កម្តៅបាយកក
«ពង
មាន់ ដែលស្ងោរជិតឆ្អិនទៅហើយ បែរជាដុះស្លាបហើរទៅបាត់!
ឈឺចិត្តណាស់! ឈឺចិត្តណាស់…» នេះជាពាក្យសម្ដី ឆាវ ឆាវ
ក្នុងពេលដេញសម្លាប់ លាវប៉ី ធ្វើដំណើរដឹកនាំប្រជារាស្រ្ត
គ្រាហ៍ចាស់ៗ ដឹកដៃក្មេងៗ ចេញពីជិញចូវទៅស៊ីយាគ។
គឺដូចរាស្រ្តខ្មែរ កាលពីឆ្នាំ ១៩៩៣
ដែលគេយកបាយមកបញ្ចុកដល់មាត់ទៅហើយបែរជាគេមកឆក់យកចេញទៅបាត់
។ សួរចិត្តខ្លួនឯងទៅមើល? តើឈឺចិត្តប៉ុនណា ពេលហ្នឹង? បើចំណីមកដល់មាត់ទៅហើយ បែរជាមកខ្វេះយកទៅបាត់អ៊ីចឹង។
កាលពីឆ្នាំ១៩៩៣
ប្រជារាស្រ្តសង្ឃឹមថា នឹងចាប់ផ្តើមទទួលបានពន្លឺលទ្ធិប្រជាធិបតេយ្យ
អាចជ្រើសរើសតំណាងដឹកនាំរបស់ខ្លួន
តាមរយៈការបោះឆ្នោតដែលជ្រោមជ្រែងដោយអង្គការសហប្រជាជាតិ។
ពេលបោះឆ្នោតចប់សព្វគ្រប់ ក៏មានរឿងរកាំរកូស
រហូតដល់មាននាយករដ្ឋមន្រ្តី២
ដែលមិនដែលមានក្នុងប្រវត្តិសាស្រ្តពិភពលោក។ នៅឆ្នាំ ១៩៩៧
ក៏មានសង្រ្គាមផ្ទៃក្នុងបែងចែក សនិងខ្មៅ ខ្លាខាំគ្នា
ធ្លាក់ពីលើភ្នំ រហូតដល់បោះឆ្នោតឆ្នាំ១៩៩៨ ខ្លាស ចាញ់
ទន់ដៃទន់ជើង ហើយ នៅឆ្នាំ២០០៣ ក៏បោះឆ្នោតម្តងទៀត
ក៏កាន់តែទន់ដៃទន់ជើង
ប្រជារាស្រ្តក៏លែងមានទឹកចិត្តលែងចង់ទៅបោះឆ្នោត
ចង់អ្នកណាឡើងកាន់អំណាច
ក៏មិនខ្ចីខ្វល់ចាប់ផ្តើមយកប្រាសអាយ៉ូសរៀងៗខ្លួន
ប្រែក្លាយសង្គមមួយដែលពីដូនតាមក
ខ្មែរធ្លាប់តែជាសង្គមពោរពេញដោយក្តីស្រឡាញ់ចេះអត់ឱន
ចេះចែកគ្នារស់ អ្នកមានជួយអ្នកក្រ អ្នកល្អជួយអ្នកអាក្រក់
អ្នកចេះបង្រៀនអ្នកល្ងង់ អ្នកខ្លាំងជួយអ្នកខ្សោយ
រហូតកសាងអង្គរវត្តទុកជាកេរដំណែល ដែលមានតម្លៃមហាសាល
មិនអាចកាត់ថ្លៃបាន ទៅជាសង្គមមួយ ដែលដណ្តើមគ្នារស់
អ្នកមានប្លន់អ្នកក្រ អ្នកល្អបម្រើអ្នកអាក្រក់ អ្នកខ្លាំង
ជាន់អ្នកខ្សោយអ្នកចេះកៀបអ្នកល្ងង់ សង្គមច្របូកច្របល់ សទៅជាខ្មៅ
ល្អទៅជាអាក្រក់ចិត្តរាស្រ្តអាណោចអាធ័ម ហួសនឹងធ្វើការពណ៌នា។
នៅឆ្នាំ ២០០៨
មានគណបក្សប្រឆាំងដល់ទៅ ២។
គណបក្សដែលធ្លាប់មានឥទ្ធិពល(ហ៊្វុនស៊ិនប៉ិច)ក៏បែកខ្ញែក
ចេញជាពីរ ទ័ពអស់កម្លាំង អស់ស្បៀង អាវុធច្រែះចាប់ អ្នកប្រាជ្ញ
បានទៅចុះចូលជាមួយគណបក្សប្រជាជន ហើយអ្នកខ្លះ ក៏ទៅចិញ្ចឹមមាន់ទា
នៅព្រៃភ្នំ អស់សង្ឃឹម
ដេកចាំឲ្យព្រហ្មលិខិតចាត់ចែងជោគវាសនាជីវិតរបស់ខ្លួន។
ប្រជារាស្រ្តស្រេកឃ្លាន បាយមួយឆ្នាំងនេះ
តាំងពីជំនាន់សង្គមរាស្រ្តនិយមបានត្រូវផ្តួលរលំ នៅឆ្នាំ១៩៧០ មក
ឆ្លងកាត់សង្រ្គាមបង្ហូរឈាម វាលពិឃាត រាស្រ្តរងទុក្ខ
ស្លាប់ជិតផុតពូជហើយសង្ឃឹមថា បានភ្លក្សបានឆ្ងាញ់មាត់ឆ្នាំងថ្មី
នៅឆ្នាំ ១៩៩៣នេះ។ ពេលនោះបាយមួយឆ្នាំង
ដែលដាំមិនទាន់ទាំងបានហូបស្រួលបួលផង គេក៏ប្លន់យកទៅវិញបាត់
អស់ទាំងអង្ករ អស់ទាំងឆ្នាំង អស់ទាំងជង្រុក។
តាំងពីពេលនោះមក
បាយក្តៅក៏ក្លាយជាបាយកក ពីមួយអាណត្តិទៅមួយអាណត្តិ បាយកក
ក៏សឹងក្លាយជាបាយផ្អូមទៅហើយ។ ប្រជារាស្រ្ត
អស់កម្លាំងទន់ដៃទន់ជើង ទឹកភ្នែកទឹកសំបោរ អ្នកមានកាន់តែមាន
អ្នកក្រកាន់តែក្រ អ្នកល្អកាន់តែខ្សោះ អ្នកអាក្រក់កាន់តែកើន។
និយាយឲ្យស្រួលស្តាប់ ធ្វើនយោបាយតាំងពីបាយក្តៅរហូតក្លាយជាបាយកក
ចង់ក្លាយជាបាយផ្អូម បក្សប្រឆាំងនៅតែប្រឆាំង
ពីមួយអាណត្តិទៅមួយអាណត្តិគ្មានបានការ ចេះតែស្រែក
គ្មានដំណោះស្រាយ រាស្រ្តនៅតែ រងទុក្ខ។ ដឹងថា គេលេងល្បិច
ដឹងថាគេបោក ដឹងថាគេបន្លំ តែគ្មានវិធីទប់ទល់
គ្មានវិធីពន្យល់រាស្រ្ត រស់នៅតែទីក្រុង ពេលជិតបោះឆ្នោត
បានចុះទៅជួបម្ចាស់ឆ្នោត។
បើធ្វើតែយ៉ាងនេះប្រឆាំងដល់គាស់ដូនតាមកទៀត
ក៏នៅគ្មានបានការអីដែរ។
មិត្តយល់ចិត្តម្នាក់នៅលើ Facebook បាននិយាយថា «សមុទ្រប្រៃ តែចង់ផឹកទឹកសាប? អ៊ីចឹងត្រូវមើលថា អ្នកឯងមានសមត្ថភាព ធ្វើទឹកប្រៃឲ្យទៅជាទឹកសាបបានដោយរបៀបម៉េច? មិនមែនបន្ទោសថា មកពីសមុទ្រប្រៃនោះទេ? អង្គុយបន្ទោសដល់គាស់ដូនតាអស់លោកមកទៀត ក៏សមុទ្រមិនខ្ចីឈឺក្បាល វានៅតែប្រៃដដែល។ មានតែមនុស្សនៅលើទូកដែលស្រេកទឹកស្លាប់បណ្តើរៗ»។
ឆ្នាំ ២០១៣នេះគ្រាន់តែឃើញ
គណបក្សប្រឆាំងពីរ រួបរួមគ្នាមកតែមួយ
អ្នកដឹកនាំទាំងពីរព្រមសហការគ្នា ចែកមុខងារគ្នា ម្នាក់កាន់ដាវ
ម្នាក់កាន់លំពែង រាស្រ្តលើកដៃគាំទ្រ ទូងស្គរទាំងក្នុងទាំងក្រៅ
ទាំងចាស់ទាំងក្មេង សង្ឃឹមបានបាយឆ្ងាញ់ ក្នុងឆ្នាំ ២០១៣នេះ
ទោះបីមិនឆ្អែត ក៏បំបាត់ការស្រេកឃ្លានខ្លះដែលមានតាំងពី ឆ្នាំ
១៩៩៣មកដែរ។ ធ្វើនយោបាយត្រូវតែយកចិត្តរាស្រ្ត
លេងអុកត្រូវតែប្រើល្បិច។ តែក្រឡាអស់លោកដើរនេះ គឺគេហៅថា
ក្រឡារួញ។ កូនអុកពេញក្តារដើរតែកូនត្រីពីរបី។ វិធីសាស្រ្តដដែលៗ
ធ្វើឲ្យគណបក្សប្រជាជន វ៉ៃបក មិនអាចតដៃបាន។ ដឹងខ្លួនហើយ
ថាយើងគ្មានចំណុចខ្សោយអី ក្រៅពីរឿងបុគ្គលទេ
នៅតែធ្វើឲ្យថ្លោះធ្លោយទៀត។ មើលចុះ គោល សេះ នាង
ទូកនៅពេញក្តារអុក ប្រើតែត្រីបកពីរបី
បញ្ឆោតចុះឡើងគេស៊ីបាត់ដូចជាករណីរឿងគុកទួលស្លែងអ៊ីចឹង។
ចង់មិនចង់ចំណេញអស់ត្រីបកមួយ។
ក្នុងល្បែងអុក
គឺត្រូវតែដើរមិនអាចទុកយូរទេ។ តែត្រង់ថា តើត្រូវដើរទៅមុខ ឬ
ថយក្រោយ? វាយលុក ឬការពារ? កូនណាវាយលុក កូនណាបញ្ឆោត កូនណាការពារ
សុទ្ធតែត្រូវគិតគ្រប់ជំហាន។
អស់លោកដឹងទេថា
រាស្រ្តប្រហោងពោះខ្លាំងណាស់ បើដើរដូចអស់លោកសព្វថ្ងៃនេះ។
បើនៅតែវាយរុលទៅមុខ
ទុកប្រហោងខាងក្នុងយ៉ាងនេះបាយមួយឆ្នាំងដែលរាស្រ្តទាំងនគរ
កំពុងរង់ចាំច្បាស់ជាផ្អូមគ្មានរសជាតិមិនខាន។
និយាយឲ្យស្រួលស្តាប់តាំងពីចងសម្ព័ន្ធភាពមកចំណុចខ្សោយមានកាន់តែ
ច្រើនតាំងពីថ្នាក់កំពូល(ថ្នាក់ជាតិ)រហូតដល់ថ្នាក់មូលដ្ឋានថ្វី
ដ្បិតតែវាបង្កើតឲ្យមានចំណុចខ្លាំងផ្នែកយុទ្ធសាស្រ្តជាច្រើនមែន
ជាពិសេស គឺភាពផុយស្រួយលើសម្ព័ន្ធភាព និងការបញ្ជាទ័ព។
ជាក់ស្តែងឯកឧត្តម កឹម សុខា ស្រវាតែប្រជាប្រិយភាពខ្លួនឯង
ពេលចុះជួបប្រជារាស្រ្តមិនសូវដែលលើកនិយាយពីឯកឧត្តមសម
រង្ស៊ីប៉ុន្មានទេ។ចង់មិនចង់ ខ្សែខាងឯកឧត្តម សម រង្ស៊ី
ច្បាស់ជាមានការអាក់អន់ស្រពន់ចិត្តជាមិនខាន ទោះតិច ឬ
ច្រើនក្តី។ ដូច្នេះហើយ គឺខាងកូនចៅ ឯកឧត្តម សម រង្ស៊ី
ខំរកវិធីយ៉ាងណា ឲ្យមេរបស់ពួកគេបានចូលស្រុក
ដើម្បីកុំឲ្យឯកឧត្តម កឹម សុខា អួតក្អេងក្អាងពេក។ បើសិន ជាឯកឧត្តម
សម រង្ស៊ី ចូលស្រុក ក្នុងពេលមុនបោះឆ្នោតនេះ គឺល្បិច
សប់ប៉េងប៉ោងឲ្យតឹងហើយចាក់បំបែកពិតជាបានសម្រេចជាក់ជាមិនខាន។
ម្យ៉ាងទៀត គណបក្សប្រឆាំង ចង់ឈ្នះ តែមិនចង់ទន់ភ្លន់។ និយាយស្តី
បង្កើតចំណុចខ្សោយឲ្យគេចាប់បាន។ ហ៊ានស៊ីតែមិនហ៊ានសង។
រឿងដែលត្រូវនិយាយមិននិយាយ បែរជាទៅនិយាយរឿងចងក្រឡាខ្លួនឯង។
ដូចជាករណីគុកទួលស្លែង។ តើវាចំណេញអីទៅ ដែលនិយាយរឿងហ្នឹង?
ជាល្បិចជនណាមួយមិនសំខាន់ទេ
តែការកាប់សម្លាប់ពិតជាមានមែនហើយប្រជារាស្រ្ត
ក៏មិនបានផ្តោតអារម្មណ៍រឿងហ្នឹងខ្លាំងដែរ។ មួយថ្ងៃៗ
គ្នាគិតតែធ្វើម៉េច ឲ្យបានបាយហូប កូនបានរៀនសូត្រ បានការងារធ្វើ
បារម្មណ៍ខ្លាចគេមកយកដីធ្លីផ្ទះសម្បែងខ្លាចឈឺគ្មានលុយព្យាបាល
ជំងឺ ដែលសុទ្ធតែមានចែងក្នុងគោលនយោបាយគណបក្ស
ហើយជារឿងដែលត្រូវនិយាយប្រាប់ប្រជារាស្រ្តឲ្យដឹង។ បើដឹងថា
ចំណុចខ្លាំង របស់គណបក្សប្រជាជន គឺថ្ងៃ ៧ មករា ដែលជាចម្រៀង
រត់មាត់របស់ប្រជាជនទៅហើយ នៅតែលើកមកនិយាយទៀត។
ឆាវ ឆាវ ក្នុងរឿងសាមកុកនិយាយថា
«កើតមកជាមនុស្ស គឺច្បាស់ជាត្រូវគេជេរ
ហើយក៏ត្រូវចេះជេរគេវិញដែរ តែសំខាន់ គឺថា អ្នកណាជេរពីរោះជាង
អ្នកណាជេរសមជាងនរណា»។ ខាងគណបក្សប្រជាជន
គេមានប្រព័ន្ធផ្សព្វផ្សាយ
ហើយគេមានតួអង្គសម្រាប់ជេរតាមកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ។
តែការជេរនេះ គឺមិនចំណេញទេ ព្រោះជេរមិនមែនសម្រាប់ប្រជារាស្រ្ត។
បើជេរដើម្បីរាស្រ្ត គឺរាស្រ្តច្បាស់ជាគាំទ្រ ទេវតា ក៏ជួយជេរដែរ។
ម្យ៉ាងទៀត បើនិយាយពីគោលនយោបាយគឺពិតជាមានឥទ្ធិពលណាស់
តែពេលផ្តើមធ្វើ ពឹងលើប្រជាប្រិយភាពរបស់បុគ្គល
ដែលមិនខុសពីគណបក្សប្រជាជនឡើយ។ គ្រប់ទីកន្លែង
គឺលើកសរសើរតែបុគ្គល គឺឯកឧត្តម កឹម សុខា
ដែលគួរតែបង្ហាញសមាសភាពថ្នាក់ដឹកនាំ
និងសមត្ថភាពបេក្ខជនតំណាងរាស្រ្ត និង
រដ្ឋមន្រ្តីឲ្យគេចុះជួបប្រជាពលរដ្ឋ បង្ហាញពីសមត្ថភាព ឆន្ទៈ និង
ឧត្តមគតិ។ ឲ្យគេបោះឆ្នោតឲ្យបុគ្គល អ្នកតំណាងរាស្រ្តដែលគេពេញចិត្ត
ជាជាងបោះឆ្នោតឲ្យគណបក្ស។ នេះគេហៅថា «បើចង់ឈររឹងមាំ គឺត្រូវបណ្តុះឈើមួយដើម ឲ្យទៅជាព្រៃ ទើបអាចទប់ទល់ខ្យល់ព្យុះគ្រប់ទិសទីបាន»។
ខ្វះអីអ្នកមានសមត្ថភាព ដូចជាឯកឧត្តម សុន ឆ័យ ឯកឧត្តម យ៉ែម
បុញ្ញឫទ្ធិ លោកតា វណ្ណ ម៉ូលីវណ្ណ។ល។និង ។ល។ ហើយ
ក៏ត្រូវប្រាប់ប្រជារាស្រ្តដែរថា តើអ្នកណាកាន់ក្រសួងណា
មានសមត្ថភាពអី ហើយមានវិធីសាស្រ្តអីដែរ ប្រើរយៈពេលប៉ុន្មាន។
គោលនយោបាយ គឺសំខាន់ សម្រាប់គណបក្ស
តែអ្នកអនុវត្តគោលនយោបាយគឺរឹតតែសំខាន់ទៅទៀត បើមិនដូច្នេះទេ
មិនខុសអីពីគណបក្សប្រជាជន ដែលមានគោលនយោបាយល្អ តែមិនអនុវត្ត?
ឬអនុវត្តដែរ តែមានប្រសិទ្ធភាពតិចតួចនោះ?
មិត្តយល់ចិត្តនៅលើ Facebook ម្នាក់ទៀត នៅពេលខ្ញុំសួរថា តើកម្ដៅបាយកកមួយឆ្នាំងនេះយ៉ាងម៉េច គាត់ឲ្យយោបល់ថា «….ត្រូវយកបាយមួយកូនចានចង្កិះនោះរកចុងភៅពូកែម្នាក់ ចម្អិនបាយកកឲ្យក្លាយជាបាយឆ្ងាញ់មួយចាន… តែបាយឆ្ងាញ់មួយចាននេះមិនឲ្យធ្វើហើយចែកអ្នកក្រទេ ត្រូវចែកសេដ្ឋីណាម្នាក់ ដើម្បីដូរយកស្បៀងមួយជង្រុក។ បើគាត់សាញថា បាយមួយចាននោះតិចពេក អ៊ីចឹងលោកប្អូន ត្រូវប្រាប់គាត់ថា វាគ្រាន់តែជាអំណោយបើកផ្លូវ នៅមានអំណោយធំៗបន្តទៀត»។
ដូច្នេះ គណបក្សប្រឆាំង ត្រូវឆ្លុះបញ្ចាំង ពីសមត្ថភាពខ្លួនឯងមើល
ថាមានសមត្ថភាព ចម្អិនម្ហូបអាហារមួយចានចង្កឹះ ក្នុងចំណោម
បាយកកដែលស្ទើរតែផ្អូម មួយឆ្នាំងនេះ ដែលសល់តាំងពីឆ្នាំ ១៩៩៣ មក
ដោយរបៀបណា? ហើយមានសមត្ថភាព
រកឃើញអ្នកមានម្នាក់ដើម្បីដូរយកជង្រុកស្រូវដ៏ធំមួយ
ដើម្បីចិញ្ចឹមរាស្រ្តបានដោយរបៀបម៉េច? តាមគំនិតគាត់
គឺបាយមួយឆ្នាំងនេះ គឺហូបមិនឆ្អែតទេ
គឺត្រូវរកជង្រុកស្រូវធំមួយ ដើម្បីដាំបាយមួយឆ្នាំងធំ
សម្រាប់ប្រជារាស្រ្តទាំងមូលនៅឆ្នាំ ២០១៨ ហើយ
អ្នកមានម្នាក់នេះអ្នកខ្លះ
កំពុងលាក់ឈ្មោះក្រោមស្លាកអង្គការសង្គមស៊ីវិល អ្នកខ្លះ
នៅគណបក្សប្រជាជន ហើយអ្នកខ្លះ
ក៏កំពុងអង្គុយលេងអុកនៅតៀមកាហ្វេដែរ។ បើមិនអាចប្រមូល
អ្នកមានសមត្ថភាព(អ្នកមាន
ក្នុងឧទាហរណ៍នេះ)ដើម្បីដូរយកជម្រុកស្រូវ(យុទ្ធសាស្រ្ត
និងវិធីសាស្រ្តនៃការដឹកនាំប្រទេស)បានទេ
ទោះបាយដាំឆ្អិនក៏ដោយក៏រាស្រ្តនៅតែហូបមិនឆ្អែតដែរ។
ល្បែងអុកមួយក្តារនេះ
គឺដើម្បីឈានជើងមួយជំហានទៅមុខ
ហើយក៏ដើម្បីប្រមូលធនធានសម្រាប់ឆ្នាំ២០១៨
គឺដូចជាធ្វើម្ហូបមួយចានចង្កឹះដើម្បី
ផ្គាប់ចិត្តអ្នកមានម្នាក់ដូរយកជង្រុកស្រូវដ៏ធំមួយសម្រាប់
រាស្រ្តទូទាំងនគរ។ ដូច្នេះមិនអាចលេងសើចបានទេ។
បើដើរខុសតែបន្តិច គឺប្រជារាស្រ្ត
ទាំងនគរច្បាស់ជាអត់បាយស្លាប់មិនខាន ពិបាកនឹងស្រោចស្រង់ណាស់។
មិនថាតែអ្នកទស្សនាទេដែលដឹងថា គណបក្សប្រជាជនវាយលុកចំណុចណា
បញ្ឆោតចំណុចណា
គណបក្សប្រឆាំងខ្លួនឯងក៏ដឹងច្បាស់ជាងអ្នកទស្សនាទៅទៀត។
ជាក់ស្តែងណាស់ បើមិនចង់ឲ្យគណបក្សប្រឆាំង (សម រង្ស៊ី និង
សិទ្ធិមនុស្ស) រួបរួមគ្នា គឺងាយស្រួល ដូចជាបកចេកអ៊ីចឹង។
គឺគ្រាន់តែឲ្យឯកឧត្តម សម រង្ស៊ីចូលស្រុក កាលពីឆ្នាំទៅ នោះ
គឺគណបក្សទាំងពីរមិនអាចរួបរួមគ្នាបានទៅហើយ។ ល្បិចមួយនេះហៅថា
សប់ប៉េងប៉ោងឲ្យតឹង ហើយចាក់ទម្លុះឲ្យបែកខ្ចាត់ខ្ចាយ។
ចង់និយាយថា រុញឲ្យការរួបរួមនេះបានសម្រេច ហើយចាំបំបែកជាក្រោយ។
បើបែកលើកនេះ គឺរាស្រ្តពិតដាច់បាយស្លាប់មិនខាន។ ពេលនោះ
បាយកកដែលសល់ពីឆ្នាំ១៩៩៣ ពិតជាផ្អូមមែនទែនហើយ
គ្មានទេវតាណាមកជួយបានទេ។ ដូច្នេះ
បើគណបក្សប្រជាជនបើកឲ្យស៊ីត្រីទឹម(ការរួបរួមគ្នា)នេះទៅហើយគឺ
មិនអាចមានការថ្លោះធ្លោយទេ។
មិនអាចឲ្យល្បិចសប់ប៉េងប៉ោងឲ្យតឹង
ហើយចាក់បំបែកបានសម្រេចជាដាច់ខាត។
ត្រូវតែសម្រួលក្បួនទ័ពឡើងវិញ។ ទ័ពគ្មានវិន័យ ជាទ័ពបរាជ័យ។
អ្នកប្រឆាំងនិងបញ្ជាគឺត្រូវតែកាត់ក្បាល។ ក្នុងជំរំទ័ព
គឺគ្មានសាច់ញាតិអ្នកធំ គ្មានសែរាជវង្សទេ គឺមានតែមេទ័ព
និងកូនទាហាន ទើបជាទ័ពមានវិន័យដែលផ្តល់ក្តីសង្ឃឹមជូនរាស្រ្ត។
កូនអុកទាំងអស់ត្រូវតែដើរស្របគ្នា។ បោះឆ្វេងឡើងស្តាំ ឡើងទៅមុខ
ការពារខាងក្រោយ។ ត្រូវតែបែងចែក មុខនាទីរៀងៗខ្លួន
ឲ្យច្បាស់លាស់។ អ្នកណាខ្លាំងខាងការពារ ឲ្យការពារ។
អ្នកខ្លាំងខាងវាយលុយ ឲ្យវាយលុយ
អ្នកខ្លាំងខាងទូងស្គរឲ្យទូងស្គរ អ្នកខ្លាំងខាងបញ្ឆោតឲ្យបញ្ឆោត
អ្នកខ្លាំងខាងកាន់ស្បៀងឲ្យកាន់ស្បៀង មិនអាចធ្វេសប្រហែស
សូម្បីតែបន្តិច។ ពេលថ្ងៃត្រូវតែវាយលុក
ពេលយប់ឈប់សម្រាកត្រូវតែយាម មិនអាចធូរលុងជាដាច់ខាត។
បាយមួយឆ្នាំងដែលសល់ ពីឆ្នាំ ១៩៩៣នោះគឺពឹងលើក្តាអុកមួយក្តានេះហើយ។
ជាចុងបញ្ចប់
ខ្ញុំបាទសូមអភ័យទោសសាជាថ្មី នូវកំហុសឆ្គងដោយអចេតនា
តាមរយៈអត្ថបទវិភាគ ដែលចេញពីគំនិត និង ចំណេះដឹង ស្តួចស្តើង៕
_____________
ប្រភពពី ខ្មែរស្ថាបនា