Wednesday, June 19, 2013

សមត្ថកិច្ច​ទប់​អ្នក​បឹងកក់​មិន​ឲ្យ​ចេញ​តវ៉ា (ភ្នំពេញប៉ុស្តិ៍ )




ស្ត្រី​អ្នក​ភូមិ​បឹងកក់​ម្នាក់​នេះ សម្ដែង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ដោយ​បាន​ធ្វើ​ការ​គប់​អំបិល​ ម្ទេស និង​អង្ករ​​​ ទៅ​លើ​​សមត្ថកិច្ច​​ដែល​បាន​រារាំង​គាត់​និង​អ្នក​ភូមិបឹង​កក់​ប្រ​មាណ​ជា​ង ​៦០​​នាក់​ផ្សេង​ទៀត​ មិន​ឲ្យ​ដើរ​ដង្ហែក្បួន​ទៅ​កាន់​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ជាទី​ដែល​ គណៈប្រតិភូមក​ពី​បណ្ដា​ប្រទេស​ចំនួន​១២០​ជួប​ប្រ​ជុំ​គ្នា។ រូប ជីវ័ន

ភ្នំពេញៈ កង​កម្លាំង​សមត្ថកិច្ច​រាជធានី រាប់​រយ​នាក់ បាន​ធ្វើ​ការ​រាំង​ខ្ទប់​អ្នក​ភូមិ​បឹងកក់ ប្រមាណ ៥០ នាក់ មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ទី​ដែល​គណៈ​ប្រតិភូ មក​ពី​បណ្តា​ប្រទេស​ចំនួន​១២០ ដែល​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​កំពុង​ជួប​ប្រជុំ​ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ​នោះ​ឡើយ។

ប្រជា ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹងកក់ ដែល​នៅ​សេស​សល់​ប្រមាណ​ជាង ៦០ គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ចំណែក​ដី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី បាន​កាត់​ចេញ​ពី​ក្រុមហ៊ុន ចំនួន​១២,៤៤ ហិកតា​កាល​ពី​ឆ្នាំ ២០១១ សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ ខណៈ​ដែល​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក ឡាវ ម៉េងឃីន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន បាន​បូម​ខ្សាច់​កប់​ពន្លិច​ហើយ​ឈូស​កម្ទេច​ចោល ដោយ​ពុំ​ទាន់​បាន​ផ្តល់​សំណង​សមរម្យ​នៅ​ឡើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ចេះ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​ពេល​នេះ​។

នេះ ​បើ​តាម​អ្នក​ភូមិ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ ក្រុម​អ្នក​ភូមិ​បាន​និយាយ​ទៀត​ថា លោក ប៉ា សុជាតិវង្ស ដែល​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ជំនួស លោក កែប ជុតិមា កាល​ពី​ខែ​មេសា ហើយ​បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹងកក់​ឲ្យ​បាន ​ឆាប់ រហូត​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​ឃើញ​មាន​ការ​ដោះស្រាយ​អ្វី​លេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ​ដែរ ក្រៅ​ពី​ឲ្យ​ក្រុម​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ​ប្រជាជន​ដែល​មិន​ទាន់​ទទួល​បាន ​ចំណែក​ដី ហើយ​ក៏​ស្ងាត់​ឈឹង។



លោក ចាន់ ពុទ្ធិស័ក្ដិ តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​១ នៃ​សហគមន៍​បឹងកក់​ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​នៅ​ឡើយ​នោះ​ បាន​និយាយ​ថា តាម​គម្រោង​អ្នក​ភូមិ គ្រោង​អូស​រូប​ទីងមោង ដែល​តំណាង​ឲ្យ​មន្ត្រី​ពុករលួយ​ដើរ​ឆ្ពោះ​ទៅ​កាន់​ទីស្ដី​ការ​គណៈ​រដ្ឋ​ មន្ត្រី​ទី​ដែល​គណៈ​ប្រតិភូ​នៃ​សមាជិក គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក កំពុង​បើក​កិច្ច​ប្រជុំ។ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​បាន​ដាក់​កម្លាំង​រាប់​សិប​នាក់​បិទ​ផ្លូវ ​គ្រប់​ច្រក​ចេញ​ចូល​នៃ​សហគមន៍​នេះ។ ដោយ​ចេញ​មិន​រួច​ក្រុម​អ្នក​ភូមិ​ក៏​សម្រេច​ចិត្ត​យក​រូប​ទីងមោង​ទាំង​នោះ​ ទៅ​ដុត​កម្ទេច​ចោល​នៅ​លើ​វាល​ខ្សាច់​នៃ​អតីត​បឹងកក់។ លោក​ថ្លែង​ថា៖«​ក្រុម​អ្នក​តវ៉ា ចង់​ធ្វើ​ការ​ហែ​រូប​ទីងមោង​ទាំង​នោះ​ទៅ​តវ៉ា នៅ​មុខ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ដើម្បី​ស្វែង​រក​អន្តរាគមន៍ ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ការ​រាំង​ខ្ទប់​ដោយ​កម្លាំង​សមត្ថកិច្ច»។

លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ ម្សិលមិញ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​ភ្លាមៗ នៅ​ពេល​សាក​សួរ​អំពី​បញ្ហា​ការ​ដាក់​កម្លាំង​រាំង​ខ្ទប់​ការ​តវ៉ា​របស់​ ក្រុម​អ្នក​ភូមិ​បឹងកក់។ ប៉ុន្តែ នគរបាល​ខណ្ឌ​ដូនពេញ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ការ​រាំង​ខ្ទប់​អ្នក​ភូមិ​មិន​ឲ្យ​ចេញ​តវ៉ា​គឺ​ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ សន្តិសុខ​សាធារណៈ និង​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។

អ្នក ​ភូមិ​ម្នាក់​ទៀត អ្នក​ស្រី ផាន់ ឈុនរ៉េត ដែល​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ចំណែក​ដី​ដែរ​នោះ​បាន​និយាយ​ថា មន្ត្រី​អាជ្ញាធរ និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន បាន​ឃុប​ឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​រំលោភ​ទៅ​លើ​អនុក្រឹត្យ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ជុំវិញ​ការ​កាត់​ដី​ទំហំ​១២,៤៤​ហិកតា ចេញ​ពី​ផ្ទៃ​ដី​ក្រុមហ៊ុន សម្រាប់​ចែក​ជូន​អ្នក​ភូមិ​សង់​លំនៅឋាន​រស់នៅ។

អ្នក ​ស្រី​បាន​បន្ត​ថា៖«​រូប​ទីងមោង​ចំនួន​១១ក្បាល ដែល​យើង​ដុត​នៅ​លើ​វាល​ខ្សាច់​បឹងកក់ គឺ​តំណាង​ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ​ទាំង​នោះ។​ព្រោះ​តែ​ការ​ឃុប​ឃិត​គ្នា​ របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​មាន​សភាព​យឺត​យ៉ាវ និង​ស្មុគ​ស្មាញ ដែល​មក​ទល់​ពេល​នេះ​យើង​ខ្ញុំ​ជាង​៦០​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ ចំណែក​ដី​នៅ​ឡើយ​ទេ​»។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុម​មន្ត្រី​កំពុង​តែ​ធ្វើ​ការ​ដោះស្រាយ​ចំពោះ​សំណុំ​រឿង​ដី​ធ្លី​នៅ​ បឹងកក់​ដោយ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ស្ថិតិ​សាលាកបត្រ​អ្នក​ភូមិ៕