Thursday, June 20, 2013

លោក ហ៊ុន សែន ប្រកាស​កុំ​ឲ្យ​អ្នកលេងហ្វេស​ប៊ុក ​បោះឆ្នោត​ជូន​គណបក្ស​ប្រឆាំង​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ ប្រកាស​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក (Facebook) កុំ​​បោះ​ឆ្នោត​​ឲ្យ​​គណបក្ស​​ប្រឆាំ​ង ជាពិសេស​​បុគ្គល ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី​។​
នាយក​រដ្ឋ​មន្ត្រី ថ្លែង​បែប​នេះ ស្របពេល​ដែល​លោក បាន​​ប្រតិកម្ម​ទៅ​នឹង​​ការលើក​ឡើង​របស់​គណ​បក្ស​ប្រ​ឆាំង ដែល​និយាយ​ពី​ចំនួន​​អ្នក​គាំទ្រ​ ​លោក សម រង្ស៊ី មាន​ច្រើន​ជាង​​រូបលោក​។​
​ក្នុង​ពិធី​​សម្ពោធ​អគារសិក្សា​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល លោក​នាយក​​រដ្ឋមន្ត្រី មានប្រសាសន៍ថា ខុទ្ទកាល័យ​របស់​លោក​ថា លោក​​មិន​​មាន​​ Account​ ហ្វេ​ស​ប៊ុក​​​។ លោក​បន្តថា ពេល​ទំនេរ​របស់​លោក គឺ​សម្រាប់​​ការ​មើលសៀវភៅ ពិនិត្យ​​ឯកសារ និង​លេងអុក មិនមែន​សម្រាប់​ហ្វេស​ប៊ុក ដូច​​​លោក សម រង្ស៊ី​ ទេ ​៖ "អាបណ្ដាញទំ​ នាក់​ទំ​នង​សង្គម​ដែល​គេ​ហៅ​ថា​ ហ្វេសប៊ុក ថា​គេ​បាន​ឈ្នះ​ ហ៊ុន សែន​ ហើយ ដំបូង​ខ្ញុំ​ ករុ​ណា​ខ្ញុំលឺថាឥឡូវ​​ជិត​ឈ្នះ​ហើយ នៅ​ត្រឹម​​ពីរថ្ងៃទៀត​ឈ្នះ​​ហើយ​ ហ្វេស​ប៊ុក​​របស់​​គេ​ និង​ហ្វេសប៊ុក​​របស់​ ហ៊ុន​ សែន​ ឥឡូវ​ហ្វេសប៊ុករបស់​គេ​មាន​អ្នក​គាំ​ទ្រ​ច្រើន​ជាង​ហ្វេស​ប៊ុក​​របស់​ ហ៊ុន សែន  ឱព្រះ​ហើយ​ព្រះ រត់ប្រណាំងម្នាក់ឯង​ស្រែក​ជយោ​ទៅ​រួច​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​អត់​​មាន​ ហ្វេសប៊ុក អី​បន្ដិច មិន​​ដឹង​​កូន​​ក្មួយ​​ណា អ្នក​បង្កើ​ត​ហ្វេស​ប៊ុក​​ឲ្យ​ខ្ញុំ ករុណា​ខ្ញុំហ្នឹង ហើយ​មិន​មែន​តែ​មួយ​ទៀត​ លឺ​ថាច្រើន​ណាស់ ហ្វេស​ប៊ុក ហ៊ុន សែន ប៉ុន្ដែ​មិន​នឹក​ស្មាន​ថា​មនុស្ស​នេះ បែ​ជា​យក​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ទៅ​ប្រណាំង​ទាំង​ខ្ញុំព្រះ​ករុណាខ្ញុំ អត់​ដឹង​អី​ផង អញ្ចឹង​បាន​សេចក្ដី​​ថា​គាត់​រត់​លាន​អណ្ដាត​​ម្នាក់​​​ឯង រួច​​ហើយ​​ជ​យោ​អញ​ឈ្នះ​​ហើយ​ ក្នុងពេល​ខ្ញុំព្រះ​​ករុណា​ខ្ញុំ​ កំពុង​ដេក​ ឫលេង​អុក​ជាមួយ​អា​ត្រី​ប្រា" ។
ស្ដាប់សំឡេង   
​លោកនាយក​រដ្ឋមន្ត្រី​ បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្សប្រឆាំង ដោយសារ​គណបក្ស​ប្រឆាំង បាន​ប្រកាស​ថា​​ខ្លួន មិន​​ទទួល​យក​​លទ្ធផល​​ការ​បោះ​ឆ្នោត​។​
កាលពី​ថ្ងៃ​ទី​១៣​ខែមិថុនា  មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសថា លោក​ទទួលបាន​អ្នកគាំទ្រ នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុក​របស់​លោក​ច្រើនជាង អ្នកគាំទ្រ លោក ហ៊ុន សែន សម្រាប់​​ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​ដូចគ្នា​។​
ការប្រកាស​បែប​នេះ ផ្អែក​លើ​លទ្ធផល​នៃ​ការស្ទង់មតិ ដោយ​ការ​ចុច Like ឬ​ចូល​ចិត្ត ទៅលើ​គេហទំព័រ​ហ្វេ​សប៊ុក បេក្ខជន​នាយក​រដ្ឋមន្ត្រី​​ទាំងពីរ ដោយ​គិត​មក​ទល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ វេលា​ម៉ោង​៧ និង ៩​នាទី​។ លោក សម រង្ស៊ី បង្ហាញថា លោក​​ទទួលបាន​អ្នកគាំទ្រ ៦៧,៥៩៥​នាក់ គឺ​ច្រើន​ជាង ចំនួន​៣៤​នាក់ នៃ​អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អ្នកគាំទ្រ ៦៧,៥៦១​នាក់​នោះ​។​
​មួយ​ថ្ងៃ​មុន​ការប្រកាស​ឈ្នះ​នេះ លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យមាន​អ្នកគាំទ្រ​ជួយ​​ចុច like លើ​ហ្វេ​សប៊ុក​របស់​លោក​ឲ្យបាន​១​ពាន់​​នាក់​ទៀត ដើម្បី​ឈ្នះ លោក ហ៊ុន សែន ខណៈ​លោក​នៅ​ថ្ងៃទី​១១ មិថុនា ២០១៣ នៅ​ម៉ោង ១៥:៣៥  លោក ហ៊ុន សែន បាន​ទទួល អ្នកគាំទ្រ ៦៧,៤៨៩ "LIKE" ហើយ សម រង្ស៊ី បានទទួល ៦៣,៩០៤ "LIKE" ។​
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា អ្នកលេង​ហ្វេ​សប៊ុក​នៅ​កម្ពុជា សុទ្ធតែ​ជា​អ្នកចេះដឹង ដែល​នាំ​ឲ្យ​ពួកគេ​អាច​ដឹង​ពី​បញ្ហា​ទាំង​អស់​​នៅ​កម្ពុជា និង​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ដើរ​ផ្លូវខុស​ ​៖ "ដែល​លេង​ហ្វេសប៊ុក គឺជា​និសិ្សត​ បញ្ញាវន្ដ ជា​បងប្អូន​យុ​វជន​ដែល​គាត់​យល់​ដឹង​​អំពី​​បញ្ហា​សង្គម ហើយ​គាត់​ដឹង​ច្បាស់​ណាស់​ថា​ បើ​សិន​ទុក​មេ​ដឹក​នាំ​បច្ចុប្បន្ន​​​ឲ្យ​នៅ​កាន់​អំ​ណាចទៅទៀត គឺ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​បាន​ទេ​ ដូច​ជា​ បញ្ហា​ទឹក​ដី​ បញ្ហា​ជន​អន្ដោ​ប្រ​វេសន៍​ខុស​ច្បាប់​​ដែល​ហូរ​ចូល​មក​កម្ពុជា​ គ្មាន​ទី​បញ្ចប់​ ប្រព្រឹត្ដ​អំពើ​ពុក​រលួយ កាប់​បំផ្លាញ​ព្រៃ​ឈើ​ បំផ្លាញធនធាន​ធម្មជាតិ​ រឹប​អូស​​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ ឲ្យ​ប្រ​ជា​ពលរដ្ឋ​ត្រហូ​រយំ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ" ។
​សម្រាប់​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា មេដឹកនាំ​មួយ​គួរតែមាន​ Account ហ្វេ​សប៊ុក ដើម្បី​ការ​ឆ្លើយឆ្លង​ព័ត៌មាន​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ ​៖​ "តាម​ទូ​រទ​ ស្សន៍ សម្ដេច​ បាន​និយាយ​ច្រើន​ តែ​ប្រ​ជា​ពលរដ្ឋ​អត់​មាន​ឱកាស​ ក្នុង​​ការ​​ឆ្លើយ​តប​វិញ​ទេ ប្រសិ​ន​បើ​តាម​ហ្វេស​ប៊ុក ប្រជា​ពល​រដ្ឋ​អាច​មាន​ឱកាស ជា​ពិសេស​​ក្មេងៗ ដូច្នេះ​ជា​រឿង​មួយ​ កន្លែង​មួយ​ល្អ ហើ​យ​ខ្ញុំ​មើល​ទៅ​ លោក​​សម​ រង្ស៊ី ប្រៀបធៀប​រឿង​ហ្វេស​ប៊ុក​ហ្នឹង ខ្ញុំ​មើល​ទៅ​ដូច​ជា​ល្បែង​​កូន​ក្មេង ខ្ញុំ​ថា​មិន​មា​ន​អី​គួរ​ឲ្យ​ប្រៀប​​ធៀប​ទេ​ ប៉ុន្ដែ​រឿង​ហ្វេស​ប៊ុក​ហ្នឹង​វា​ល្អ​ដែរ​ សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​ ហើយ​សម្រាប់​អ្នក​នយោ​បាយ​ចូល​រួម​បាទ​" ។
​ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​​លើកឡើង​ថា បើសិនជា​លោក​ប្រើប្រាស់ Facebook វិញ លោក​នឹង​ទទួល​បាន​ការគាំទ្រ ការ​ចុច​Like ច្រើន​ជាង​លោក សម រង្ស៊ី ដូចដែល​IRI បាន​​ប្រកាស​ពី​លទ្ធផល​នៃ​ការស្ទង់មតិ​លើ​ប្រជា​ប្រិយ​ភាព​៕