឹង ដល់ម៉ោងឲ្យតែដល់ម៉ោងរត់ទៅ ខ្ញុំរត់ម៉ូតូឌុបក៏ដោយ តែដល់ម៉ោងខ្ញុំរត់ទៅស្ដាប់អាស៊ីសេរី ហើយ»។
ប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ឈ្មោះ ដេ ប៉ូ មានប្រសាសន៍ថា រូបលោក និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើននាក់ មានការហួសចិត្តចំពោះក្រសួងព័ត៌មាន ដែលបានផ្អាកការផ្សាយបន្តកម្មវិធីវិទ្យុបរទេសជាខេមរភាសាតាមវិទ្យុអែហ្វអឹម ក្នុងស្រុកនេះ។ លោកបន្តថា ប្រជាពលរដ្ឋបាត់ឱកាសក្នុងការទទួលព័ត៌មាន និងរឿងរ៉ាវសំខាន់ៗដែលកើតឡើងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត៖ «ខ្ញុំជាប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលព័ត៌មាន ខ្ញុំមានសម្បត្តិរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែរ ហេតុអីបានជាប្រជាពលរដ្ឋមិនអាចទទួលព័ត៌មានទាំងអស់នេះបាន ហើយសុខៗបែរទៅបិទវិទ្យុ»។
ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៣ បានចេញសេចក្ដីណែនាំមួយ ប៉ុន្តែលិខិតនោះបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៨ មិថុនា ដោយបានណែនាំដល់ស្ថានីយវិទ្យុអែហ្វអឹម ក្នុងស្រុកទាំងអស់ត្រូវផ្អាកការផ្សាយបន្តកម្មវិធីវិទ្យុបរទេសជាខេមរភាសា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរយៈពេល ៣១ថ្ងៃ និងក្នុងថ្ងៃបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។