Thursday, June 20, 2013

លួចលាក់​ស្នេហា​ជាមួយប្រុស​ក្មេង​នាំ​បក្ខពួក​មក​សម្លាប់​ប្តី​របស់ខ្លួន​ដល់​ក្នុងផ្ទះ​

ខេត្ដ​តាកែវ ៖  ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ សហការ​ជាមួយ​នគរបាល​ជំនាញ​ស្រុក​ទ្រាំង បាន​ធ្វើ​ការ​​ឃាត់​ខ្លួន​ស្ដ្រី​ជា​ប្រពន្ធ​ម្នាក់ ក្នុង ចំណោម​បក្ខពួក​៤​នាក់ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិត​នៅ​​ភូមិ​ព្រៃ​ផ្អាវ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ដ​តាកែវ បន្ទាប់ពី​ស្ត្រី​រូបនេះ​រួម​និង​បក្ខពួក​បានធ្វើ​សកម្មភាព វាយ​សម្លាប់​ប្តី​ខ្លួន​យ៉ាង​សាហាវឃោរឃៅ​។​


​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ដ្រី​សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ជួន សុភាព អាយុ​៣៦​ឆ្នាំ ។ រី​ឯ​​ជនរងគ្រោះ ឈ្មោះ​បូ ណូន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវ​ស្ដ្រី​ជា​ប្រពន្ធ​នាំ​ប្អូនធម៌​ម្នាក់ និង​បុរស​២ នាក់​ទៀត​មក​វាយ​សម្លាប់​ដល់​ផ្ទះ រួច​ចាប់​កូនប្រុស​ចាប់ចង​ស្លាបសេក​យក​កំណាត់​ញ៉ុ​ក​មាត់ រួច​ចាក់សោ​ទ្វារផ្ទះ​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល ។​

​ប្រភព​ដដែល​បាន​បន្តថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ខាងលើ​ដាច់ចិត្ត​សម្លាប់​ប្តី​បែបនេះ គឺ​ផ្តើមចេញពី​ស្ត្រី​ជា​ភរិយា​បាន​លួចលាក់​មាន​​ប្រុស​ថ្មី​នៅ​ខាងក្រៅ ទើប​រួម​សហការគ្នាជាមួយ​ប្អូនធម៌​ដែល​ប្រុស​ក្មេង​របស់ខ្លួន មក​សម្លាប់​ប្តី​ដើម្បី​បានរស់នៅ​ជាមួយគ្នា​ដោយ​គ្មាន​អ្នក​រំខាន​។

សូម​រំលឹកថា នៅ​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ វេលា​ម៉ោង​១១​យប់ ស្ដ្រី​ជា​ប្រពន្ធ​បាន​នាំ​ប្អូនធម៌​ម្នាក់​ឈ្មោះ ភ័ណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ស្រុក​គីរីវង់ និង​បុរស​២​នាក់​ផ្សេងទៀត​បាន​ជិះ ម៉ូតូ​៣​គ្រឿង​មក​ផ្ទះ ដោយ​ទុក​ម៉ូតូ​នៅ​លើ​ផ្លូវលំ​ចូល​វត្ដ​ព្រៃ​ផ្អាវ​ខាងត្បូង​ផ្ទះ ចម្ងាយ ៧០០​ម៉ែត្រ រួច​ក៏​នាំគ្នា​ដើរកាត់​វាលស្រែ​ទៅផ្ទះ ដោយ​មានតែ​ជនរងគ្រោះ​ជា​ប្ដី និង កូន​នៅផ្ទះ​តែ​២​នាក់​ប៉ុណ្ណោះ ។ នៅពេល​ចូលទៅ​ដល់ផ្ទះ ស្ដ្រី​ជា​ប្រពន្ធ​បានធ្វើ​ជា​សួរសុខទុក្ខ​ប្ដី រួច​ប្អូនធម៌​របស់គេ​បាន យក​ឈើ​ជ្រុង​វាយ​កញ្ចឹងក​ជនរងគ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​ទៅលើ​ដី រួច​ពួកគេ​បាន​យក​ខ្សែ​អង្រឹង​ចង​.​ក​ជនរងគ្រោះ​ព្យួរ ទៅ​លើ​​មេដំបូល​ផ្ទះ​ដើម្បី​បំបែរ​រឿង​ថា ជនរងគ្រោះ​ចង​.​ក​សម្លាប់​ខ្លួនឯង ។ ក្រោយពេល​សម្លាប់​ប្ដី​រួច​ស្ដ្រី​ជា​ប្រពន្ធ​និង​បក្ខពួក បាន​ចាប់​ចង​កូនប្រុស​របស់ខ្លួន​ឈ្មោះ ស៊ុន វណ្ណៈ អាយុ​១៤​ឆ្នាំ រួច​យក​កំណាត់​ញ៉ុ​ក​មាត់​មិនឱ្យ​ស្រែក​ទុក​នៅក្នុង​ផ្ទះ​ចាក់សោ​ទ្វារ​ពី​ ក្រៅ ហើយក៏​ដើរ​សំដៅទៅ​ម៉ូតូ​ជិះ​គេចខ្លួនបាត់ ។​

​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ដើម្បី ​ស៊ើប​សួររក​បក្ខពួក​បន្ត​ទៀត ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕
ប្រភពពី វត្តភ្នំ