ជើងខ្លាំងពូកែខាងផឹក ព្រឹកឡើងខ្យល់គស្លាប់ទាំងវ័យក្មេង
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសារតែប្រជាពលរដ្ឋបានប្រទះឃើញវ័យក្មេងម្នាក់បានដេកស្លាប់ដោយមិនដឹងមូលហេតុ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ លីហ្សា អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មុខរបរជាអ្នកលក់ទឹកត្នោតជូរ មានស្រុកកំណើតនៅម្តុំផ្សារព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌមានជ័យ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញក្មេងស្រីរងគ្រោះនិងមិត្តភក្តិស្រី-ប្រុស ៤-៥ នាក់ទៀត បាននាំគ្នាផឹកស៊ី តាំងពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ រហូតមកដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមិថុនា ទើបនារីរងគ្រោះទៅសម្រាក។
ខណៈពេលដែលចូលទៅដេកនោះ ស្ត្រីរងគ្រោះមានអាការៈខ្យល់ចាប់ដោយសារតែស្ថានភាពស្រវឹងជោកជាំខ្លាំងពេក ធ្វើឲ្យអ្នកស្នាក់នៅជាមួយបានជួយគក់ច្របាច់ សម្រួលសរសៃឲ្យ ទើបនាំគ្នាចូលទៅដេកបាត់ទៅ ។ ស្រាប់តែពេលព្រឹកឡើងទើបគេប្រទះនារីរងគ្រោះបានស្លាប់បាត់ទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយប៉ូលិសបច្ចេកទេសបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ។ ជាជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា នារីរងគ្រោះអាចស្លាប់ដោយសារតែរោគខ្យល់.គ។ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងតែព្យាយាមត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែមទៀត ទាក់ទិននឹងករណីស្លាប់ខាងលើនេះ៕